Monday, July 1, 2013

៧​នាក់ ​ស្លាប់ ពេល​​​ក្រុម​​​តាលីបង់ វាយ​​ប្រហារ​​តំបន់​​សន្តិសុខ​​​កាប៊ុល


ថ្ងៃទី​ 25 ខែមិថុនា ឆ្នាំ2013, ម៉ោង 10:37 PM ប្រែសម្រួលៈ ស៊ុនហ្វាន


អាហ្វហ្គានីស្ថាន (BBC): កង​សន្តិសុខ ៣​នាក់ និង​ក្រុម​​បះ​បោរ​ ៤នាក់ បាន​ស្លាប់ បន្ទាប់​ពី​រង​ការ​វាយ​ប្រហារ​ពី​ក្រុម​សកម្ម​ប្រយុទ្ធ​តាលីបង់ បាន​បើក​ការវាយ​ប្រហារ​ក្បែរ​វិមាន​ប្រធានាធិបតីអាហ្វហ្គានីស្ថាន​​ ដែល​​ជា​​តំបន់​មួយ ដែល​មាន​សន្តិសុខ​បំផុត នៅ​ក្រុង​កាប៊ុល។
ការវាយប្រហារនេះ កើតឡើងនៅ​ស្រុកសាស ដារ៉ាក់(Shash Darak) នៅវេលាម៉ោង ៦ និង ៣០នាទី (ម៉ោងក្នុងតំបន់) ។
ក្រុមសកម្មប្រយុទ្ធបានយកគោលដៅវាយប្រហារ នៅចំណុចរបងខាងកើតវិមានប្រធានាធិបតី ដែលមានចម្ងាយប្រមាណ២-៣រយម៉ែត្រ ពីតួវិមាន ដែលនៅទីនោះ មាន​ក្រុមអ្នកកាសែតរាប់សិបនាក់ ជួបជុំគ្នា នៅក្នុងសន្និសីទកាសែតមួយ ជាមួយលោកប្រធានាធិបតីកាហ្សៃ ដែលនឹងចាប់នៅវេលាម៉ោង ៩ និង ០០នាទី។
ក្រុមអ្នកកាសែត បានឮសម្លេងផ្ទុះ ៣-៤ដង និងមានរបាយការណ៍ថា គ្រាប់បែកដៃជាច្រើនគ្រាប់ ត្រូវបានគប់ នៅម្តុំនោះ។
បើតាមសម្តីអ្នកនាំពាក្យក្រសួងការពារជាតិអាហ្វហ្គានីស្ថាន បានប្រាប់BBC​ ថា ក្រុមជនវាយប្រហារ ៤នាក់ បានពាក់ឯក​សណ្ឋាន​សន្តិសុខ និង​កាន់កាត​សម្គាល់​ខ្លួន​ក្លែង​ក្លាយ ហើយ​ចាប់ផ្តើមបើកការវាយប្រហារ ក្នុងនោះមានម្នាក់ បានបំផ្ទុះខ្លួនឯង ។ នៅទីបំផុត ពួកគេ ត្រូវបានបាញ់សម្លាប់ ដោយកម្លាំងសន្តិសុខឯកជន នៅ សណ្ឋាគារ​មួយ ក្បែរនោះ។ សណ្ឋាគារនេះ ឈ្មោះ អារីណា (Ariana Hotel) ត្រូវបានគេស្គាល់ថា ជាការិយាល័យCIA។

លោកអាយុប សាឡាងហ្គី (Ayub Salangi) ស្នងការប៉ូលិសក្រុង​កាប៊ុល បាននិយាយថា ការវាយ​ប្រហារ ត្រូវបានបញ្ចប់ក្នុងរយៈពេល ២ម៉ោង ក្រោយពីគ្រាប់កាំភ្លើងទី១ បានបាញ់។
កងកម្លាំងជំនួយសន្តិសុខ អន្តរជាតិ ដែលដឹកនាំ ដោយអង្គការណាតូ​(NATO) ដែលស្ថិតនៅមិនឆ្ងាយពីកន្លែង​កើតហេតុ បានសរសេរតាម Twitter ថា នេះជា​ការឆ្លើយ​តប​មួយ របស់​កងកម្លាំង​សន្តិសុខជាតិ​អាហ្វហ្គានីស្ថាន​។
កាលពីសប្តាហ៍មុន កងកម្លាំង​សន្តិសុខអាហ្វហ្គានីស្ថាន ​បាន​បន្តកិច្ចការទទួលខុសត្រូវលើសន្តិសុខទូទាំងប្រទេស ជាលើកដំបូង ចាប់តាំងពីរដ្ឋាភិបាលតាលីបង់ ត្រូវ​បានបណ្តេញចេញពីអំណាចនៅឆ្នាំ២០០១ មុនពេល​ដែល​កងកម្លាំងអន្តរជាតិ ត្រូវដកចេញចុងឆ្នាំ២០១៤ ប៉ុន្តែ អន្តរជាតិ នឹងនៅតែបន្តការគាំទ្រផ្នែកយោធា នៅពេល​ណា​ដែល​អាហ្វហ្គានីស្ថាន ត្រូវការ៕akt

 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons