Wednesday, July 10, 2013

កុមា​រា​ពីរ​នាក់​ទៅ​លេង​ទឹក​រណ្តៅ​រអិល​ជើង​ធ្លាក់​លង់​ស្លាប់​ទាំង​ពីរ​នាក់​



ដោយ​ ៖ ច​ន្ថា​|ថ្ងៃទី 10 កក្កដា 2013 ម៉ោង 18:43:46
     
ខេត្តកំពង់ឆ្នាំង​៖​ កុមា​រ៉ា​ពីរ​នាក់​ដែល​ជា​កូន​កម្មករ​ឡឥដ្ឋ​ បាន​ស្លាប់​នៅ​ក្នុង​ទឹក​រណ្តៅ​ជ្រៅ​ដែល​គេ​ជីក​ យក​អាច​ម៌​ដី​ ខណៈ​ដែល​កុមារ​ទាំង​ពីរ​នាក់​នេះ​ ធ្លាក់​ទៅ​ក្នុង​អន្លង់​ទឹក​ជ្រៅ​ លង់​ស្លាប់​ទាំង​ពីរ​នាក់​បងប្អូន​ ។​ ​ហេតុ​ការ​ណ៌​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០១៣​ ក្នុងភូមិ​ទី​១​ សង្កាត់​ខ្សា​ម​ ក្រុង​កំពង់ឆ្នាំង​ ។​
​សមត្ថកិច្ច​ដែល​ចុះ​ពិនិត្យ​កន្លែង​ កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ ក្មេង​ប្រុស​រង​គ្រោះ​ទាំង​ពីរ​នាក់​នេះ​ ម្នាក់​ឈ្មោះ​ បាត់​ ណេ​ន​ អាយុ​៧​ឆ្នាំ​ និង​ម្នាក់​ទៀត​ឈ្មោះ​ បាត់​ នី​ន​ អាយុ​៦​ឆ្នាំ​ ។​ ពួក​គេ​ទាំង​ពីរ​នាក់​ ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា​ដែល​ឪពុក​ម្តាយ​ ធ្វើ​ជា​កម្មករ​ ឡឥដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ​ ។​
​សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ទៀត​ថា​ នៅ​វេលា​ម៉ោង​ប្រមាណ​ជា​១​រសៀល​ ក្មេង​ប្រុស​ទាំង​ពីរ​នាក់​បាន​នាំ​គ្នា​ចេញពី​កន្លែង​ម្តាយ​ធ្វើការ​ ទៅ​លេង​នៅ​ខាងក្រៅ​។​ ដោយ​បាត់​កូន​យូរ​ពេក​ នៅ​វេលា​ម៉ោង​៤​ និង​ ៣០​នាទី​រសៀល​ ឪពុក​ម្តាយ​និង​អ្នកធ្វើការ​ជាមួយ​ បាន​នាំ​គ្នា​ដើរ​រក​ ក៏​ឃើញ​ ខោអាវ​របស់​ពួក​គេ​នៅ​ក្បែរ​មាត់ទឹក​ រណ្តៅ​ដែល​គេ​ជីក​អាច​ម៌​ដី​យក​ធ្វើ​ផ្លូវ​ មានការ​សង្ស័យ​ បាន​នាំ​គ្នា​ចុះ​រាវ​ក្នុង​ទឹក​ ក៏​ប្រទះ​ឃើញ​សាកសព​ក្មេង​ប្រុស​ពីរ​នាក់​បងប្អូន​ស្លាប់​នៅ​ក្បែ​គ្នា​ ។​
​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ ក្នុង​ខណៈ​ពេល​ដែល​ក្មេង​ប្រុស​ ទាំង​ពីរ​នាក់​ចុះ​លេង​ ទឹក​នោះ​ អាច​មាន​ម្នាក់​ត្រូវ​រអិល​ជើង​ធ្លាក់​ទៅ​ទឹក​ជ្រៅ​បណ្តាល​ឲ្យ​លង់​ ហើយ​ម្នាក់​ទៀត​ ចូល​ទៅ​ជួយ​ ក៏​ត្រូវ​លង់​ស្លាប់​ទាំង​ពីរ​នាក់​តែ​ម្តង​ ៕​

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons