ខេត្តស្ទឹងត្រែង ៖ កាលពីវេលាម៉ោង១៩ និង៣០ នាទីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់-ក្រុង ស្ទឹងត្រែងកម្លាំងចម្រុះដោយមានការចូលរួម ពីលោកស្រី ស៊ុន យ៉ើត ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត បានធ្វើការឃាត់រថយន្តយីឌុបចំនួន ៣គ្រឿង ដែលគេសង្ស័យថា លោក លី គន នាយផ្នែក រដ្ឋបាលព្រៃឈើ សៀមប៉ាងបើកដៃឲ្យ ដឹកលើសច្បាប់ ។
Monday, May 12, 2014
មេឈ្មួញ ព្រុំ ផនដោយមានលោក លី គន ជួយសម្រួលបាន ដឹកឈើប្រណីតចេញពីសៀមប៉ាង លើសប៉េសេ
ការពិតរថយន្តដឹកឈើ ៣គ្រឿង ដែលត្រូវបានសមត្ថកិច្ចឃាត់នោះ គឺជារថយន្តដឺកឈើដែល ត្រូវបានមន្ត្រីបរិស្ថាន ចាប់ពីក្នុងតំបន់ឧទ្យានជាតិ វរៈជ័យ និងបានធ្វើការដេញថ្លៃ នៅថ្នាក់ក្រសួង ហើយបានធ្វើការវាស់វែង ដោយមន្ត្រីជំនាញត្រូវបានឈ្មោះ ព្រុំ ផន ដឹកជញ្ជូនចេញពីស្រុកសៀមប៉ាង តែត្រូវបានគេសង្ស័យថាឈ្មោះឈ្មោះ ព្រុំ ផននេះត្រូវគ្នាជាមួយមេព្រៃ ដឹកលើសច្បាប់អនុញ្ញាតទើប មកដល់ចំណុចផ្លូវបំបែក ទៅកាន់ស្ពានមេគង្គថ្មី ក៏ត្រូវបានកម្លាំងចម្រុះ ស្ទាក់ចាប់បានតែម្តង ដើម្បីធ្វើការត្រួតពិនិត្យ ។
ឈ្មោះ ព្រុំ ផន ជាម្ចាស់ឈើអះអាងថា ជាឈើមានច្បាប់ដេញថ្លៃពីថ្នាក់ ក្រសួង និងមានការរត់ការតាមផ្លូវ ជាមួយមន្ត្រីបរិស្ថានម្នាក់ ឈ្មោះ វង្ស សុន ហៅធី យកលិខិតអនុញ្ញាត ចេញដោយលោក លី គន នាយផ្នែកសៀមប៉ាង បង្ហាញដល់សមត្ថកិច្ចតាមដងផ្លូវ ដែលនៅក្នុងលិខិតនោះ បានបញ្ជាក់ថា រថយន្តចំនួន ៣គ្រឿង ទី១-ពាក់ស្លាកលេខ កំពង់ចាម 3A-3080 ដឹកឈើ ១៤ម៉ែត្រគូប៥៤២ ទី២-ពាក់ស្លាកលេខ ភ្នំពេញ 3A-2737 ដឹកឈើ ២០ម៉ែត្រគូប៤២២ និងទី៣-ពាក់ស្លាកលេខ ភ្នំពេញ 3A-7755 ដឹកឈើ ១៨ម៉ែត្រគូប៦៨២ សរុបទាំង៣ រថយន្តមានចំនួន ៥៣ម៉ែត្រគូប៦៤៦ ហើយរថយន្តទាំង ៣គ្រឿង ក្នុងលិខិតអនុញ្ញាត សុទ្ធតែបញ្ជាក់ថា មានស្លាកលេខ តែរថយន្ត ២គ្រឿង គ្មានស្លាកលេខនោះទេ។ ពេលសមត្ថកិច្ចឃាត់រថយន្ត ម្ចាស់ឈើ បាននិយាយថា សមត្ថកិច្ចធ្វើខុសនីតិវិធី ដោយគំរាមប្តឹង ពីការរំខានដល់ការងាររកស៊ីរបស់គេ តែពេលបញ្ជូនរថយន្ត មកដល់ស្នងការបាត់ម្ចាស់ឈើ មិនឃើញមកចូលរួម ធ្វើកំណត់ហេតុនោះឡើយ។ ឈើទាំង ៣រថយន្តនោះ ត្រូវបានគេប៉ាន់ប្រមាណថា អាចលើសពីច្បាប់អនុញ្ញាត មិនក្រោម ៥០ម៉ែត្រគូបនោះទេ។ ៕