Monday, June 9, 2014

អាជ្ញាធរ​ថៃ​បង្កើន​ការ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ខុស​ច្បាប់​មក​កម្ពុជា​វិញ


ដោយ សួន សុផលមុន្នី
2014-06-09
RFA
ស្ដាប់ ឬ ទាញ​យក​សំឡេង 
ស្តាប់សំឡេង ថតសំឡេង
ពលរដ្ឋ​ខ្មែរ បញ្ជូន​ពី​ថៃ ៦១០
រថយន្ត​ទ្រុង​ថៃ ដឹក​ប្រជាពលរដ្ឋ​ខ្មែរ ឆ្លង​កាត់​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត យក​មក​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ​កាល​ពី​ថ្ងៃ​ទី​៧ មិថុនា ឆ្នាំ​២០១៤។ Provided Photo
ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ ចាប់​ក្នុង​រថយន្ត​ទ្រុង​ដឹក​បញ្ជូន​មក​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត មាន​ចំនួន​កើន​ឡើង។ កត្តា​ដែល​នាំ​ឲ្យ​មាន​ការ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​បញ្ជូន​មក​វិញ​ច្រើន​​នេះ ​គឺ​ដោយសារ​ស្ថានភាព​អាប់អួ​ក្រោយ​ពី​មាន​រដ្ឋ​ប្រហារ​ដោយ​កង​យោធា​ថៃ។ យោធា​ថៃ​ បាន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​សន្តិសុខ​ជាតិ​របស់​ខ្លួន។
ពលរដ្ឋ​កម្ពុជា​ដែល​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ និង​អ្នក​កំពុង​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ជា​ច្រើន​ពាន់​នាក់​កំពុង​ប្រឈម​ទៅ​ការ​ចាប់​ខ្លួន​ពី​សំណាក់​កងទាហាន​ថៃ បន្ទាប់​មក​អ្នក​ទាំង​នោះ​ត្រូវ​អាជ្ញាធរ​ថៃ ដឹក​បញ្ជូន​យក​មក​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ។
ការ​ចាប់​ខ្លួន​ជន​ចំណាក​ស្រុក​កម្ពុជា​នេះ កើត​មាន​ឡើង​ជា​បន្តបន្ទាប់ ក្រោយ​ពី​មាន​ព្រឹត្តិការណ៍​ទាហាន​ធ្វើ​រដ្ឋ​ប្រហារ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស៊ីវិល ក្ដោបក្ដាប់​អំណាច​រួច​​មក។ ប្រភព​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ ថ្លែង​ថា កងទាហាន​ថៃ បាន​ដើរ​ល្បាត​និង​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ដាក់​ក្នុង​រថយន្ត​ជា​រៀងរាល់​ថ្ងៃ។
សកម្មភាព​នេះ​បាន​ធ្វើ​ពលរដ្ឋ​កម្ពុជា ដែល​ជា​អ្នក​ចំណាក​ស្រុក​ទៅ​ការងារ​ក្នុង​ប្រទេស​ថៃ នោះ មាន​ការ​ភ័យ​ខ្លាច ហើយ​នាំ​គ្នា​សម្ងំ​លាក់​ខ្លួន៖ «ទាហាន​ចុះ​មក​ចាប់​ច្រើន​ណាស់​ មិន​ដែល​ហ៊ាន​ដើរ​ផល ឥឡូវ​ទាហាន​ចុះ​ឡើង​ពេញ​ហ្នឹង អ្នក​ខ្លះ​គេ​ចាប់​បាន​អ៊ីចឹង​ទៅ អ្នក​ធ្វើការ​រើស​ត្រី​រើស​អី​ហ្នឹង​ម្សិលមិញ​គេ​ទើប​ចាប់​ដាក់​ឡាន​ឡើង​មួយ​ឡាន​ខ្ញុំ​ឃើញ​ចាប់​ខ្មែរ»
ពលរដ្ឋ​ខ្មែរ បញ្ជូន​ពី​ថៃ ៦១០
រថយន្ត​ទ្រុង​ថៃ ដឹក​ប្រជាពលរដ្ឋ​ខ្មែរ ឆ្លង​កាត់​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត យក​មក​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ​កាល​ពី​ថ្ងៃ​ទី​៧ មិថុនា ឆ្នាំ​២០១៤។ Provided Photo

ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​គេ​ចាប់​ខ្លួន​ទាំង​នោះ​ ត្រូវ​បាន​អាជ្ញាធរ​ថៃ ដឹក​បញ្ជូន​តាម​រថយន្ត​ទ្រុង​មក​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត។ ប្រជាពលរដ្ឋ​រស់​នៅ​ក្រុង​ប៉ោយប៉ែត កត់​សម្គាល់​ថា កាល​ពី​ល្ងាច​ថ្ងៃ​ទី​៧ ខែ​មិថុនា មាន​រថយន្ត​ថៃ ជា​ច្រើន​គ្រឿង​បាន​ដឹក​ជញ្ជូន​ពលរដ្ឋ​ខ្មែរ​ មក​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ។
ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​ដាក់​ក្នុង​រថយន្ត​ ដែល​មាន​ទ្រុង​ដែន​ចាក់​សោ​ជាប់​ពី​ខាង​ក្រៅ៖ «ច្រើន​ជាង​មុន​ម្សិលមិញ​ឃើញ​ច្រើន​ពេល​ល្ងាច​ប្រហែល​ជា ៥​ឡាន​ក្នុង​មួយ​ឡាន​មាន​ចំនួន​ជាង ៥០​នាក់​ទៅ​ជាង ៧០​នាក់ ពេល​យើង​សួរ​ពួក​គាត់​អ្នក​ខ្លះ​ឆ្លើយ​ថា តម្រួត​ចាប់​អ្នក​ខ្លះ​ទៀត​គាត់​ថា គាត់​ដើរ​មក​គាត់​អស់​លិខិត​ឆ្លង​ដែន​គាត់​ដើរ​មក​តាម​ផ្លូវ​ដើម្បី​មក​ផ្ទះ​អី​ហ្នឹង ឲ្យ​លុយ​គេ​ទៀត​បាន​គេ​ដាក់​យក​មក​អស់​លុយ​ប្រហែល ២​ពាន់​បាត​បាន គេ​ដឹក​មក​ដល់​កន្លែង​យើង​នេះ»
កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា កន្លង​ទៅ​កងទាហាន​ថៃ​ ជូន​ដំណឹង​មក​ភាគី​កម្ពុជា ពី​ការ​បិទ​ច្រក​របៀង​នានា​នៅ​តាម​ខ្សែ​ក្រវាត់​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​កម្ពុជា។ ទន្ទឹម​គ្នា​នេះ​ កង​ទាហាន​ថៃ​ បាន​បង្កើន​ការ​ឆែកឆេរ​ទៅ​លើ​រថយន្ត​ និង​ត្រួត​ពិនិត្យ​លើ​ឯកសារ​របស់​ពលរដ្ឋ​កម្ពុជា​ ដែល​​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ច្រក​ទ្វារ​អន្តរជាតិ និង​ច្រក​តំបន់​នានា​ ចូល​ទៅ​ក្នុង​ប្រទេស​ថៃ។
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ លោក គោ ស៊ុំសារឿត មាន​ប្រសាសន៍​ថា កង​ទាហាន​ថៃ ក្រោយ​ពី​បាន​បិទ​ច្រក​របៀង​នានា​ជាមួយ​ប្រទេស​កម្ពុជា ​រួច​មក​ ពួកគេ​ស្នើ​ឲ្យ​ពលរដ្ឋ​កម្ពុជា ត្រូវ​មាន​ឯកសារ​ឆ្លង​ដែន​ត្រឹមត្រូវ​តាម​ច្បាប់​នៅ​ពេល​មាន​បំណង​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ។ យ៉ាង​ណា​ក៏​ដោយ​ គេ​កត់សម្គាល់​ឃើញ​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ចំនួន​ពលរដ្ឋ​កម្ពុជា ​ដែល​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​វិញ​មាន​ចំនួន​កើន​ឡើង។
លោក​អភិបាល​ខេត្ត​កត់​សម្គាល់​ថា ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា ដែល​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​វិញ​ មាន​អ្នក​ខ្លះ​ភ័យ​ខ្លាច​ពី​ស្ថានភាព​វឹកវរ​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​ពួកគេ​ពុំ​មាន​ឯកសារ​ស្នាក់​នៅ​ស្រប​ច្បាប់ ក៏​ប្រគល់​ខ្លួន​ឲ្យ​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​បញ្ជូន​មក​វិញ​តែ​ម្ដង៖ «គេ​បាន​រំលឹក​យើង​ច្រើន​ដង​ហើយ អ្នក​ដែល​ឆ្លង ឬ​ទៅ​ធ្វើ​ការ​នៅ​ថៃ ឲ្យ​ទៅ​មាន​ច្បាប់ មាន​ឯកសារ​ទៅ​ធ្វើការ យើង​ក៏​រំលឹក​គាត់​យើង​អ៊ីចឹង​ដែរ។ កាល​ណា​ច្រក​របៀប​បិទ​ហើយ​កាល​ណា​ឆ្លង​​ចេញ​ចូល​តាម​ច្រក​អន្តរជាតិ យើង​ពិនិត្យ​លើ​លិខិត​ឆ្លង​ដែន​លើ​ឯកសារ​អ្នក​ទៅ​ធ្វើការ​ ហើយ​យើង​បាន​ជំរុញ​កែ​លំអ​គាត់​ហើយ អ្នក​ទៅ​ជាប់​ណាត់​ពេល​អី​ទេ ហើយ​បើ​អ្នក​ធ្វើ​ការ ​អ្នក​ម៉ៅការ​សំណង់​ឲ្យ​គេ»
រហូត​មក​ដល់​ពេល​នេះ​ គេ​នៅ​ពុំ​បាន​ដឹង​ពី​ចំនួន​ពលរដ្ឋ​ខ្មែរ​ជាក់​លាក់​ដែល​អាជ្ញាធរ​ចាប់​បញ្ជូន​យក​មក​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា នោះ​ទេ ​ប៉ុន្តែ​ប្រធាន​មជ្ឈមណ្ឌល​សំចត​ប៉ោយប៉ែត​ លោកស្រី ឈា ម៉ានិត បញ្ជាក់​ថា បើ​ប្រៀប​ធៀប​ចំនួន​ពលរដ្ឋ​ខ្មែរ​ ដែល​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នៅ​ឆ្នាំ​២០១៤ នេះ ​មាន​ការ​ថយ​ចុះ​ជាង​ឆ្នាំ​២០១៣៖ «ចាប់​ពី​ប្រទេស​ថៃ គេ​មាន​បញ្ហា​នយោបាយ​មក​ មាន​ចំនួន​ច្រើន​យើង​បិទ​ព្រំដែន​ផ្សេងៗ​ទៀត អ៊ីចឹង​មក​ផ្លូវ​អន្តរជាតិ​ច្រើន​ នៅ​ក្នុង​ឧសភា និង​ដើម​ខែ​មិថុនា​នេះ​ យើង​មាន​ចំនួន​វិល​ត្រឡប់​មក​ច្រើន​វិញ​ច្រើន​ដោយសារ​ថា ខាង​ថៃ​គេ​បិទ​របៀង​តូចតាច​អី​ហ្នឹង អត់​ឲ្យ​ចេញ​មក​តាម​ហ្នឹង​ គឺ​ចេញ​មក​តាម​ផ្លូវ​ត្រង់​​និយាយ​រួម​អ្នក​អត់​មាន​លិខិត​ឆ្លង​ដែន​គាត់​ភ័យខ្លាច​គាត់​ត្រឡប់​មក​វិញ​ច្រើន»
លោកស្រី​បន្ត​ថា កាល​ពី​ឆ្នាំ​២០១៣​ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ ​ភាគ​ច្រើន​បាន​វិល​ត្រឡប់​មក​ទឹក​ដី​កម្ពុជា​វិញ​ តាម​ច្រក​របៀង​ច្រើន​ហើយ​ពួកគេ​រួច​ផុត​ពី​ការ​ចាប់​ខ្លួន​ពី​សំណាក​សមត្ថកិច្ច​ថៃ​ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៤​នេះ​ ប្រទេស​ថៃ​មាន​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​រហូត​មាន​ការ​បិទ​ច្រក​របៀង​ថែម​ទៀត​ ធ្វើ​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​ ដែល​ជា​អ្នក​​ឆ្លង​ដែន​មិន​ស្រប​ច្បាប់​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ នោះ ប្រឈម​ទៅ​ការ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​ ហើយ​ពួកគេ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​បញ្ជូន​តាម​រថយន្ត​កាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត យក​មក​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons