Monday, July 15, 2013

ព្រៃ​សហគមន៍​ពីរ​នៅ​ឧត្តរ​មាន​ជ័យ​រង​ការ​កាប់​បំផ្លាញ


Monday, 15 July 2013
ផាក់ ស៊ាងលី
ភ្នំពេញ ប៉ុស្តិ៍

130715_07
ប្រជា​​​ពល​រដ្ឋ​ជួប​ប្រជុំ​នៅ​កណ្តាល​ព្រៃ​សហគមន៍​ដុង​បេង​​ ក្នុង​ឃុំ​បេង ស្រុក​បន្ទាយ​អម្ពិល​កន្លង​មក។ រូបថត សហ​ការី
ឧត្តរ​មាន​ជ័យៈ ប្រជា​សហគមន៍​ព្រៃឈើ​បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​ដី​ព្រៃ​សហគមន៍​ជិត ​៤០០០ ​ហិកតា ស្ថិត​នៅ​ក្នុង​ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរ​មាន​ជ័យ កំពុង​ត្រូវ​បាន​កាន់​កាប់​និង​ឈូស​ឆាយ​យក​ដី​លក់​យ៉ាង​អនាធិបតេយ្យ ពី​សំណាក់​ក្រុម​យោធា និង​អ្នក​មាន​អំណាច។
លោក ឌិន ហេង​ប្រធាន​សហគមន៍​ព្រៃឈើ​អណ្តូងបរ បាន​ឲ្យ​ដឹង​ថា សហគមន៍​ព្រៃឈើ​អណ្តូងបរ និង​ដុងបេង ស្ថិត​នៅ​ក្នុង​ឃុំ បេង ស្រុក​បន្ទាយ​អំពិល​កំពុង​ត្រូវ​បាន​ចូល​បោះ​ទីតាំង និង​កាប់​ឆ្ការ​ឈូស​ឆាយ​លក់​ដោយ​ក្រុម​ទាហាន និង​ប្រជា​ពលរដ្ឋ​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ។
លោក​បាន​ថ្លែង​ថា​៖«សហគមន៍​យើង​អស់​ទឹក​ចិត្ត​ថែរក្សា​ហើយ យើង​ក៏​គ្មាន​អំណាច​អី​ទៅ​ទប់​ស្កាត់​គេ​ទេ មាន​តែ​រាយការណ៍​ទៅ​រដ្ឋបាល​ព្រៃ​ឈើ​ប៉ុណ្ណោះ។​ព្រៃឈើ​នឹង​វិនាស​មិន​ខាន​ ឡើយ»។
លោក​បាន​បន្ត​ថា​ប្រជា​សហគមន៍​បាន ចាប់​ផ្តើម​ធ្វើ​ការ​ថែរក្សា ព្រៃ​សហគមន៍​អណ្តូងបរ​៦១១៤​ហិកតា​ចាប់​តាំង​ពី​ឆ្នាំ​២០០៤​មក បន្ទាប់​ពី​ក្រសួង​កសិកម្ម​ប្រកាស​ទទួល​ស្គាល់ និង​មាន​កិច្ចសន្យា​ការពារ​រវាង​ប្រជា​សហគមន៍ និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ។
លោក​ជូន សុភណ្ឌ​លេខា​សហគមន៍​ព្រៃឈើ​ដុងបេង​ក៏​បាន​អះអាង​ថា​ព្រៃ​សហគមន៍​ដុងបេង​តែង​ ត្រូវ​បាន​ក្រុម​យោធា​ចូល​មក​បោះ​ទីតាំង​ស្ទើរ​គ្រប់​ទី​កន្លែង ទាំង​អស់ ហើយ​ថែម​ទាំង​ជួល​ត្រាក់ទ័រ និង​អេស្កាវ៉ាតទ័រ ម៉ាស៊ីន​អារ​ឈើ​ប្រមាណ​ជា​១០​គ្រឿង​ឈូស​ឆាយ និង​កាត់​ដើម​ឈើ​យក​ទៅ​លក់​ឲ្យ​ពលរដ្ឋ​អស់​ប្រហែល​ជា​៤០​ហិកតា​ហើយ។ លោក​បាន​ថ្លែង​ថា៖​«ទាហាន​បាន​កាប់​ឆ្ការ​ដី​ព្រៃ​លក់​ឲ្យ​ពលរដ្ឋ​តម្លៃ​១៥០ ដុល្លារ​ក្នុង​មួយ​ហិកតា»។
លោក​សារ ខ្លៃ​ប្រធាន​បណ្តាញ​សហគមន៍​ព្រៃឈើ​ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​អះអាង​ថា សហគមន៍​ព្រៃឈើ​អណ្តូងបរ និង​ដុងបេង​ត្រូវ​បាន​យោធា​កងពល​លេខ​៤ លេខ​៥ និង​កង​ពល​ថ្មើរ​ជើង​លេខ​២​ចូល​បោះ​ទីតាំង ហើយ​កាន់​កាប់​ស្ទើរ​ទាំងអស់​ទៅ​ហើយ។ លោក​បាន​បញ្ជាក់​ថា​៖«តាម​ពិត​ទាហាន​ត្រូវ​ការ​ដី​តែ​២៦០០​ហិកតា​ទេ តែ​ដោយ​សារ​តែ​ដី​រដ្ឋ​ត្រូវ​បាន​គេ​លក់​អស់ ទើប​ចូល​មក​បោះ​ទីតាំង​ក្នុង​ដី​សហគមន៍​វិញ»។
លោក រឹត បូរ ប្រធាន​កម្មវិធី​របស់​សហគមន៍​អភិវឌ្ឍន៍​កុមារ​(CDA)​ដែល​ផ្តល់​មូលនិធិ​ជួយ​ អភិវឌ្ឍន៍​សហគមន៍ និង​ឧបត្ថម្ភ​សហគមន៍​ក្នុង​ការ​ចុះ​ល្បាត​សហគមន៍​ព្រៃឈើ​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ទាហាន​បាន​ចូល​ទៅ​កាន់​កាប់​ក្នុង​ព្រៃ​សហគមន៍​ទាំង​ពីរ។ អង្គការ​លោក​បាន​ជួយ​ប្រជា​សហគមន៍​ឲ្យ​ដាក់​ជា​ពាក្យ​បណ្តឹង​ទៅ​រដ្ឋបាល ព្រៃឈើ អាជ្ញាធរ​និង​ស្ថាប័ន​រដ្ឋាភិបាល​មួយ​ចំនួន ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​ទេ។ លោក បាន​បញ្ជាក់​ថា៖«យើង​មាន​ការ​សោក​ស្តាយ​ពី​ព្រោះ​ទាំង​សហគមន៍ និង​អង្គការ​ខ្ញុំ​ជួយ​ការពារ​ព្រៃ​រហូត​មក»។
លោក ហ៊ីង ហឿន អភិបាល​រង​ស្រុក​បន្ទាយ​អំពិល​បាន​មាន​ប្រសាសន៍​ថា​កង​យោធា​ពិត​ជា​មាន បោះ​ទីតាំង​នៅ​ក្នុង​ព្រៃ​សហគមន៍​នោះ​មែន បន្ទាប់​ពី​មាន​បញ្ហា​ជាមួយ​ប្រទេស​ជិត​ខាង។ លោក​បាន​ថ្លែង​ថា​៖«នេះ​ជា​បញ្ជា​របស់​រដ្ឋាភិបាល​ឲ្យ​បោះ​ទីតាំង​នៅ​ក្នុង​ ព្រៃ ហើយ​ជា​ធម្មតា​ពេល​យោធា​ទៅ​ទី​ណា​តែង​តែ​មាន​គ្រួសារ។ វា​មាន​ផល​ប៉ះ​ពាល់​ខ្លះ​ដល់​ព្រៃឈើ រដ្ឋ​ក៏​មាន​ដី​ខ្លះ​សម្រាប់​គ្រួសារ​កងទ័ព​នៅ​ជិត​ព្រៃ​សហគមន៍​ដែរ»។
ពុំ​អាច​ធ្វើ​ការ​ទាក់​ទង​យោធា​កងពល​លេខ​៤ លេខ​៥ និង​កងពល​ថ្មើរ​ជើង​លេខ​២​ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ថ្ងៃ ​ម្សិលមិញ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons