Saturday, July 13, 2013

ក្រុម​យុវជន​ជួប​គ្នា​ស្វែង​យល់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣


សមាគម​យុវជន​ខ្មែរ បាន​ឲ្យ​ដឹង​ថា មាន​យុវជន​រាប់​រយ​នាក់​កំពុង​ស្វែង​យល់​ពី​ដំណើរ​ការ​បោះឆ្នោត​ជ្រើស​រើស​ តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ខែ​កក្កដា។ ជាមួយ​គ្នា​នេះ ក៏​មាន​យុវជន​រាប់​សែន​នាក់ បាន​បង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្ដាញ​សង្គម ដើម្បី​ទាក់ទាញ​ក្រុម​យុវជន​ឲ្យ​ទទួល​បាន​ព័ត៌មាន​ត្រឹមត្រូវ អំពី​សារៈសំខាន់​នៃ​ដំណើរ​ការ​បោះឆ្នោត។

ដោយ ដែន អយុធ្យា
2013-07-13




យុវជន បោះឆ្នោត ៦១០
សិក្ខាកាម​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា ស្ដីពី “យុវជន​ខ្មែរ​ត្រៀម​លក្ខណៈ​ដើម្បី​ចូលរួម​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣” នា​ទីស្នាក់ការ​សមាគម​យុវជន​ខ្មែរ ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១២ ខែ​កក្កដា ឆ្នាំ​២០១៣។ RFA/Den Ayuthyea
សមាគម​យុវជន​ខ្មែរ​ផ្តល់​ការ​ស្វែង​យល់ និង​អប់រំ​បំផុស​ឲ្យ​យុវជន​ចូលរួម​បោះឆ្នោត​ជាតិ ថ្ងៃ​ទី២៨ ខែ​កក្កដា ឲ្យ​បាន​ទាំងអស់​គ្នា។ ការ​ជំរុញ​នេះ ធ្វើ​ឡើង​តាម​រយៈ​សន្និសីទ​ស្ដីពី “យុវជន​ខ្មែរ​ត្រៀម​លក្ខណៈ​ដើម្បី​ចូលរួម​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣” នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី១២ ខែ​កក្កដា នា​ទីស្នាក់ការ​ក្រុង​ភ្នំពេញ មាន​សិក្ខាកាម​ជា​យុវជន​ចូលរួម​ប្រមាណ ៦០០​នាក់។
ប្រធាន​សមាគម​យុវជន​ខ្មែរ លោក ម៉ាក ចំរើន បាន​ឲ្យ​ដឹង​ថា សន្និសីទ​នេះ​មាន​គោលដៅ​បង្កើន​ចំណេះ​ដឹង​ដល់​យុវជន អំពី​គោលការណ៍​នៃ​ការ​បោះឆ្នោត​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ព្រម​ទាំង​កសាង​នូវ​ទំនុក​ចិត្ត​ដល់​អ្នក​បោះឆ្នោត​ជា​យុវជន។ ជាង​នេះ ក៏​ផ្តល់​ឱកាស​ដល់​យុវជន​ចូលរួម​ចុះ​ឈ្មោះ​ជា​អ្នក​អង្កេត​ការណ៍​ជាតិ និង​លើក​ទឹក​ចិត្ត​យុវជន​ឲ្យ​ទៅ​បោះឆ្នោត​ឲ្យ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​ គ្នា។ លោក​បន្ត​ថា មាន​យុវជន​ជាង ១​សែន​នាក់ បាន​ត្រៀម​ចូលរួម​បោះឆ្នោត​សភា​អាណត្តិ​ទី៥ នៅ​ថ្ងៃ​អាទិត្យ ទី២៨ ខែ​កក្កដា។
លោក​បន្ត​ថា ក្រោយ​បញ្ចប់​សន្និសីទ​អប់រំ​នេះ ក្រុម​យុវជន​នឹង​រួម​គ្នា​បង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​តាម​រយៈ​ ហ្វេសប៊ុក (Facebook) ធ្វីតធើ (Twitter) និង យូធុប (Youtube) ជាដើម ដើម្បី​ទាក់ទាញ​ក្រុម​យុវជន​ដទៃ​ទៀត​អាច​ទទួល​បាន​ព័ត៌មាន​នៃ​ដំណើរ​ការ​ បោះឆ្នោត​ជាតិ​អាណត្តិ​ទី៥ បាន​ត្រឹមត្រូវ។ លោក ម៉ាក ចំរើន បន្ត​ថា យុវជន​ដែល​បាន​ចូលរួម​សន្និសីទ​អប់រំ​ពី​សារៈសំខាន់​នៃ​ការ​បោះឆ្នោត​នេះ មក​ពី​គ្រឹះស្ថាន​ឧត្តម​សិក្សា​នានា ក្រុម​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា យុវជន​ពិការ យុវជន​ប្រកប​របរ​នៅ​តាម​ក្លិប​រាត្រី​ជាដើម។
លោក​ថា ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី៥ សមាគម​យុវជន​ខ្មែរ​ទទួល​បាន​អ្នក​ស្ម័គ្រចិត្ត​ជា​យុវជន​ជាង ៦០០​នាក់ ចូលរួម​អង្កេត​ការណ៍​បោះឆ្នោត​នៅ​តាម​មណ្ឌល ឬ​ការិយាល័យ​បោះឆ្នោត​នានា​ក្នុង​រាជធានី-ខេត្ត​ចំនួន​១៣ ដើម្បី​ឃ្លាំ​មើល​ស្ថានការណ៍​បោះឆ្នោត។
ក្រុម​យុវជន​ដែល​បាន​ចូលរួម​សន្និសីទ​អប់រំ​ពី​សារៈសំខាន់​នៃ​ការ​ បោះឆ្នោត​ជាតិ ផ្ដើម​ដោយ​សមាគម​យុវជន​ខ្មែរ ថា​បាន​ជួយ​ឲ្យ​ពួក​គាត់​ងាយ​សម្រេច​ចិត្ត​ជ្រើស​រើស​មេ​ដឹកនាំ​ប្រទេស​នា​ ថ្ងៃ​ខាង​មុខ។
យុវតី ឆៃ ធីតា មន្ត្រី​អង្គការ​ជន​ពិការ​កម្ពុជា ក៏​បាន​ចាត់​ទុក​សិក្ខា​សាលា​អប់រំ​ពី​ការ​បោះឆ្នោត ថា​មាន​សារៈសំខាន់​ដល់​យុវជន ក្នុង​ការ​ធ្វើ​ការ​សម្រេច​អ្នក​ដឹកនាំ​ប្រទេស​បាន​ត្រឹមត្រូវ។ តាម​រយៈ​សន្និសីទ​នេះ កញ្ញា ធីតា នឹង​ជួយ​ចែក​រំលែក​ព័ត៌មាន​ស្ដីពី​ការ​បោះឆ្នោត តាម​រយៈ​បណ្ដាញ​ព័ត៌មាន​សង្គម ឬ​ហ្វេសប៊ុក របស់​ខ្លួន​ទៅ​ដល់​យុវជន​ដទៃ​ទៀត ចូលរួម​ស្វែង​យល់​ក្នុង​ការ​ចូលរួម​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឲ្យ​ បាន​ទាំងអស់​គ្នា។
យ៉ាង​ណា​ក៏ដោយ លោក ម៉ាក ចំរើន ប្រធាន​សមាគម​យុវជន​ខ្មែរ បញ្ជាក់​ថា ការ​ចូលរួម​របស់​យុវជន​ក្នុង​ការ​បោះឆ្នោត ពិត​ជា​មាន​សារៈសំខាន់ ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​លើ​សេចក្តី​សម្រេច​ចិត្ត​ឲ្យ​យុវជន​បាន​ចូលរួម​ក្នុង​ វិស័យ​នយោបាយ ពង្រឹង​នូវ​ឥរិយាបថ និង​សក្ដានុពល និង​សម្រេច​ឲ្យ​បាន​នូវ​ការ​ចូលរួម​នយោបាយ ដើម្បី​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ។ លោក​នៅ​តែ​ចាត់​ទុក​ការ​ចូលរួម​របស់​យុវជន ថា​ពិត​ជា​មាន​សារៈសំខាន់ ដែល​ជួយ​ដល់​ពួក​គាត់​ឲ្យ​ក្លាយ​ជា​សសរ​ទ្រូង​នៃ​សង្គម​មួយ​យ៉ាង​រឹងមាំ សម្រាប់​នយោបាយ និង​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​ក្នុង​ប្រទេស​កម្ពុជា។
លោក កែម ឡី អ្នក​វិភាគ​ឯករាជ្យ និង​ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម មាន​ប្រសាសន៍​ថា អាណត្តិ​បោះឆ្នោត​សភា​អាណត្តិ​ទី៥ ឃើញ​មាន​ក្រុម​យុវជន​ចូលរួម​ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​និមួយៗ​មាន​ការ​ ផុលផុស។ ប៉ុន្តែ លោក​ថា ការ​ចូលរួម​ត្រឹម​ហែ​ក្បួន​ឃោសនា​របស់​យុវជន មិន​ទាន់​គ្រប់គ្រាន់​ទេ គឺ​យុវជន​ទាំង​នោះ​ត្រូវ​ចូលរួម​ស្វែង​យល់​ពី​គោល​នយោបាយ​គណបក្ស​និមួយៗ​ឲ្យ ​បាន​ត្រឹមត្រូវ និង​ងាយ​សម្រេច​ចិត្ត។
លោក​អំពាវនាវ​ថា យុវជន​គ្រប់​រូប​គួរ​មាន​ឆន្ទៈ​ចូលរួម​អង្កេត​ការណ៍ ឬ​តាម​ដាន​រាល់​សកម្មភាព​ធ្វើ​នយោបាយ ឬ​ការ​បោះឆ្នោត​នានា ដោយ​មិន​ចាំបាច់​មាន​អ្នក​ជំរុញ​នោះ​ទេ។
ទាក់ទិន​បញ្ហា​នេះ លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ស្នើ​ឲ្យ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​គណបក្ស​នយោបាយ ឲ្យ​ចូលរួម​អង្កេត​ពី​ដំណើរ​ការ​បោះឆ្នោត​សភា​អាណត្តិ​ទី៥ ឲ្យ​បាន​ទាំងអស់​គ្នា ដើម្បី​ជំរុញ​ឲ្យ​មាន​ដំណើរ​ការ​ល្អ​ក្នុង​ការ​បោះឆ្នោត។ លោក​ថា គិត​ត្រឹម​ថ្ងៃ​ទី១១ ខែ​កក្កដា មាន​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ ជាង ២០.៥០០​នាក់ បាន​ចុះ​ឈ្មោះ​អង្កេត​ការណ៍​បោះឆ្នោត​សភា​អាណត្តិ​ទី៥។
មន្ត្រី គ.ជ.ប បាន​ឲ្យ​ដឹង​ថា អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១២ សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត​សភា​អាណត្តិ​ទី៥ មាន​ជាង ៩​លាន​នាក់។ ចំនួន​នេះ លោក ម៉ាក ចំរើន បញ្ជាក់​ថា មាន​យុវជន​អាយុ​ក្រោម ៣០​ឆ្នាំ ជាង ៣​លាន​នាក់។ ក្នុង​នោះ យុវជន​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ជាង ៣៧​ម៉ឺន​នាក់។ មន្ត្រី គ.ជ.ប បាន​ឲ្យ​ដឹង​ថា ការ​បោះឆ្នោត​សភា​អាណត្តិ​ទី៥ មាន​ការិយាល័យ​បោះឆ្នោត​សរុប​ចំនួន ១៩.០០៩​ការិយាល័យ។ ក្នុង​នោះ​មាន​ឃុំ-សង្កាត់​សរុប​ចំនួន ១.៦៣៣​ឃុំ​សង្កាត់ នៅ​ទូទាំង​ប្រទេស៕RFA

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons