Tuesday, July 9, 2013

យុវជន​ជា​កូន​អ្នក​កសិករ​ម្នាក់​ត្រូវបានជ្រូកព្រៃខាំ


ដោយ​ ៖ ឡុង សំបូរ|ថ្ងៃទី 09 កក្កដា 2013 ម៉ោង 15:00:52
     
ខេត្តស្ទឹងត្រែង​ ៖​ យុវជន​ជា​កូន​អ្នក​កសិករ​ម្នាក់​បាន​រួច​ពី​សេចក្តីស្លាប់​ នៅ​ក្រោយ​ការ​ជួយ​សង្គ្រោះ​ បន្ទាន់​ដោយ​យកចិត្តទុកដាក់​ ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ជំនាញ​ នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្ទឹងត្រែង​ គ្រា​ដែល​ជន​រង​គ្រោះ​នោះ​ ត្រូវ​បាន​គេ​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​ខេត្ត​ បន្ទាប់​ពី​ត្រូវ​ជ្រូកព្រៃ​មួយ​ក្បាល​ ដេញ​ខ្វេះ​ នៅ​ក្នុង​ព្រៃ​ក្រោយ​ភូមិ​ឲ្យ​រង​របួសធ្ងន់​នោះ​រួច​មក​។​
​ហេតុការណ៍​ ជ្រូកព្រៃ​ដេញ​ខ្វេះ​មនុស្ស​ បង្ក​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ខាងលើ​នោះ​ ត្រូវ​គេ​និយាយ​ថា​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៦​និង​៤៥​នាទី​ព្រឹក​ ថ្ងៃ​ទី​៨​ ខែកក្កដា​ ឆ្នាំ​២០១៣​ នៅ​ក្នុង​ព្រៃ​ក្រោយ​ភូមិ​ប្រមាណ​ជា​២០០​ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​កោះ​សំពាយ​ ឃុំ​កោះ​សំពាយ​ ស្រុក​សៀម​បូក​ ខេត្តស្ទឹងត្រែង​ ហើយ​ត្រូវ​ បាន​ក្រុម​គ្រួសារ​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ នា​រសៀល​ថ្ងៃ​ ខែ​ ឆ្នាំ​ដដែល​ ដើម្បី​ជួយ​សង្គ្រោះ​ជា​ បន្ទាន់​ ។​
​យុវជន​រង​គ្រោះ​ ត្រូវ​គេ​ស្គាល់ឈ្មោះ​ ទូច​ ឬ​ទ្ធី​ អាយុ​១៨​ឆ្នាំ​ រស់​ក្នុង​បន្ទុក​ឪពុក​ម្តាយ​ក្នុងភូមិ​ ឃុំ​ ខាង​ លើ​ ហើយ​ត្រូវ​បាន​សត្វ​ជ្រូកព្រៃ​ចាស់​មួយ​ក្បាល​ រត់​ចេញ​ក្នុង​ព្រៃ​ជ្រៅ​ដេញ​ឆ្កឹះ​ធ្វើ​ឲ្យ​រង​របួស​សព្វ​សាច់​ ទាំងអស់​ នៃ​រាង​កាយ​ ។​

​គ្រួសារ​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា​ នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ឈ្មោះ​ ទូច​ ឬ​ទ្ធី​ បាន​រួម​ដំ​ ណើ​រ​ចេញពីផ្ទះ​ជាមួយនឹង​ប្អូនប្រុស​គេ​ម្នាក់​ទៀត​ឈ្មោះ​ ទូច​ ជីវ៉ា​ អាយុ​១៥​ឆ្នាំ​ ដើម្បី​ដើរ​រក​សត្វ​ក្របី​ដែល​ បាន​បាត់​នា​ថ្ងៃ​កន្លង​មក​ ។​ រីឯ​ការ​ដើរ​រក​នោះ​ជន​រង​គ្រោះ​បាន​ដើរ​រុក​សព្វ​ទីកន្លែង​ ហើយ​នៅ​ចុង​ក្រោយ​គឺ​ បាន​ដើរ​រក​នៅ​ក្នុង​ព្រៃ​ខាងក្រោយ​ភូមិ​ មាន​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​ជា​២០០​ម៉ែត្រ​ ខណៈ​កំពុង​ដើរ​ឆ្លងកាត់​ ព្រៃ​នោះ​ ស្រាប់តែ​មាន​សត្វ​ជ្រូកព្រៃ​មួយ​ក្បាល​ រត់​មក​សំដៅ​ហើយ​ដេញ​បុក​ពីក្រោយ​ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ ដេក​ដួល​ទៅ​លើ​ដី​ សត្វ​ជ្រូកព្រៃ​បានដៃ​ខ្វេះ​ឆ្កឹះ​ជន​រង​គ្រោះ​ស្ទើរ​ផុត​ជីវិត​ តែ​ត្រូវ​បាន​អ្នកស្រុក​ជួយ​ទាន់​ ចំណែក​សត្វ​ជ្រូកព្រៃ​កាច​សាហាវ​នោះ​ ត្រូវ​បាន​អ្នកស្រុក​ព័ទ្ធ​ចាប់​កាប់​យក​សាច់​ធ្វើ​ជា​អារ​ហារ​ ។​
សូម​ជំរាប​ថា​ នេះ​ជា​ច្រើន​លើក​ទី​២​ហើយ​ ដែល​សត្វ​ជ្រូកព្រៃ​បាន​ខ្វេះ​មនុស្ស​ឲ្យ​រង​របួសធ្ងន់​ តែ​ជន​ រង​គ្រោះ​ទាំង​ពីរ​ ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​ ៕​

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons