Monday, May 12, 2014

សហគមន៍​​នៅ​ព្រៃវែង​ត្អូញ​ជួប​ការ​លំបាក​ដោយសារ​អាជ្ញាធរ​មិន​ផ្ដល់​ប័ណ្ណ​កាន់កាប់​ដី


ដោយ ហ៊ុំ ចំរើន
2014-05-12


ប្រជាពលរដ្ឋ ២៣​គ្រួសារ ក្នុង​សហគមន៍​ស្ដារ​ជីវភាព​ឡើង​វិញ នៅ​ស្រុក​ពាមរ ខេត្ត​ព្រៃវែង រិះគន់​អាជ្ញាធរ​សុរិយោដី​ស្រុក​នេះ​ថា ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ស្រប​ច្បាប់​ឲ្យ​ប្រជាពលរដ្ឋ​យឺតយ៉ាវ ៨​ឆ្នាំ​មក​ហើយ។ ពួកគាត់​បញ្ជាក់​ថា ដោយសារ​តែ​ពុំ​មាន​ប្លង់​ដី​កាន់កាប់​នេះ ធ្វើ​ឲ្យ​ពួក​គាត់​ជួប​ការ​លំបាក​ជា​ខ្លាំង គឺ​មិន​អាច​រស់​នៅ​លើ​ដី​កម្មសិទ្ធិ​របស់​ខ្លួន​ដោយ​ស្របច្បាប់ និង​ពុំ​មាន​សេចក្ដី​សុខ​ឡើយ។
សហគមន៍ ព្រៃវែង ៦១០
ប្រធាន​សហគមន៍​ស្ដារ​ជីវភាព​ឡើង​វិញ អ្នកស្រី សុន ឈិន ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៩ ឧសភា ឆ្នាំ​២០១៤។
RFA/Hum Chamroeun
ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​សុរិយោដី និង​មន្ត្រី​ពាក់ព័ន្ធ​បញ្ហា​នេះ ធ្វើ​យ៉ាង​ណា​ពន្លឿន​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​ស្រប​ច្បាប់​ឲ្យ​ពួកគាត់​ដែល​រស់​នៅ​ក្នុង​សហគមន៍​ទាំង ២៣​គ្រួសារ​ឲ្យ​បាន​ឆាប់ ព្រោះ​អ្នក​ភូមិ​ក្នុង​សហគមន៍​ទាំង​នោះ ភាគ​ច្រើន​ជា​ស្ត្រី​មេម៉ាយ បើ​ពុំ​មាន​ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​ទេ ពួកគាត់​ពិបាក​ក្នុង​ការ​ទៅ​រស់​នៅ​លើ​ដី​នោះ។
ប្រជាពលរដ្ឋ​និយាយ​ថា ដី​នៅ​តំបន់​នោះ​មាន​មនុស្ស​ជា​ច្រើន​បាន​សម្រុក​ទៅ​រស់​នៅ​យ៉ាង​អនាធិបតេយ្យ ហើយ​បាន​គំរាមកំហែង​មក​លើ​ពួកគាត់​ជា​ស្ត្រី​ភេទ​ជា​បន្តបន្ទាប់​មក​ហើយ។ ពួកគាត់​មាន​ការ​ភ័យ​ខ្លាច​អ្នក​ដែល​ទៅ​រស់​នៅ​សាងសង់​លំនៅឋាន​អនាធិបតេយ្យ​ទាំង​នោះ​ធ្វើ​បាប​មក​លើ​ខ្លួន​បន្ត​ទៀត។ អ្នក​ភូមិ​បញ្ជាក់​ថា បាន​ប្ដឹង​អាជ្ញាធរ​ឲ្យ​ជួយ​ដោះស្រាយ​ឲ្យ​ពួកគាត់​ជា​ច្រើន​លើក​រួច​មក​ហើយ ប៉ុន្តែ​ពុំ​មាន​អាជ្ញាធរ​ណា​អើពើ​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​រស់​ក្នុង​សហគមន៍​ឡើយ។
ប្រធាន​សហគមន៍​ស្ដារ​ជីវភាព​ឡើង​វិញ អ្នកស្រី ស៊ិន ឈិន មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​សហគមន៍​ដែល​ពុំ​ទាន់​ទទួល​ប្លង់ដី​សព្វថ្ងៃ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ដោយសារ​មាន​ទំនាស់​ដណ្ដើម​ដី​គ្នា​កើត​ឡើង​ជា​បន្តបន្ទាប់។
សហគមន៍ ព្រៃវែង ៦១០
សំណង់​លំនៅឋាន​អនាធិបតេយ្យ​នៅ​តំបន់​ដី​សហគមន៍​ស្ដារ​ជីវភាព​ឡើង​វិញ។ រូបថត​ថ្ងៃ​៩ ឧសភា ២០១៤។ RFA/Hum Chamroeun
អ្នកស្រី ស៊ិន ឈិន បញ្ជាក់​ថា ដី​ដែល​មាន​ទំនាស់​ជា​ដី​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ដែល​រដ្ឋាភិបាល​ផ្ដល់​សំណង​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន ៤៨​គ្រួសារ​ដែល​រស់​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​១ រង​ផល​ប៉ះពាល់​ធ្វើ​ផ្លូវ​ពី​បាវិត អ្នកលឿង កាល​ពី​ឆ្នាំ​២០០០ កន្លង​ទៅ។ កាល​ណោះ​រដ្ឋាភិបាល​ផ្ដល់​សំណង​ជា​ដី​ឡូត៍​លំនៅឋាន​ដល់​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​លើ​ផ្ទៃដី​ទំហំ​ទទឹង ៧​ម៉ែត្រ និង​បណ្ដោយ ១៣​ម៉ែត្រ ក្នុង​មួយ​គ្រួសារ ព្រម​ទាំង​មាន​ប្លង់​កាន់កាប់​ដី​ដោយ​ស្របច្បាប់​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ស្តារ​ជីវភាព​ឡើង​វិញ។
អ្នកស្រី​បន្ថែម​ថា ដី​ដែល​រដ្ឋាភិបាល​ផ្ដល់​សំណង​នោះ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នកលឿង ស្រុក​ពាមរ ខេត្ត​ព្រៃវែង។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ អាជ្ញាធរ​ទើបតែ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​កាន់​កាប់​ដី​ស្របច្បាប់​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​បាន​ជាង ២០​គ្រួសារ​ប៉ុណ្ណោះ​ទេ។ ចំណែក​ឯ​ប្រជាពលរដ្ឋ​ប្រមាណ ២៣​គ្រួសារ​ផ្សេង​ទៀត ពុំ​ទទួល​បាន​ប្លង់ដី​ស្រប​ច្បាប់​នៅ​ឡើយ។
អ្នកស្រី ស៊ិន ឈិន បញ្ជាក់​បន្ថែម​ថា អ្នក​ភូមិ​ដែល​ពុំ​មាន​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​ទាំង​នោះ​តែងតែ​រង​ការ​គំរាមកំហែង​រំលោភ​បំពាន​មក​លើ​ពួកគាត់​ជា​ស្ត្រី​មេម៉ាយ​ជា​បន្តបន្ទាប់ ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ជួយ​ដោះស្រាយ​ឡើយ៖ «ខាង​សុរិយោដី​ស្រុក​ពាមរ​ហ្នឹង​លោក​ក៏​តែងតែ​ប្រាប់​មក​ថា ហ្នឹង​ធ្វើ​ប្លង់​ជូន​អ្នក​មីង​ក្នុង​ពេល​នេះ ពេល​នោះ​តែ​រហូត​មក​ដល់​ពេល​នេះ​ដី​ដែល​នាង​ខ្ញុំ​បាន​ទទួល​អស់​រយៈកាល​តាំង​ពី​២០០៦ រហូត​ដល់​២០១៤ ក៏​នៅ​តែ​មិន​ទាន់​បាន​ទទួល​​ប្លង់​កម្មសិទ្ធិ​នៅ​ឡើយ។ ដូច្នេះ​នាង​ខ្ញុំ​សុំ​សំណូមពរ​ទៅ​អាជ្ញាធរ​ដែនដី និង​សំណូមពរ​ទៅ​ក្រសួង​ដែនដី​ហ្នឹង សូម​មេត្តា​​ជួយ​ដោះស្រាយ​ពី​បញ្ហា​ប្លង់​ឲ្យ​ពួក​យើង​ខ្ញុំ​ផង ដើម្បី​ទី​១ ឲ្យ​ពួក​យើង​ខ្ញុំ​ទាំង​អស់​មាន​សុវត្ថិភាព​បញ្ហា​ដីធ្លី ហើយ​បញ្ហា​ទី​២ ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​ទី​នោះ គឺ​មាន​សេចក្ដី​សុខ កុំ​ឲ្យ​មាន​បញ្ហា​ឈ្លោះ​ទាស់ទែង​គ្នា​ពី​រឿង​ដីធ្លី មិន​បាន​ប្រកប​របរ​រក​ស៊ី​អី​បាន​ប៉ុន្មាន​ទេ រវល់​តែ​ឈ្លោះ​គ្នា​តែ​រឿង​ដី»
អ្នក​ភូមិ​ក្នុង​សហគមន៍​ស្តារ​ជីវភាព​ឡើង​វិញ អ្នក ញ៉ែម ថារី រស់​នៅ​ភូមិ​ស្ទឹងស្លូត ឃុំ​អ្នកលឿង ថ្លែង​ក្នុង​ទឹក​មុខ​ស្រពោន​ថា ក្រោយ​ពី​រដ្ឋាភិបាល​សង់​ផ្លូវ​ជាតិ​លេខ​១​មក ដី​របស់​អ្នកស្រី​ប៉ះពាល់​ពេល​ធ្វើ​ផ្លូវ​អស់​ទៅ​ហើយ។ អ្នកស្រី​ថា តាំង​ពី​ពេល​នោះ​មក​ពុំ​មាន​ដី​សម្រាប់​សង់​លំនៅឋាន​របស់​ខ្លួន​ដោយ​ស្រប​ច្បាប់​ទេ ព្រោះ​ដី​ដែល​ផ្ដល់​សំណង​របស់​រដ្ឋាភិបាល​ឲ្យ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​មួយ​ឡូ​នោះ អាជ្ញាធរ​ពុំ​បាន​ផ្ដល់​ប្លង់ដី​ឲ្យ​នៅ​ឡើយ​ទេ។
អ្នកស្រី ញ៉ែម ថារី បន្ថែម​ថា ដោយសារ​តែ​ពុំ​មាន​ប្លង់ដី​កាន់កាប់​ស្រប​ច្បាប់​ជា​និច្ចកាល​តែងតែ​ជួប​ការ​លំបាក មាន​ការ​គំរាមកំហែង​ពី​សំណាក់​អ្នក​ជិត​ខាង​ដែល​មាន​ខ្សែ​រយៈ​បក្សពួក​មក​លើ​រូប​អ្នកស្រី​ជា​បន្តបន្ទាប់ ហើយ​ទៅ​ប្ដឹង​អាជ្ញាធរ​ឲ្យ​ជួយ​ដោះស្រាយ​ក៏​ពុំ​មាន​នរណា​រក​ខុស​ត្រូវ​ឲ្យ​ដែរ។
ចំណែក​ឯ​អ្នក​ក្នុង​សហគមន៍​ម្នាក់​ទៀត អ្នកស្រី មាឃ សុភាស់ ថ្លែង​បញ្ជាក់​ថា អ្នកស្រី​ក៏​ត្រូវ​បាន​គេ​គំរាមកំហែង​ធ្វើ​បាប​ជា​ច្រើន​លើក​រួច​មក​ហើយ ដោយសារ​តែ​ពុំ​មាន​ប្លង់ដី​កាន់កាប់​នេះ ហើយ​ពេល​ខ្លះ គេ​គំរាម​សម្លាប់​អ្នកស្រី​ទៀត​ផង ហើយ​បញ្ហា​នេះ ធ្វើ​ឲ្យ​អ្នកភូមិ​ក្នុង​សហគមន៍​ជា​ច្រើន​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ជា​ខ្លាំង​ដោយសារ​តែ​មាន​ទំនាស់​រឿង​កាន់កាប់​ដី​ដែល​ពុំ​មាន​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់​នោះ។
អ្នកស្រី មាឃ សុភាស់ អំពាវនាវ​អាជ្ញាធរ​សុរិយោដី​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ស្រប​ច្បាប់​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់ ដើម្បី​ជៀសវាង​កុំ​ឲ្យ​ទំនាស់​កើត​ឡើង​បន្ត​ទៀត។
ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​សុរិយោដី​ស្រុក​ពាមរ លោក ឯម ប៊ុនថន មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដី​ស្រប​ច្បាប់​ដល់​ប្រជាពលរដ្ឋ​យឺតយ៉ាវ ដោយសារ​ពួក​គាត់​មួយ​ចំនួន​មិន​បាន​ផ្ដល់​ឯកសារ​គ្រប់គ្រាន់​ដើម្បី​សម្រួល​ធ្វើ​ប្លង់ដី​ឲ្យ​បាន​ត្រឹមត្រូវ។ ហើយ​បញ្ហា​នេះ​លោក​ថា នឹង​ដោះស្រាយ​ផ្ដល់​ប្លង់​ដី​ឲ្យ​ពួកគាត់​ដែល​នៅ​សេសសល់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។
តែ​យ៉ាងណា​អ្នក​ភូមិ​ឲ្យ​ដឹង​ថា ពួកគាត់​បាន​ព្យាយាម​ទាក់ទង​ទៅ​សុរិយោដី និង​អាជ្ញាធរ​ឃុំ ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​ធ្វើ​ប្លង់ដី​ឲ្យ​ពួកគាត់​ជា​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ​ទាំង​នោះ​ហាក់​ធ្វើ​ព្រងើយ​បាន​អូស បន្លាយ​ពេល​វេលា​ជា​បន្តបន្ទាប់​រហូត​មក​ទល់​សព្វថ្ងៃ​នេះ​ក៏​នៅតែ​ពុំ​ទទួល​បាន​ប្លង់ដី​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​នៅ​ឡើយ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons