Tuesday, July 2, 2013

ចលនា​ទិញ​ដី​ទុក​លក់​បាន​ចាប់​ផ្តើម​កម្រើក​ឡើង​វិញ​ក្នុង​រាជធានី​ភ្នំពេញ





130627_03 ការ​ទិញ លក់ ដី​ធ្លី​ចាប់ផ្តើម​មាន​សកម្ម​ភាព​ឡើង​វិញ​ចាប់​តាំងពី​ដើម​ឆ្នាំ​២០១២ បន្ទាប់​ពី​ស្ងប់​ស្ងាត់​នា​អំឡុង​ឆ្នាំ​២០០៨ ។ រូបថត ហុង មិនា 130627_03 ការ​ទិញ លក់ ដី​ធ្លី​ចាប់ផ្តើម​មាន​សកម្ម​ភាព​ឡើង​វិញ​ចាប់​តាំងពី​ដើម​ឆ្នាំ​២០១២ បន្ទាប់​ពី​ស្ងប់​ស្ងាត់​នា​អំឡុង​ឆ្នាំ​២០០៨ ។ រូបថត ហុង មិនា
ភ្នំពេញៈ កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ភាព​រឹងមាំ និង​នយោបាយ​មាន​ស្ថិរភាព​បាន​ជំរុញ​ឲ្យ​ចលនា​ទិញ​ដី​ទុក​សម្រាប់​លក់​យក​ ចំណេញ​ចាប់​ផ្តើម​កក្រើក​ឡើង​វិញ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ព្រោះ​ជា​តំបន់​ដែល​គេ​មើល​ឃើញ​មាន​ហានិភ័យ​ទាប។
លោក គីម ហ៊ាង នាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ​ខ្មែរ បាន​និយាយ​ថា ចលនា​ទិញ​ដី​ទុក​លក់​បាន​ចាប់​ផ្តើម​មាន​សកម្មភាព​ឡើង​វិញ​ច្រើន​ជា​ពិសេស​ តំបន់​ដែល​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​តំបន់​ជាយៗ ពី​ព្រោះ​ពួក​គេ​មើល​ឃើញ​ថា តម្លៃ​ដីធ្លី​នឹង​ហក់​ឡើង​ថែម​ទៀត​នៅ​ភ្នំពេញ ខណៈ​តាម​បណ្តា​ខេត្ត​មាន​សភាព​នៅ​នឹង។
លោក​បាន​ប្រាប់​ទៀត​ថា តម្លៃ​ដី​នៅ​តំបន់​ពាណិជ្ជកម្ម​ក្នុង​រាជធានី​ភ្នំពេញ​បាន​កើន​ឡើង​ចន្លោះ ពី​១០​ទៅ​១៥​ភាគរយ​ប្រចាំ​ឆ្នាំ ចំណែក​ដី​ឧស្សាហកម្ម មាន​កំណើន​កាន់​តែ​ខ្ពស់ ខណៈ​ដី​នៅ​ជាយ​ក្រុង​មាន​កំណើន​ក្នុង​រង្វង់​១០​ភាគរយ​ប្រចាំ​ឆ្នាំ។
លោក​អះអាង​ថា​៖​«​ការ​វិនិយោគ​បែប​នេះ​នឹង ​បាន​ទទួល​ផល​ចំណេញ​ច្រើន​ ប៉ុន្តែ​អ្នក​វិនិយោគ​គួរ​តែ​មើល​សមត្ថភាព​ខ្លួន​ឯង​ដែរ ព្រោះ​បើ​មាន​ត្រឹម​១០​ទិញ​ដល់​៥០​វា​នឹង​ជួប​ហានិភ័យ​ខ្ពស់​តែ​បើ​មាន​១០០​ ទិញ​អស់​៩០​ទុក​១០​នោះ​វា​នឹង​មិន​មាន​បញ្ហា​អ្វី​ទេ​»។ តែ​ទោះ​បី​ជា​យ៉ាង​ណា​លោក​បញ្ជាក់​ថា​៖​«​ប្រសិន​បើ​គ្មាន​ប្រាក់​ហើយ​ទៅ​ ខ្ចី​ប្រាក់​ពី​ធនាគារ​ដើម្បី​វិនិយោគ​ក្នុង​វិស័យ​នេះ​ពួក​គេ​នឹង​ជួប​ ហានិភ័យ​ខ្ពស់»។
លោក ឌឹត ចណ្ណា ប្រធាន​គ្រប់​គ្រង​ទូទៅ​ក្រុមហ៊ុន វីអឹមស៊ី បាន​យល់​ឃើញ​ដូច​គ្នា​នឹង​ការ​លើក​ឡើង​របស់​លោក គីម ហ៊ាង ដែរ ដោយ​លោក​មាន​ប្រសាសន៍​ថា ចលនា​ទិញ​ដី​ទុក​លក់​យក​ប្រាក់​ចំណេញ​ពិត​ជា​មាន​ការ​កម្រីក​ឡើង​វិញ ហើយ​អ្វី​ដែល​ប្លែក​នៅ​ត្រង់​ថា នៅ​ជិត​ពេល​បោះឆ្នោត​នា​ពេល​កន្លង​មក​ការ​ទិញ លក់ និង​តម្លៃ​ដីធ្លី​ស្ថិត​ក្នុង​សភាព​ទ្រឹង ប៉ុន្តែ​សម្រាប់​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ​មិន​ត្រឹម​តែ​សកម្មភាព ទិញ​លក់​កើន​ឡើង​នោះ​ទេ សូម្បី​តែ​តម្លៃ​ក៏​ហក់​ឡើង​ខ្ពស់​ផង​ដែរ។
ប្រធាន​គ្រប់​គ្រង​ទូទៅ​ក្រុមហ៊ុន វីអឹមស៊ី ខាង​លើ​បាន​ប្រាប់​ទៀត​ថា មាន​មូលហេតុ​ចំនួន​៥​ដែល​ធ្វើ​ឲ្យ​ចលនា​ទិញ លក់ ដី និង​តម្លៃ​ដី​ក្នុង​ទីក្រុង​កើន​ឡើង​ដូច​ជា៖
-ទី១ សេដ្ឋកិច្ច​របស់​ប្រទេស​យើង​មាន​កំណើន​ប្រកប​ដោយ​ភាព​រឹង​មាំ។
-ទី២ ស្ថិរភាព​នយោបាយ និង​សង្គម
-ទី៣ វិនិយោគិន​ជា​ច្រើន​ចូល​មក​កម្ពុជា ជា​ពិសេស​វិនិយោគិន​មក​ពី​ប្រទេស​ជប៉ុន​ដែល​ជា​អ្នក​វិនិយោគ​មិន​ងាយ​ទៅ​រក​ ទីផ្សារ​ណា​មួយ​ទេ ប៉ុន្តែ​នៅ​ពេល​ពួក​គេ​ចូល​មក​មាន​ន័យ​ថា​ទីផ្សារ​នោះ​ល្អ។
-ទី៤ ការ​បោះឆ្នោត​អាណត្តិ​ទី៥​នា​ពេល​ខាង​មុខ​នេះ​ត្រូវ​បាន​អ្នក​វិនិយោគ​នានា​ គិត​ថា នឹង​មិន​ប៉ះ​ពាល់​ទៅ​ដល់​បរិយាកាស​អាជីវកម្ម​ទេ ពីព្រោះ​អ្នក​នយោបាយ​នៅ​កម្ពុជា​មាន​ភាព​ចាស់​ទុំ។
-ទី៥ វិស័យ​អចលន​ទ្រព្យ​ជា​វិស័យ​ដែល​អាច​ផ្តល់​ប្រាក់​ចំណេញ​ច្រើន​ព្រោះ​អ្នក​ វិនិយោគ​ជឿ​ថា ក្រោយ​ពេល​បោះឆ្នោត​វិស័យ​នេះ​នឹង​ហក់​ឡើង​ខ្ពស់​ថែម​ទៀត។
លោក​បាន​បញ្ជាក់​ថា​៖​«​ការ​សម្រេច​ចិត្ត​ វិនិយោគ​នៅ​ពេល​នេះ​គឺជា​ការ​ សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ហើយ​ក្រុម​អ្នក​ជំនាញ​អចលន​ទ្រព្យ​សុទ្ធ​តែ​ យល់​ឃើញ​បែប​នេះ ស្រប​ពេល​ដែល​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ទៅ​ក្នុង​តំបន់​អាស៊ាន​កាន់​ តែ​ខិត​ជិត​មក​ដល់​»។ លោក​បាន​បន្ថែម​ទៀត​ថា​៖​«នៅ​ពេល​កម្ពុជា​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ជាមួយ ​អាស៊ាន​នឹង​មាន​វិនិយោគិន​កាន់​តែ​ច្រើន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា។ នៅ​ពេល​អ្នក​វិនិយោគ​ចូល​មក​កម្ពុជា​ពួក​គេ​សុទ្ធ​តែ​មាន​តម្រូវ​ការ​ផ្នែក​ អចលន​ទ្រព្យ បើ​ទោះ​បី​ជា​ពួក​គេ​វិនិយោគ​ក្នុង​ផ្នែក​ណា​ក៏​ដោយ ដូច្នេះ​តម្លៃ​អចលន​ទ្រព្យ​នឹង​ឡើង​ថ្លៃ​ជា​មិន​ខាន​នៅ​ពេល​នោះ​»។
តាម​ការ​និទស្សន៍​(ការ​គិត​ប្រមើល​មើល) របស់​លោក ឌឹត ចណ្ណា បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ចន្លោះ​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣​នេះ​តម្លៃ​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ​កើន​ឡើង​ក្នុង​ រង្វង់​១៥​ទៅ​២០​ភាគរយ និង​តំបន់​ត្រូវ​ប៉ាន់​នៅ​ជាយ​ក្រុង​អាច​កើន​ឡើង​ក្នុង​រង្វង់​ពី​៣០​ភាគរយ ឬ​ខ្ពស់​ជាង​នេះ។ នៅ​ឆ្នាំ​២០១៤​កំណើន​នេះ​នឹង​មាន​ប្រហាក់​ប្រហែល​ឆ្នាំ​នេះ​ដែរ តែ​ឆ្នាំ​២០១៥​តម្លៃ​របស់​វា​នឹង​ហក់​ខ្ពស់។
លោក ឌឹត ចណ្ណា បាន​ថ្លែង​ថា​៖​«​ការ​វិនិយោគ​លើ​ដីធ្លី​នា​ពេល​បច្ចុប្បន្ន​អាច​មាន​ ហានិភ័យ តែ​មិន​ធំ​ដូច​អំឡុង​ឆ្នាំ​២០០៨-២០០៩​នោះ​ទេ ពីព្រោះ​ការ​កើន​ឡើង​នៅ​ពេល​នេះ​គឺ​ដោយ​សារ​មាន​តម្រូវ​ការ​ពិត​ប្រាកដ»។ លោក​បាន​បន្ត​ថា​៖​«​ប្រសិន​បើ​រង់​ចាំ​រយៈ​ពេល​ពី​២​ទៅ​៣​ឆ្នាំ​ខាង​មុខ​ អាច​យឺត​ពេល ព្រោះ​ពេល​នោះ​ការ​ផ្គត់​ផ្គង់​និង​តម្រូវ​ការ​មាន​តុល្យភាព​គ្នា​ហើយ​»។
លោក គុយ វ៉ាត អគ្គ​នាយក​ក្រុមហ៊ុន VTrust Group មាន​ប្រសាសន៍​ថា ស្ថានភាព​ទិញ លក់​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ​ពិត​ជា​មាន​ការ​កើន​ឡើង​ខ្ពស់​មែន។ លោក​បាន​ទទួល​ស្គាល់​ថា កាលៈទេសៈ​នេះ​ការ​ទិញ​ដី​លក់​ទុក​ចំណេញ​ពិត​ជា​មាន​ឱកាស​ចំណេញ​ច្រើន។
លោក បាន​បញ្ជាក់​ថា​៖​«​ដល់​ពេល​ដែល​ត្រូវ​វិនិយោគ​ផ្នែក​អចលន​ទ្រព្យ​ហើយ តែ​អ្នក​វិនិយោគ​ក៏​ត្រូវ​ពិនិត្យ​មើល​ទីតាំង​ឲ្យ​បាន​ច្បាស់​ផង​ដែរ​បើ​ទោះ ​បី​យើង​ដឹង​ថា ទីតាំង​ណា​ក៏​អាច​ចំណេញ​ប្រាក់​បាន​ដែរ គ្រាន់​តែ​ទីតាំង​ខ្លះ​ត្រូវ​ចំណាយ​ពេល​យូរ​»។ លោក​បាន​បន្ត​ថា​៖​«ប្រសិន​បើ​មាន​លទ្ធភាព​ទិញ​បាន​នៅ​កណ្តាល​រាជធានី​ ភ្នំពេញ​ពិត​ជា​ល្អ​ណាស់ ព្រោះ​នឹង​មាន​ឱកាស​ទទួល​បាន​ប្រាក់​ចំណេញ​កាន់​តែ​ខ្ពស់»៕ ភ្នំពេញប៉ុស្តិ៍

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons