Tuesday, July 2, 2013

នារីពីរនាក់ បើករថយន្ត កាមរីឆ្លាម លឿនជ្រុល បុកម៉ូតូស្កុបពី បណ្តាលឲ្យនារី ម្នាក់ហោះផ្លោងខ្ទប់ នឹងកញ្ចក់មុខ រថយន្តរងរបួសធ្ងន់


Photo by DAP-NEWSភ្នំពេញ៖ ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ដ៏គួរឲ្យរន្ធត់មួយ ដែលបង្កឡើងដោយសារ នារីវ័យ ក្មេងពីរនាក់ បានជិះរថយន្ត មួយគ្រឿង ម៉ាកកាមរីឆ្លាម លឿនជ្រុលទៅបុកនារីម្នាក់ទៀត ដែលកំពុងជិះ ម៉ូតូស្កុបពី បណ្តាលឲ្យដួល រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង ១៩និង០០នាទីយប់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៣ នៅតាមបណ្តោយ ផ្លូវសួនច្បារស្ពានកោះពេជ្រ កែងផ្លូវសបិទ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
 តាមប្រភព ព័ត៌មានពី កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេល កើតហេតុ នារីរងគ្រោះ បានជិះម៉ូតូមួយ គ្រឿងម៉ាក ស្កុបពី ពណ៌ សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BH-3924 ធ្វើដំណើរតាម បណ្តោយផ្លូវ សួនច្បារស្ពានភ្លោះកោះពេជ្រ ក្នុងទិសដៅ ពីលិចទៅកើត។
ដោយឡែក រថយន្តកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-1863 ជិះដោយ នារីវ័យក្មេង ២នាក់ ដែលធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បំណងឆ្ពោះទៅ មជ្ឈមណ្ឌល កោះពេជ្រ តែខណៈជិះមកដល់ចំណុចកែងផ្លូវសបិទ រថយន្តស្រាប់តែជ្រុល ចង្កូតទៅបុកចំម៉ូតូស្កុបពី មួយទំហឹងតែម្តង បណ្តាលឲ្យម្ចាស់ម៉ូតូ ដួលហោះផ្លោងទៅខ្ទប់ នឹងកញ្ចក់មុខរថយន្ត បោកក្បាលរងរបួសធ្ងន់ ត្រូវរថយន្តសាមុយដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកអន្តរាគមន៍ វាស់វែង ដកហូតយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។
 សូមបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយសារនារីម្ចាស់រថយន្តបើកបរក្នុង ល្បឿនលឿនមិនប្រយ័ត្ន ទើបបណ្តាលឲ្យបុកគេរងរបួសធ្ងន់បែបនេះ ហើយ សមត្ថកិច្ច នៅមិនទាន់បញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះ នៅឡើយទេ ដោយសាររូបគេ បានរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ៕ ដោយ៖ ដើមអម្ពិល-ID-007
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons