Monday, July 1, 2013

ឆេះ​បន្ទប់​ខារ៉ាអូខេ X.O ​អស់​ ៤បន្ទប់ ផ្អើល​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​អន្តរាគមន៍ អស់​មួយ​ក្រុង របួស​បុគ្គលិក​ម្នាក់


ថ្ងៃទី​ 01 ខែកក្កដា ឆ្នាំ2013, ម៉ោង 12:47 AM ដោយ៖ ហេង សុខា


ភ្នំពេញ៖ គ្រាន់​តែ​ឈាន​ចូល​ថ្ងៃ​ទី១ ដើម​ខែ​កក្កដា ឆ្នាំ២០​១៣ អគ្គិភ័យ​ឆេះ​បន្ទប់​ខារ៉ាអូខេ​ X.O អស់​៤ បន្ទប់ ធ្វើ​ឲ្យ​ផ្អើល​ក្រុម​ពន្លត់​អគ្គិភ័យ​របស់​ស្នង​ការ​នគរបាល​រាជធានី​ ភ្នំពេញ រត់​ជាន់​ជើង​គ្នា ប្រមូល​រថយន្ត​ទាំង​អស់ ទៅ​ជួយ​អន្តរាគមន៍​ភ្លាម ។
អគ្គិភ័យនេះ ឆាបឆេះ នៅវេលាម៉ោង ២រសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០១៣ នៅក្នុងខារ៉ាអូខេ X.O ដែលមានទីតាំងនៅតាម ផ្លូវលេខ ១៦៣ ក្រុម៤៥ ភូមិ៦ សង្កាត់​ទួលស្វាយព្រៃទី​១ ខណ្ឌចំការមន ។
អគ្គិភ័យនេះ ឆាបឆេះចេញពីបន្ទប់ ផ្ទាល់ដី បង្កជាផ្សែងហុយឃ្មួលខ្មាញ់ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ សមត្ថកិច្ច ជួយអន្តរាគមន៍ទូរស័ព្ទ​ហៅរថយន្តពន្លត់អគ្គិភ័យ​របស់ស្នង​ការ​ នគរបាលរាជធានីភ្នំពេញ ប្រមាណជាង ១០គ្រឿង យកទៅបាញ់ទឹកជួយពន្លត់ និងមានរថយន្តប្រភេទកន្រ្តៃមួយគ្រឿង​បានទៅកាត់ដំបូលស័ង្កសី និងទ្វារ ដើម្បីបាញ់ទឹក​បញ្ចូល​ពន្លត់​ផ្សែង ដែលហុយឃ្មួលខ្មាញ់ ។

អគ្គិភ័យនេះ មានការជួយអន្តរាគមន៍ ពីលោក ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជា ស្នងការនគរបាល រាជធានីភ្នំពេញ លោកអធិការ ខណ្ឌចំការមន នគរ បាលសណ្តាប់រាជធានីភ្នំពេញ ដឹក នាំ ដោយលោកវរសេនីយ៍ទោ អេម សម្បតិ្ត អាជ្ញាធរមូលដ្ឋាន និងលោក នេត វត្ថា នាយការិយាល័យ​នគរបាល​​រាជធានីភ្នំពេញ បាន​ចុះ​ទៅ​ជួយអន្តរាគមន៍ដល់​កន្លែងកើត​ហេតុ ។
ផ្សែងហុយខ្មួលខ្មាញ់​ បាន​ជះចូល​ទៅក្នុងភោជនីយដ្ឋាន​ទន្លេបាសាក់ នៅជាប់កន្លែងកើតហេតុ ធ្វើឱ្យ​បិទ​ទ្វារ​ផ្អាកការលក់ដូរមួយថ្ងៃសិន ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជាជំហានដំបូង អគ្គិភ័យនេះ បណ្តាលមកពីទុស្សេខ្សែភ្លើង ។

ពាក់ព័ន្ធនឹងអគ្គិភ័យនេះ បង្កឲ្យបុរស​ជាបុគ្គលិក​របស់ខារ៉ាអូខេ X.O ម្នាក់​របួសរយះដៃ ។
អគ្គិភ័យនេះប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យជាង១០គ្រឿង រហូតដល់​៤និង៣០ល្ងាច ហើយរថយន្តពន្លត់​អគ្គិភ័យ នៅតែបន្តបាញ់ទឹកពន្លត់ មិនទាន់រលត់អស់នៅឡើយទេ ដោយ​ឆាបឆេះខូចខាតអស់ ៤បន្ទប់ បន្ទប់​កណ្តាល ព្រៃវែង ស្វាយរៀង និងតាកែវ។
ដោយឡែក កាលពីវេលាម៉ោង ១​រសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៣ មានករណីទុស្សេខ្សែភ្លើង ឆាបឆេះ​បន្ទប់ទទួលភ្ញៀវ របស់អាហារដ្ឋាន​សុវណ្ណា១ ស្ថិតនៅផ្ទះលេខ​២សេ ផ្លូវលេខ២១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បណ្តាលឲ្យខូច​ខាត​របស់​របរក្នុង​បន្ទប់​ទទួល​​ភ្ញៀវ អស់​មួយ​ចំនួន តែមិនបណ្តាលឲ្យមាន អណ្តាតភ្លើងទេ ៕ akt
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons