យុវជន​សម្ព័ន្ធ​កូន​ខ្មែរ​អ្នកស្នេហាជាតិ ដែល​ជា​ម្ចាស់​បណ្តឹង​ប្តឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ករណី​ធ្វើឲ្យ​បាត់កោះ​មួយចំនួនទៅលើ​ប្រទេស​វៀតណាម នឹង​ទៅ​សាលាឧទ្ធរណ៍​នៅ​ថ្ងៃស្អែក ដើម្បី​សួរនាំ​ពី​ដំណើរការ​អនុវត្ត​បណ្តឹង បន្ទាប់ពី​បាន​ទទួលដំណឹង​ថា​បណ្តឹង​របស់​លោក​បាន​បញ្ជូន​ទៅ​សាលាឧទ្ធរណ៍​ហើយ​នោះ​។​
​យុវជន​មក​ពី​សម្ព័ន្ធ​កូន​ខ្មែរ​អ្នកស្នេហាជាតិ លោក នាង សុ​ឃុន ឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក​បាន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​សួរនាំ​ពី​ពាក្យបណ្តឹង​របស់​លោក ដែល​បាន​ប្តឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ករណី​ធ្វើឲ្យ​បាត់​កោះត្រល់ និង​កោះ​ក្រចកសេះ ប៉ុន្តែ​ក្រឡាបញ្ជី បាន​ប្រាប់​លោក​ថា សំណុំរឿង​នេះ​បាន​បញ្ជូន​ទៅ​សាលាឧទ្ធរណ៍​យូរហើយ​។​
neang-sokhon-140507--oudom--2014-06-09
លោក នាង​ សុឃុន ​យុវជន​មក​ពី​សម្ព័ន្ធ​កូន​ខ្មែរ​អ្នកស្នេហាជាតិ (រូបថត៖ តាត ឧត្តម)
​លោក​នាង សុ​ឃុន បន្តថា នៅ​ថ្ងៃស្អែក​ម៉ោង​៩​ព្រឹក លោក​នឹង​ទៅ​សាលាឧទ្ធរណ៍​ដើម្បី​សួរនាំ និង​ជំរុញ​ឲ្យ​តុលាការ​ពន្លឿ​ននីតិវិធី​បណ្តឹងរប​ស់​លោក​ឲ្យបាន​ឆាប់​។ លោក​ព្រមាន​ថា លោក​រួម​នឹង​បណ្តា​យុវជន​ផ្សេង​ទៀត​នឹង​ធ្វើ​បាតុកម្ម ប្រសិន​ជា​តុលាការ​មិន​មាន​ចំណាត់ការ​ណា​មួយ​លើ​ពាក្យបណ្តឹង​របស់​លោក​ទេនោះ ព្រោះ​ករណីនេះ​ជា​រឿង​របស់​ជាតិ​ទាំងមូល​។​
​កាលពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៤ យុវជន​សម្ព័ន្ធ​កូន​ខ្មែរ​អ្នកស្នេហាជាតិ​រូបនេះ បាន​ដាក់​ពាក្យបណ្តឹង​ប្តឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើ​ករណី​ធ្វើឲ្យ​បាត់​កោះត្រល់ និង​កោះ​ក្រចកសេះ ទៅ​ឲ្យ​ប្រទេស​វៀតណាម ប៉ុន្តែ​បណ្តឹង​របស់​លោក​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​រឿង​ទុក​ឥត​ចាត់ការ ទើប​លោក​បន្ត​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាឧទ្ធរណ៍​ទៀត​។​
​តែ​ទោះជា​យ៉ាងណា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ចូល​បំភ្លឺ​ក្នុង​រដ្ឋសភា​ថា ការបាត់បង់​កោះត្រល់ គឺ​បាត់​តាំងពី​ឆ្នាំ​១៩៣៩ មកម្ល៉េះ នៅពេល​ដែល​កម្ពុជា​នៅ​ក្រោម​អាណានិគម​បារាំង ហើយ​ត្រូវបាន​លោក Previe(​ប្រេវី​យេ​) ជនជាតិ​បារាំង​ជា​អ្នកគ្រប់គ្រង​នៅ​តំបន់​ឥណ្ឌូចិន បាន​កាត់​កោះ​នោះ​ឲ្យ​វៀតណាម​៕ ប្រភពពត៌មាន ៖ VOD