Monday, June 2, 2014

វិទ្យុអាស៊ីសេរី - អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បណ្ដេញ​ពលរដ្ឋ​ថៃ​ចូល​ភ្ជួរ​លើ​ដី​ខ្មែរ


កងវរសេនាតូច​ការពារ​ព្រំដែន ៩១១ បាន​ធ្វើ​កិច្ច​អន្តរាគមន៍​ភ្លាមៗ​បណ្ដេញ​ឲ្យ​ភាគី​ថៃ ដក​ត្រាក់ទ័រ​ភ្ជួរ​ដី​ចំនួន ៦​គ្រឿង​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន​វិញ។
ត្រាក់ទ័រ​ទាំង​ ៦​គ្រឿង​នោះ​ត្រូវ​បាន​ពលរដ្ឋ​ថៃ បើក​ចូល​មក​រំលោភ​បំពាន​លើ​ទឹក​ដី​កម្ពុជា ហើយ​បាន​ធ្វើ​សកម្មភាព​ភ្ជួរ​ដី​ស្រែ​នៅ​ក្បែរ​បង្គោល​ឡាក់​ព្រំដែន​លេខ​៤៣ ​ឋិត​នៅ​ភូមិសាស្ត្រ​ឃុំ​អូរបីជាន់​ ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ។
អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​​​ទប់ស្កាត់​សកម្មភាព​គ្រឿងចក្រ​របស់​ពលរដ្ឋ​ថៃ ចំនួន ៦​គ្រឿង​ ដែល​បាន​លប​ចូល​មក​ធ្វើ​សកម្មភាព​ភ្ជួរ​ដី​ស្រែ​នៅ​ក្បែរ​បង្គោល​ឡាក់​ព្រំដែន​ខ្មែរ-​ថៃ លេខ​៤៣ ក្នុង​ភូមិ​សាស្ត្រ​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ លោក គោ ស៊ុំសារឿត បញ្ជាក់​នៅ​ថ្ងៃ​ទី​២​ ខែ​មិថុនា​ ថា ​វិធានការ​នេះ​ បាន​ធ្វើ​ឡើង​ដោយ​យោង​លើ​លិខិត​របស់​ក្រសួង​មហាផ្ទៃ ប្រទេស​កម្ពុជា​ ដែល​បាន​សម្រេច​ហាម​ឃាត់​មិន​ឲ្យ​ភាគី​ណា​មួយ​ធ្វើ​សកម្មភាព​ប៉ះពាល់​នៅ​ដី​ឋិត​ក្បែរ​បង្គោល​ឡាក់​ព្រំដែន​លេខ​៤៣​នោះ​ឡើយ៖ «ព្រោះ​មាន​ឯកសារ​ពី​ក្រសួង​មហាផ្ទៃ ណែនាំ​យើង​មិន​អនុញ្ញាត​ឲ្យ​គាត់​ធ្វើ​ទៀត​ទេ​ ហើយ​អនុវត្ត​តាម​លិខិត​ហ្នឹង​ដោយ​ប្រគល់​ភារកិច្ច​ឲ្យ​​អង្គភាព​ឈរ​ជើង​នៅ​ជុំវិញ​ចំណុច​ហ្នឹង​សហការ​គ្នា ហើយ​យើង​បាន​ជូន​ដំណឹង​ទៅ​អង្គភាព​ថៃ ដែល​ឈម​ពី​មុខ​យើង​ប្រាប់​ឲ្យ​គេ​ដឹង​ថា យើង​មាន​ការ​សម្រេច​ពី​ក្រសួង​មហាផ្ទៃ​ហើយ​ បើ​គេ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ឲ្យ​គេ​ប្ដឹង​ទៅ​រដ្ឋាភិបាល​គេ រដ្ឋាភិបាល​ថៃ ប្ដឹង​តវ៉ា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ទៅ»
កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ​ឆ្នាំ​២០១៤​ ត្រាក់ទ័រ​របស់​ពលរដ្ឋ​ថៃ​ទាំង ៦​គ្រឿង​ បាន​លប​ចូល​មក​ធ្វើ​សកម្មភាព​ភ្ជួរ​ដី​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​ក្បែរ​បង្គោល​ឡាក់​លេខ​៤៣​ ដោយសារ​សំអាង​ថា ដី​ទំហំ​ជាង ២០០​ហិកតារ​នោះ​ពលរដ្ឋ (កសិករ​ថៃ) ធ្លាប់​បាន​ចូល​មក​កាន់កាប់​ធ្វើ​ស្រែ​នា​រយៈពេល​កន្លង​មក។
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ លោក គោ ស៊ុំសារឿត សង្កត់​ធ្ងន់​ថា ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ពុំ​មាន​សិទ្ធិ​នៅ​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​លើ​ករណី​ដី​ធ្លី​នៅ​ក្បែរ​បង្គោល​ឡាក់​លេខ​៤៣ ​នោះ​ទេ ប៉ុន្តែ​អាជ្ញាធរ​មាន​កាតព្វកិច្ច​ក្នុង​ការ​ការពារ។
មេ​បញ្ជាការ​កងវរសេនាតូច​ការពារ​ព្រំដែន​៩១១ លោក សូ ចាន់ណារី បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា កងកម្លាំង​ការពារ​ព្រំដែន​ជួរ​មុខ​របស់​លោក​បាន​ចាត់​វិធានការ​ហាមឃាត់​គ្រឿងចក្រ​របស់​ពលរដ្ឋ​ថៃ នោះ​ភ្លាមៗ​ តាម​បទ​បញ្ជា​ថ្នាក់​លើ។ ត្រាក់ទ័រ​ទាំង ៦​គ្រឿង​របស់​ពលរដ្ឋ​ថៃ​នោះ​ បាន​សុខ​ចិត្ត​ដក​ថយ​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន​វិញ​ ដោយ​ពុំ​មាន​ការ​តវ៉ា​នោះ​ឡើយ៖ «ថ្នាក់​លើ​ដាក់​បទ​បញ្ជា​ថា ផ្អែក​លើ​លិខិត​របស់​ក្រសួង​មហាផ្ទៃ អ៊ីចឹង​តម្រូវ​ឲ្យ​យើង​ទប់​ស្កាត់​កុំ​ឲ្យ​គាត់​ភ្ជួរ​បន្ត​ទៀត រង់ចាំ​ការ​ដោះស្រាយ​ក្រោយ»
ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក ប្រជាពលរដ្ឋ​ថៃ ​ធ្លាប់​បាន​កាន់កាប់​បង្ក​បង្កើន​ផល​ស្រូវ​នៅ​លើ​ផ្ទៃ​ដី​ទំហំ​ជាង ២០០​ហិកតារ​ក្បែរ​បង្គោល​ឡាក់​ព្រំដែន​ខ្មែរ-​ថៃ លេខ​៤៣​នោះ​ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​ថា ​ដី​នៅ​ចំណុច​នោះ​ឋិត​នៅ​ក្នុង​បូរណភាព​ទឹក​ដី​កម្ពុជា។
លោក វ៉ា គឹម ហុង ​ទេសរដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​ ធ្លាប់​បាន​បញ្ជាក់​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា បង្គោល​ឡាក់​លេខ​៤៣ និង​ដី​ដែល​ពលរដ្ឋ​ថៃ ទាមទារ​នោះ​ គឺ​ភាគី​ទាំង​ពីរ (កម្ពុជា-ថៃ) បាន​ឯកភាព​គ្នា​ជា​ផ្លូវ​ការ​រួច​ហើយ។ ចំណែក​ឯ​ដី​ទំហំ​ជាង ២២៦​ហិកតារ​ដែល​ពលរដ្ឋ​ថៃ ធ្លាប់​ធ្វើ​ស្រែ​នោះ​គឺ​ឋិត​នៅ​បូរណភាព​ទឹក​ដី​កម្ពុជា។ លោក​បញ្ជាក់​ថា បញ្ហា​ព្រំដែន​នៅ​ត្រង់​បង្គោល​ឡាក់​លេខ​៤៣ នោះ ភាគី​គណៈកម្មការ​ព្រំដែន​ចម្រុះ​កម្ពុជា​ថៃ បាន​ឯកភាព​គ្នា​រួច​រាល់​ហើយ​ ពុំ​មាន​បញ្ហា​អ្វី​ដែល​សេសសល់​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

*** កំណត់សម្គាល់ ***
ព័ត៍មាននេះ ផ្សព្វផ្សាយ ជាសាធារណៈ នៅ ម៉ោង16:04 ថ្ងៃទី02 ខែ06 ឆ្នាំ2014 ដោយ គេហទំព័រ សារព័ត៌មាន​ខ្មែរ វិទ្យុអាស៊ីសេរី ។ សូមបញ្ចាក់ថា ទិន្នន័យខាងលើ អាចត្រូវបាន កែប្រែរ ឬ លុប ដោយ ម្ចាស់នៃព័ត៍មាន ហើយ Khmer-News.Org មិនមែនជាភាគីគ្រប់គ្រង ឬ ទទូលខុសត្រូវឡើយ។ អំពី បញ្ហាផ្សេងៗ ឬ កំរិតជំនឿទុកចិត្ត នៃ ព័ត៍មាននេះ សូមទាក់ទង ទៅ សារព័ត៌មាន  វិទ្យុអាស៊ីសេរី 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons