ព្រះសង្ឃ និង​និស្សិត ប្រកាស​ធ្វើ​បាតុកម្មអហិង្សា​ប្រឆាំង​នឹង​ការ​វាយកម្ទេច​ក្លោងទ្វារ​ពុទ្ធ​សា​សន​បណ្ឌិតនៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភានេះដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាលបញ្ឈប់​ការលក់​ទ្រព្យសម្បត្តិ​រដ្ឋ​ទៅឲ្យ​ក្រុមហ៊ុន​ឯកជន​។​
​នៅមុខ​ក្លោងទ្វារ​ពុទ្ធសាសនបណ្ឌិត្យ ដែល​កំពុង​ត្រូវបាន​វាយកម្ទេច នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ប្រធាន​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម ព្រះ​តេជគុណ ប៊ុត ប៊ុន​ទិញ មាន​សង្ឃដីកា​ថា បើ​រដ្ឋាភិបាល​នៅ​តែ​ធ្វើបែបនេះ អគារ​របស់​រដ្ឋ​ផ្សេងៗ​ទៀត​នឹង​បាត់បង់​ជា​បន្តបន្ទាប់​។ ព្រះអង្គ​បន្ត​ថា នឹង​ដឹកនាំសិស្ស និស្សិត និង​ពុទ្ធសាសនិក ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​សកម្ម​ភាព​នេះ​ «អាត្មាមកឃ្លាំមើល ថាគេនៅតែបន្តឬក៏គេឈប់ ប៉ុន្តែឥឡូវនេះឃើញសកម្មភាពគេនៅតែបន្ត អ៊ីចឹងយុទ្ធសាស្រ្តរបស់ព្រះសង្ឃ ទូទាំងប្រទេសអាត្មានឹងខិតខំប្រឹងធ្វើ គឺធ្វើយ៉ាងណា តស៊ូ និងធ្វើបាតុកម្ម នៅថ្ងៃ២៩ ខែឧសភានេះ។»
M-religion-2014-05-27
​និស្សិត​ឆ្នាំ​ទី​៤​នៅ​សាកលវិទ្យាល័យ​មួយ​ក្នុង​រាជធានី លោក រី​ន រ៉េ​ន មានប្រសាសន៍ថា ពុទ្ធសាសនបណ្ឌិត្យ​ជា​បណ្ណា​ល័យ រក្សា​ឯកសា​រដ៏ច្រើន​សម្រាប់​សិស្ស និស្សិត​សិក្សា​ស្រាវជ្រាវ ប៉ុន្តែ​រហូត​មកដល់ពេលនេះ​ត្រូវបាន​សមត្ថ​កិច្ច​បិទ​មិន​ឲ្យ​ចូល​នោះទេ ដោយ​អះអាង​ថា ក្លោងទ្វារ​របង​កំពុងតែ​ជួសជុល​។​
​លោក​យល់ថា ទៅ​ថ្ងៃ​អនាគត​អាច​នឹង​បាត់បង់​ពុទ្ធសាសនបណ្ឌិត្យ​ទាំងមូល​តែ​ម្តង ខណៈ​ការជួសជុល​ក្លោង​ទ្វារ​នេះ​ហាក់ដូចជា​ចម្លែក​ខុស​ពី​ធម្មតា ព្រោះ​មាន​សមត្ថកិច្ចច្រើន​យាម​ការពារ​យ៉ាង​តឹងតែង «ពេលដែលគេបិទទៅ ធ្វើឲ្យមានផលវិបាក ខ្ញុំទៅរកកន្លែងផ្សេងៗ ពិបាកក្នុងការស្រាវជ្រាវឯកសារ ពិសេសទាក់ទងនឹងពុទ្ធសាសនា និងប្រពៃណី ព្រោះខ្ញុំចូលចិត្តអានព្រះពុទ្ធសាសនា និងប្រពៃណី ចូលចិត្តយល់ដឹង អ៊ីចឹងពិបាកក្នុងការស្វែងរកសំណៅឯកសារទាំងអស់នោះ។»
VOD មិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​រដ្ឋមន្ត្រី​ក្រសួង ធម្មការ​និង​សាសនា លោក មិន ឃិន បានទេនៅ​ថ្ងៃ​អង្គារ​នេះ​។ តែ​តាម​​ព័ត៌មាន​ក្នុងស្រុក​ឲ្យដឹងថា កាល​ពី​ថ្ង​ទី​៧ខែ​ឧសភា លោក មិន ឃិន បាន​ចេញ​លិខិត​មួយ​អនុញ្ញាតឲ្យ​រុះរើ​ក្លោងទ្វារ និង​របង​ពុទ្ធសាសនបណ្ឌិត្យ ដើម្បី​សម្រួល​ដល់​ការសាងសង់​ផ្លូវ​ក្រោម​ដី​របស់​ក្រុមហ៊ុន​ណាហ្គា​វើល ចៀស​វាង​ការបាក់​រលំ​ជាយថាហេតុ​។​
​ប្រធាន​មជ្ឈមណ្ឌល​ជាតិ និង​សីលធម៌​សង្គម លោក ប៉ូ សំណាង បង្ហាញ​ការសោកស្តាយចំពោះ​ការ​វាយ​ក្លោងទ្វារ​ពុទ្ធសាសនបណ្ឌិត្យ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ណាហ្គា​វើល​ធ្វើ​ផ្លូវ​ក្រោម​ដី​នេះ​។ លោក​ថា បើ​រដ្ឋាភិការ​អភិវឌ្ឍបែបនេះ មិន​រីក​ចម្រើន​​នោះទេ​ «អភិវឌ្ឍន៍ វាដើរទន្ទឹមនឹងអភិរក្ស ហើយប្រសិនណាយើងធ្វើអ៊ីចឹងបាន ថ្ងៃណាមួយគេកម្ទេចអ្វីៗសព្វបែបយ៉ាងគ្មានអ្វីសល់ទុក ដែលយើងខំប្រឹងប្រែងទាំងអស់គ្នាទេ យើងខំប្រឹងប្រែងជួយជាតិយើង ទីបំផុតយើងអត់មានអ្វីសម្រាប់អួតកូនចៅ ចៅទួតហើយជំនាន់ក្រោយថាប៉ាធ្លាប់ធ្វើអ៊ីចឹងៗ។ អត់មានផង វាទៅជាឈ្មោះអ្នកផ្សេង ដល់ពេលម្នាក់មួយមកទៀត កម្ទេចអាហ្នឹងចេញ ទៅធ្វើអានោះទៀត ទៅឈ្មោះអ្នកនេះ គឺវាអត់ច្បាស់លាស់ យើងធ្វើអ៊ីចឹងបាន ហើយឥឡូវហ្នឹងយើងកសាងបាន ហើយក្មេងស្រករក្រោយដឹងនាំរដ្ឋាភិបាល លោកនឹងធ្វើអ៊ីចឹងដែរ អត់មានអ្វីសល់ទេ អ្វីដែលអភិវឌ្ឍន៍ នៅម្តុំតូចអត់មានទៅមុខរួច។»
​អគារ​ពុទ្ធសាសនបណ្ឌិត្យ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យប្រើ កាលពី​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​១៩៩៨ គឺ​មុនពេល​មាន​ការសង់​កាស៊ី​ណូ​ណាហ្គា​។ ពុទ្ធសាសនបណ្ឌិត្យ​នេះ សាងសងឡើង ដើម្បី​កម្ក​ល់​ទុក​សៀវភៅធម៌ និង​សៀវភៅ​ផ្សេងៗ​ទៀត សម្រាប់​​ព្រះសង្ឃ និង​សិស្ស សិក្សា​ជ្រាវ​ជ្រាវ​ជាដើម​៕ ប្រភពពត៌មាន ៖