Monday, May 19, 2014

ចិន​ផ្តល់​ជំនួយ​ឥត​សំណង ៧០០​លាន​យ័ន និង​ប្រាក់​កម្ចី​ឥត​ការ​ប្រាក់ ២០០​លាន​យ័ន​ដល់​កម្ពុជា


ថ្ងៃទី​ 19 ខែឧសភា ឆ្នាំ2014, ម៉ោង 01:38 PM ដោយ ៖ សេរី មករា

ភ្នំពេញ៖ យោង​តាម​ការ​ផ្សព្វ​ផ្សាយ​ពី​ទូរ​ទស្សន៍​ជាតិ​ក្នុង​ស្រុក​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ឧសភា បាន​រាយ​ការណ៍​ថា ប្រទេស​ចិន បាន​ផ្ដល់​ជំនួយ​ឥត​សំណង ៧០០​លាន​​យ័ន និង​ផ្តល់​កម្ចី​ឥត​ការ ប្រាក់​២០០​លាន​យ័ន មក​ដល់​កម្ពុជា ដើម្បី​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ សេដ្ឋកិច្ច សង្គម កម្ពុជា​ឲ្យ​កាន់​តែ​រីក​ចម្រើន និង​រឹង​មាំ​ទ្វេ​ឡើង​ថែម​ទៀត ។
ប្រភពព័ត៌មានដដែលបានបន្ដឲ្យដឹងថា កាលពីនៅរសៀលថ្ងៃទី១៨ ខែឧសភា ដែលជាថ្ងៃទី១ នៅទីក្រុងសៀងហៃ សាធារណរដ្ឋ ប្រជាមានិតចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជា បាន ចូលជួបពិភាក្សា ទ្វេភាគីជាមួយ លោក ស៊ី ជិនពីង ប្រធានាធិបតី សាធារណរដ្ឋ ប្រជាមានិតចិន ។
ថ្លែងក្នុងជំនួបនោះ ប្រធានាធិបតីចិន បានមានប្រសាសន៍ថា ចិនចង់ឃើញ ប្រទេស កម្ពុជា មានការរីកចំរើន លើគ្រប់វិស័យ តាមរយៈនេះ បានផ្តល់ ជំនួយ ឥតសំណង់ ចំនួន ៧០០ លានយ័ន និងកម្ចីឥតការ ប្រាក់ចំនួន ២០០លានយ័ន ដល់កម្ពុជា ដើម្បីរួមចំណែក ដល់ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម កម្ពុជា ឲ្យកាន់តែ រីកចំរើនថែមទៀត ។
សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលចិន ហើយក្នុងពេលនោះដែរ សម្តេច តេជោ​បានបន្តទៀតថា ការរីកចម្រើន​របស់កម្ពុជា នាពេលបច្ចុប្បន្ន មិនអាចកាត់ផ្តាច់ចេញពីការផ្តល់ជំនួយ ឥតសំណងនិង គ្មានការ​ប្រា​ក់​របស់​ចិនឡើយ ។
សម្តេចតេជោ ក៏បានបន្ថែមពិលើនេះ ទៀតថា ថ្ងៃខាងមុខ ធ្វើជាម្ចាស់ផ្ទះនៃការ ប្រកួតកីឡាស៊ីហ្គេម ហេតុនេះ សម្ដេច ស្នើលោកស៊ី ជិនពីង បន្ត ជួយផ្តល់នូវ ជំនួយ​ឥតសំណង និងកម្ចីឥតការប្រាក់ ដល់កម្ពុជា ដើម្បី កសាងពហុកីឡាដ្ឋាន និងដើម្បី សេដ្ឋកិច្ចកម្ពុជារីកចំរើន បន្ថែមទៀត ហើយ ការសាងសង់នេះមានសារសំខាន់ ក្នុងការជំរុញលើកកម្ពស់ ដល់យុវជនកម្ពុជា ជំនាន់ក្រោយ ។ អ្វីដែលជាការឆ្លើយតបរបស់លោកប្រធានាធិបតីចិន បានទទួលយកសំណើរដ៏មានសារសំខាន់នោះ តាមរយៈការបង្កើតនូវ ការក្រុមការងារវាយតំលៃ នៃគំរោងដ៏មានសារសំខាន់នេះ ។
លោកប្រធានាធិបតី មានប្រសាសន៍ សង្កត់ធ្ងន់ថា ចិននិង បន្តខិតខំ ជួយកម្ពុជា ជាបន្តទៅទៀត តាមរយៈ ការជួយទិញកសិផល កសិកម្ម ពីកម្ពុជា និងការជំរុញភ្ញៀវ​ទេសចរណ៍ចិនទៅទស្សនាកម្ពុជា ឲ្យកាន់តែមានចំនួនច្រើនឡើង ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons