Sunday, June 1, 2014

ខឹង​ឪពុក​ម្តាយ​​ទៅ​ភ្នំ​ពេញ ទុក​ឲ្យ​នៅ​ផ្ទះ​ម្នាក់​ឯង ដុត​ផ្ទះ​ចោល​ឆេះ​​ខ្ទេច​ទាំង​​ស្រុង


ថ្ងៃទី​ 02 ខែមិថុនា ឆ្នាំ2014, ម៉ោង 10:55 AM ដោយ ៖ ចាន់ សុខលន់

ក្រុងប៉ោយប៉ែត៖ ផ្ទះ​មួយ​ខ្នង ត្រូវ​បាន​ព្រះ​អគ្គី​លេប​ត្របាក់​អស់​ទាំង​ស្រុង ដោយ​សារ​កូន​ប្រុស ដែល​ជា​មនុស្ស​ញៀន​ថ្នាំ​ម្នាក់ បាន​ដុត​ព្រោះ​តែ​ខឹង​ឪពុក​ម្តាយ​មិន​ឲ្យ​​ទៅ​លេង​​ភ្នំ​ពេញ​ជា​មួយ ។ អគ្គិ​ភ័យ​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៩ និង​៥០​​នាទី ​ព្រឹក​ថ្ងៃ​ទី​១ មិថុនា ២០១៤ ស្ថិត​ក្នុង​ភូមិ​និមិត្ត​៤ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ​ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា កូនប្រុសកំហូចនោះឈ្មោះ មុំ វាសនា អាយុ៣៤ឆ្នាំ រស់នៅភូមិ-សង្កាត់ កើតហេតុខាងលើ បានខឹងម្តាយឪពុក មិនឲ្យ​គេទៅភ្នំពេញជាមួយ ធ្វើឲ្យរូបគេខឹង ក៏យកភ្លើងដុតផ្ទះខ្លួនឯង ដែលមានទំហំ៧ គុណ៨ម៉ែត្រ ប្រក់ស័ង្កសីឆេះម៉ត់តតែម្តង ។
លោក ម៉ា រិន មេប៉ុស្តិ៍រដ្ឋាបាលនិមិត្តបានប្រាប់ឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីភ្លើងឆេះផ្ទះ លោកក៏​បញ្ជាកម្លាំងភ្លាម ដើម្បីទៅ​ពន្លត់ភ្លើង ដោយសារផ្ទះកើតហេតុ មានសភាពផ្លូវចង្អៀត ពិបាកឲ្យរថយន្តចូលទៅ បានត្រឹមតែប្រជាពលរដ្ឋ និងសមត្ថកិច្ច ជួយយកទឹកជះពន្លត់ តែដោយភ្លើង​ឆះខ្លាំងឡើងៗ ក៏មិន​អាចជួយសង្គ្រោះបានទេ បណ្ដាលឲ្យព្រះអគ្គី លេបត្របាក់យកផ្ទះមួយខ្នងខាងលើ ឆេះ​ខ្ទេចទាំងស្រុង ។
ប្រភពដដែលបន្ដថា ក្រោយពីដុតផ្ទះហើយ ជនសង្ស័យបានកាន់កាំបិតព្យាយាមគេចខ្លួន តែត្រូវសមត្ថកិច្ចព័ទ្ធចាប់ផងដែរ ។
គួរបញ្ជាក់ថា ករណីខាងលើនេះ សមត្ថកិច្ចមិនទាន់ដឹងថា ទំហំនៃខូចខាតទ្រព្យសម្បតិ្ត គិតជាទឹកប្រាក់ប៉ុន្មាននៅឡើយទេ ហើយក៏​ជា​តែ​សំណាងល្អដែរ ដោយពុំ​មាន​នរណាម្នាក់ រងរបួសអ្វីនោះឡើយ ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons