Sunday, July 7, 2013

សកម្មជន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​៣​នាក់​ត្រូវ​តុលាការ​បន្ទាយមានជ័យ​ឃុំ​ខ្លួន


  • Written by 
លោក សួន សេរីរដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ។ លោក សួន សេរីរដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ។
តុលាការ​ខេត្ត​បន្ទាយមានជ័យ សម្រេច​ឃុំ​ខ្លួន​សកម្មជន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​បី​នាក់ នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​បំពាន​ច្បាប់​បោះឆ្នោត និង​ចូលរួម​ក្នុង​ចលនា​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។
សកម្មជន​ទាំង​បី​នាក់​នោះ​ត្រូវ​បាន​ សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ដើម​ សប្ដាហ៍​នេះ។ ប៉ុន្តែ មេ​ដឹកនាំ​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ប្រតិកម្ម​ថា សកម្មជន​ទាំង​បី​នាក់​នោះ​គ្រាន់​តែ​ធ្វើ​សកម្មភាព​ចែក​អំណោយ​ឲ្យ​ ប្រជាពលរដ្ឋ​ក្រីក្រ​តែ​ប៉ុណ្ណោះ។
មេ​ដឹកនាំ​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​អះអាង​ ថា សកម្មជន​របស់​ខ្លួន​បី​នាក់ ដែល​ធ្វើ​សកម្មភាព​ចែក​អាវ​យឺត នាឡិកា វិទ្យុ និង​ស៊ីឌី នៅ​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ដើម​សប្ដាហ៍​នេះ ពុំ​មាន​ទោស​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​កម្ពុជា នោះ​ទេ។ ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី ពី​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី៥ ខែ​កក្កដា មេ​ដឹកនាំ​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ លោក សួន សេរីរដ្ឋា បញ្ជាក់​ថា សកម្មជន​របស់​ខ្លួន​ទាំង​បី​នាក់​នោះ​បាន​ធ្វើ​សកម្មភាព​ចែក​អំណោយ​ឲ្យ​ ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា តែ​ប៉ុណ្ណោះ ហើយ​សកម្មភាព​នោះ លោក​ចាត់​ទុក​ថា​អំពើ​មនុស្ស​ធម៌។
លោក សួន សេរីរដ្ឋា៖ «សកម្មជន​របស់​ ចលនា​អំណាច​ពលរដ្ឋ គាត់​អត់​មាន​ទោស​អត់​មាន​កំហុស​អី​សោះ ពីព្រោះ​ការ​ចែក​អំណោយ​វា​អត់​មាន​ច្បាប់​ណា​ដាក់​ទោស​អ្នក​ចែក​អំណោយ​ទេ ហើយ​អាវ​យឺត វិទ្យុ​សម្រាប់​ស្ដាប់​ព័ត៌មាន នាឡិកា​សម្រាប់​ពាក់​លំអ​ទាំងអស់​ហ្នឹង វា​មិន​មែន​ជា​គ្រឿង​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​របស់​ ប្រជាពលរដ្ឋ វា​មិន​មែន​ជា​បទ​ឧក្រិដ្ឋ​ទេ វា​ជា​មនុស្ស​ធម៌។ ដូច្នេះ ការ​ចាប់​ឃុំ​ខ្លួន​រហូត​ដល់​កាត់​ទោស​ដល់​តុលាការ ខ្ញុំ​សួរ តើ​ក្នុង​ប្រទេស​ខ្មែរ​មាន​ច្បាប់​សម្រាប់​កាត់​ទោស​អ្នក​ចែក​អំណោយ​ទេ»
ទាក់ទិន​ទៅ​នឹង​ការ​ចាប់​ឃុំ​ខ្លួន​ សកម្មជន​របស់​ខ្លួន​ទាំង​បី​រូប​នេះ លោក សួន សេរីរដ្ឋា ពុំ​អាច​បញ្ជាក់​ពី​យុទ្ធសាស្ត្រ​ក្នុង​ការ​ជួយ​ពួក​គេ​ឲ្យ​រួច​ខ្លួន​បែប​ ណា​នោះ​ទេ ប៉ុន្តែ​លោក​អះអាង​ថា ចលនា​អំណាច​ប្រជាពលរដ្ឋ​ខ្មែរ នឹង​មិន​បោះបង់​ចោល​សកម្មភាព​របស់​ខ្លួន​នោះ​ទេ។ ហើយ​លោក​ទាមទារ​ឲ្យ​ប្រទេស​កម្ពុជា គោរព​ច្បាប់ ចៀសវាង​ការ​គោរព​បទ​បញ្ជា។
ឆ្លើយ​តប​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ឧត្ដមសេនីយ៍ លោក ខៀវ សុភ័គ ប្រតិកម្ម​ថា សកម្មជន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ពុំ​មាន​គ្នា​ច្រើន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា នោះ​ទេ។ លោក​គូស​បញ្ជាក់​ថា នៅ​គ្រា​ដែល​ប្រទេស​កម្ពុជា មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង លោក សួន សេរីរដ្ឋា ជា​អ្នក​ចេញ​មុខ​ការពារ​សត្រូវ​ឈ្លាន​ពាន​កម្ពុជា។ ហើយ​ចលនា​នេះ​ពុំ​មែន​ជា​ចលនា​តស៊ូ​តាម​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ តែ​ជា​ការ​ប៉ុនប៉ង​ធ្វើ​ឲ្យ​កម្ពុជា ជួប​ប្រទះ​នូវ​សង្គ្រាម៖ «បើ​សិន​ជា​គាត់​មាន​បំណង យើង​អនុវត្ត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ចូលរួម​ក្នុង​ការ​បោះឆ្នោត មិន​ខុស​អី​កាល​ពី​ឆ្នាំ​២០០៨...»
មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ អះអាង​ថា បច្ចុប្បន្ន កម្ពុជា ខិតខំ​រក្សា​សន្តិសុខ និង​បរិយាកាស​ក្នុង​ដំណើរ​ការ​បោះឆ្នោត​ឲ្យ​បាន​ល្អ ដើម្បី​ផល​ប្រយោជន៍​ប្រទេស​ជាតិ។
កង​កម្លាំង​មាន​សមត្ថកិច្ច​របស់​ រដ្ឋាភិបាល​កម្ពុជា បាន​ចាប់​ខ្លួន​សកម្មជន​ចលនា​អំណាច​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​បី​នាក់​នោះ កាល​ពី​ដើម​សប្ដាហ៍​នេះ ហើយ​ត្រូវ​បាន​តុលាការ​ខេត្ត​បន្ទាយមានជ័យ សម្រេច​ឃុំ​ខ្លួន​ដោយ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​បំពាន​ច្បាប់​បោះឆ្នោត និង​ចូលរួម​ក្នុង​ចលនា​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា។
សកម្មជន​ទាំង​៣​នាក់​នោះ មាន​ឈ្មោះ សេរី ប៊ុនឡុង ឈ្មោះ សេង សុខម៉េង និង​ឈ្មោះ អ៊ុំ ភិរុណ។ ក្នុង​ការ​ចាប់​ខ្លួន​នោះ សមត្ថកិច្ច​រឹបអូស​បាន​អាវ​យឺត​ជាង ១០០​អាវ (១០៩​អាវ) ដែល​មាន​សរសេរ​អក្សរ​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ "ប្រឆាំង​ការ​បោះឆ្នោត​បង្គ្រប់​កិច្ច​ដែល​គ្មាន​សេរី និង​យុត្តិធម៌"។ ទន្ទឹម​គ្នា​នោះ ក៏​មាន​ការ​រឹបអូស​បាន​នាឡិកា​ដែល​មាន​ស្លាក​សញ្ញា​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ​ជាង ៣០០​គ្រឿង (៣៤១​គ្រឿង) វិទ្យុ ២៥​គ្រឿង វីស៊ីឌី ៨៨​បន្ទះ និង​កុំព្យូទ័រ​យួរ​ដៃ ២​គ្រឿង​ផង៕ ប្រភព ៖ FRA


 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons