Saturday, July 6, 2013

ជម្លោះ​រវាង​យុវជន​ក្នុង​យុទ្ធនាការ​ឃោសនា​គណបក្ស​សង្គ្រោះ​ជាតិ


កាល​ពី​ម៉ោង​ជិត ៨​យប់​ថ្ងៃ​ទី៥ កក្កដា មាន​ការ​វាយ​តប់ និង​បាញ់​មួយ​កើត​ឡើង រវាង​យុវជន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​លើ​ក្បួន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តំបន់​ផ្សារដើមថ្កូវ មុខ​វត្ត​ដំបូកខ្ពស់ ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។
ដោយ វិទ្យុ​អាស៊ីសេរី
2013-07-05
ជន​រងគ្រោះ​បក្ស​សង្គ្រោះ​ជាតិ ៦១០
ជន​រងគ្រោះ​ដែល​ជា​សកម្មជន​ហែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ (ពី​ស្ដាំ) ឈ្មោះ អ៊ឹម វិជ្ជការ កៅ ណិត និង វិបុល ប៊ូណា នៅ​ចំណុច​ផ្លូវ​១៣៥ ភូមិ​បឹងត្របែកខាងត្បូង សង្កាត់​ផ្សារដើមថ្កូវ ខណ្ឌ​ចំការមន កាល​ពី​យប់​ថ្ងៃ​ទី៥ ខែ​កក្កដា ឆ្នាំ​២០១៣។
RFA/Khe Sonorng
លោក យឹម សុវណ្ណ សមាជិក​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ក្បួន​ហែ​មាន​មនុស្ស​ចូលរួម​ប្រមាណ ៥.០០០​នាក់ ទៅ​ដល់​ផ្លូវ​លំ​មុខ​វត្ត​ដំបូកខ្ពស់ ស្រាប់​តែ​មាន​មនុស្ស​មួយ​ក្រុម​វាយ​យុវជន​ចូលរួម​ហែ​ក្បួន​គណបក្ស​សង្គ្រោះ ​ជាតិ មាន​ចាប់​អូស​ចូល​ផ្ទះ និង​មាន​សំឡេង​បាញ់​កាំភ្លើង​ប្រមាណ​ពី ៥ ទៅ ១០​គ្រាប់។
ចំណែក​យុវជន​មួយ​រូប​ដែល​បាន​ចូលរួម​ហែ និង​បាន​ឃើញ​ហេតុការណ៍​វាយ​តប់​គ្នា​នោះ បាន​រៀបរាប់​ឲ្យ​ដឹង​ថា ហេតុការណ៍​ចាប់​ផ្ដើម​ដោយ​ក្រុម​ក្បួន​យុវជន​សង្គ្រោះ​ជាតិ តាម​ហ្វេសប៊ុក (Facebook) បាន​ហែ​ពី​ច្បារអំពៅ មក​កាន់​សង្កាត់​បឹងត្របែក។ ពេល​មក​ដល់​មុខ​វត្ត​ដំបូកខ្ពស់ បាន​បត់​តាម​ផ្លូវ​លំ​លេខ​១៣៥ មក​ទិស​ខាង​កើត មក​សង្កាត់​បឹងត្របែក ដើម្បី​ធ្វើ​យុទ្ធនាការ​ពេល​យប់។ បន្ទាប់​មក​មាន​ម៉ូតូ​មួយ​គ្រឿង​មាន​មនុស្ស​ជិះ ២​នាក់ បាន​ធ្វើ​ដៃ​សញ្ញា​លេខ​៤ ជា​សញ្ញា​សន្លឹក​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដាក់​ក្រុម​យុវជន​ហែ​ក្បួន។ បន្ទាប់​មក ក្រុម​យុវជន​ហែ​ក្បួន​បាន​ធ្វើ​ដៃ​ជា​សញ្ញា​លេខ​៧ របស់​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​វិញ។
ដោយ​មាន​ទំនាស់​រឿង​សញ្ញា​គណបក្ស​ដាក់​គ្នា​នោះ យុវជន​ដែល​លើក​ដៃ​សញ្ញា​លេខ​៤ បាន​បើក​ទ្វារ​ផ្ទះ​ដែល​ក្រុម​យុវជន​សង្គ្រោះ​ជាតិ ហែ​កាត់ ហើយ​ទាញ​កអាវ​ក្រុម​យុវជន​ហែ​ក្បួន​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៣​នាក់ ចូល​ទៅ​ក្នុង​នោះ។ នៅ​ក្នុង​ផ្ទះ​នោះ​មាន​មនុស្ស​មួយ​ក្រុម​កំពុង​ផឹក​ស៊ី។ តែ​មាន​យុវជន ២​នាក់ បាន​រត់​ចេញ​មក​វិញ​រួច​ខ្លួន។ ហេតុការណ៍​នោះ​កើត​ឡើង​មុខ​ផ្ទះ​របស់​លោក​ឧកញ៉ា លី គឹមលុន។
សាក្សី​បាន​រៀបរាប់​ថា ក្រុម​យុវជន​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នោះ បាន​វាយ​ទៅ​លើ​យុវជន​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​មាន​ការ​វាយ​តប់​គ្នា​ទៅ​វិញ​ទៅ​មក។ ក្រោយ​មក មាន​ការ​បិទ​ទ្វារ ហើយ​មាន​សំឡេង​បាញ់​កាំភ្លើង​ចំនួន​ពី ៥ ទៅ ៧​គ្រាប់។ ក្រោយ​ពី​មាន​ការ​បាញ់​ហើយ មាន​ចាន ឆ្នាំង បាន​គប់​ចេញ​ពី​ផ្ទះ​នោះ​មក​លើ​ក្រុម​យុវជន​ហែ​ក្បួន​របស់​គណបក្ស​សង្គ្រោះ​ ជាតិ។ បន្ទាប់​ពី​មាន​ហេតុការណ៍​វាយ​តប់ និង​បាញ់​បោះ​អនាធិបតេយ្យ​មក​នោះ អាជ្ញាធរ​មាន​សមត្ថកិច្ច​ក៏​បាន​មក​ដល់។
ប្រភព​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​រួម​មាន​លោក​ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ មន្ត្រី​តុលាការ និង​មេ​បញ្ជាការ​ប៉េអិម​រាជធានី​ភ្នំពេញ បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ ហើយ​បាន​ឲ្យ​នាំ​ខ្លួន​យុវជន​ដៃដល់ និង​ម្ចាស់​ផ្ទះ សរុប​ចំនួន ៣​នាក់ ទៅ​ទី​បញ្ជាការ​ប៉េអិម​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ។
ទោះ​បី​មាន​ការ​សង្ស័យ​ថា​មាន​ការ​ឃាត់​ខ្លួន​យុវជន​ចូលរួម​ហែ​ក្បួន​ របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ផ្ទះ​ក៏ដោយ តែ​ក្រោយ​មក​មាន​ការ​ឆែកឆេរ​បញ្ជាក់​ថា​មិន​មាន​ការ​ឃាត់​ខ្លួន​មនុស្ស​ឃុំ​ ទុក​ក្នុង​ផ្ទះ​នោះ​ទេ៕អាសីសេរី

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons