Wednesday, July 10, 2013

ពលរដ្ឋ​នឹង​ផ្ដល់​រង្វាន់​ជូន​សមត្ថកិច្ច​ដែល​ចាប់​លោក ឈូក បណ្ឌិត ចំនួន​៧​លាន​រៀល

អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឈូក បណ្ឌិត ដើរ​ចូល​សវនាការ​សាលា​ឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១៣។ RFA/Ouk Savborey

ពលរដ្ឋ​មួយ​ចំនួន​រៃអង្គាស​លុយ​គ្នា​បាន​ចំនួន ៧​លាន​រៀល ទុក​ផ្ដល់​រង្វាន់​ដល់​ដំណឹង​ដែល​ឈាន​ដល់​ការ​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត។ ការ​ប្រកាស​នេះ ត្រូវ​បាន​សង្គម​ស៊ីវិល ចាត់​ទុក​ថា ជា​កណ្ដឹង​រោទ៍​មួយ​ដាស់​តឿន​ឲ្យ​អាជ្ញាធរ រដ្ឋាភិបាល ធ្វើ​ការ​ឲ្យ​បាន​សកម្ម​បំផុត​ក្នុង​រឿង​កាត់​បន្ថយ​ភាព​គ្មាន​ទោសពៃរ៍ ឬ​បញ្ហា​និទ្ទណ្ឌភាព​នៅ​កម្ពុជា។

ដោយ វណ្ណ វិចារ
2013-07-10


អតីត ​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឈូក បណ្ឌិត ដើរ​ចូល​សវនាការ​សាលា​ឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១៣។ RFA/Ouk Savborey
កន្លង​មក គេ​ធ្លាប់​តែ​ឮ​ថា សមត្ថកិច្ច​ផ្ដល់​រង្វាន់​ឲ្យ​ពលរដ្ឋ ដើម្បី​ជួយ​ចាប់​ជន​ជាប់​ចោទ ឬ​ឧក្រិដ្ឋជន​ដែល​កំពុង​រត់​គេច​ខ្លួន។ ប៉ុន្តែ ករណី​បាញ់​កម្មករ​នៅ​បាវិត វិញ គេហទំព័រ​សារព័ត៌មាន​មួយ​ឈ្មោះ ដើម​ត្នោត ប្រកាស​ថា សាធារណជន​មួយ​ចំនួន​បាន​ប្រមូល​ផ្ដុំ​គ្នា​ជា​ថវិកា​ចំនួន ៧​លាន​រៀល តម្កល់​ទុក​នៅ​អង្គភាព​នេះ ដើម្បី​ជា​រង្វាន់​ជូន​សមត្ថកិច្ច​សម្រាប់​ការ​ចាប់​ខ្លួន​ជន​ជាប់​ចោទ ឈូក បណ្ឌិត។
មន្ត្រី​ការ​ផ្សាយ​របស់​គេហទំព័រ ដើម​ត្នោត (WWW.DTN7.COM) លោក រដ្ឋា នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា មាន​ប្រសាសន៍​ថា ប្រាក់​ចំនួន ៧​លាន​រៀល​នេះ​បាន​មក​ពី​សាធារណជន​ជា​ច្រើន​នាក់ រៃ​អង្គាស​គ្នា​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​លុប​បំបាត់​និទ្ទណ្ឌភាព​នៅ​ កម្ពុជា។ លោក​បន្ត​ថា សារព័ត៌មាន​ដើម​ត្នោត ជា​អ្នក​ទទួល​ខុស​ត្រូវ​ផ្សព្វផ្សាយ​ពី​ដំណឹង​ប្រាក់​រង្វាន់​នេះ និង​ជា​អ្នក​តម្កល់​ប្រាក់​រង្វាន់​នេះ​ទុក​ផ្ដល់​ជូន​សមត្ថកិច្ច និង​ពលរដ្ឋ​ទូទៅ​ដែល​អាច​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត បាន។ លោក​បញ្ជាក់​ថា ប្រាក់​ចំនួន ៧​លាន​រៀល​នេះ ជា​ប្រាក់​តិចតួច​មួយ ប៉ុន្តែ​ជា​ទឹក​ចិត្ត​ដ៏​ស្មោះសរ​របស់​ប្រជាពលរដ្ឋ ដែល​ចង់​ឃើញ​សង្គម​ខ្មែរ​មាន​យុត្តិធម៌។
ទន្ទឹម​នឹង​នេះ ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា មាន​ប្រសាសន៍​ថា ការ​ផ្ដល់​រង្វាន់​នេះ​ជា​សញ្ញា​ថ្មី​មួយ​ទៀត ដែល​បង្ហាញ​ឲ្យ​កាន់​តែ​ច្បាស់​ថា សាធារណជន​មិន​សុខ​ចិត្ត​ឲ្យ​លោក ឈូក បណ្ឌិត រួច​ខ្លួន​ឡើយ។ លោក​បន្ត​ថា ការ​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត ជា​ចំណោទ​មួយ​ដែល​រដ្ឋាភិបាល​មិន​អាច​មើល​រំលង​ទេ ព្រោះ​ថា​វា​នឹង​អាច​ប៉ះពាល់​ដល់​ការ​សម្រេច​ចិត្ត​បោះឆ្នោត​របស់​កម្មករ​ រាប់​ម៉ឺន​នាក់។
ទាក់ទង​នឹង​ការ​ស្វែង​រក​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត មន្ត្រី​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធិ កាល​ពី​ថ្ងៃ​ទី៩ ខែ​កក្កដា បាន​ថ្លែង​ប្រាប់​វិទ្យុ​ក្នុង​ស្រុក​ថា សមត្ថកិច្ច​កំពុង​តែ​តាម​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត យ៉ាង​មមាញឹក ប៉ុន្តែ​មិន​ទាន់​ទទួល​ដំណឹង​ប្រាកដ​ថា ជន​ជាប់​ចោទ​កំពុង​រស់នៅ​លាក់​ខ្លួន​នៅ​ឯណា​ទេ។ លោក​បន្ត​ថា ម្ដង​ឮ​ថា​នៅ​មណ្ឌលគិរី ម្ដង​រតនគិរី តែ​លោក​ធានា​ថា បុគ្គល ឈូក បណ្ឌិត មិន​អាច​ចេញ​ក្រៅ​ស្រុក​បាន​ឡើយ។
កាល​ពី​ថ្ងៃ​ទី២៥ ខែ​មិថុនា តុលាការ​ខេត្ត​ស្វាយរៀង បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លោក ឈូក បណ្ឌិត កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១​ឆ្នាំ​កន្លះ និង​ពិន័យ​ជា​ប្រាក់ ៣៨​លាន​រៀល ក្នុង​សំណុំ​រឿង​បាញ់​កម្មករ​ឲ្យ​របួស កាល​ពី​ដើម​ឆ្នាំ​២០១២។ ក្រោយ​ពី​ប្រកាស​សាលក្រម​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី២៦ មិថុនា ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង លោក ហ៊ីង ប៊ុនជា បាន​ចេញ​ដីកា​ឲ្យ​ប៉ូលិស​តាម​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត យក​មក​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons