Wednesday, July 17, 2013

អ្នក​បឹង​កក់​និង​បុរី​កីឡា​បន្ត​ទាម​ទារ​​រក​​​ដំណោះស្រាយ​ពី​សាលា​រាជធានី


ខណៈ​ដែល​ការ​បោះ​ឆ្នោត​ជ្រើសតាំង​​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ខិត​ជិត​មក​ដល់ ក្រុម​អ្នក​ភូមិ​បឹងកក់ និង​ក្រុម​អ្នកភូមិ​បុរីកីឡា​ នៅតែ​បន្ត​ទាមទារ​ឲ្យ​សាលា​រាជធានី​ ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួក​គាត់​អោយ​បាន​មុន​ការ​បោះឆ្នោត​ខែ​កក្កដា ​នេះ។


បឹង​កក់ បុរី​កីឡា ៦១០
អ្នក​បឹង​កក់ និង​អ្នក​បុរី​កីឡា តវ៉ា​ទាមទារ​រក​ដំណោះស្រាយ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ក្រោម​ការ​ហ៊ុមព័ទ្ធ​របស់​កម្លាំង​មាន​សមត្ថកិច្ច នៅ​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១៣។ RFA/Yav Sokhim
អ្នក​តវ៉ា​ពី​សហគមន៍​បឹងកក់ និង​បុរី​កីឡា អះអាង​នៅ​ថ្ងៃ​ទី​១៥ កក្កដា ​​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ថា គោលបំណង​នៃ​ការ​តវ៉ា​ទាមទារ​ជា​ច្រើន​លើក​ច្រើន​សា​របស់​អ្នក​រង​គ្រោះ​ពី​ ផល​ប៉ះពាល់​ដោយ​ដី​ធ្លី​ទាំង​នេះ គ្មាន​អ្វី​ក្រៅ​ស្នើ​អោយ​អភិបាល​ក្រុង​ដែល​ទើប​តែ​ឡើង​ថ្មី លោក ប៉ា សុជាតិវង្ស អនុវត្ត​នូវ​វិធាន​ដ៏​មាន​ប្រសិទ្ធភាព​របស់​ខ្លួន​ដែល​ធ្លាប់​សន្យា​ជាមួយ​ ប្រជាពលរដ្ឋ។
តំណាង​ក្រុម​អ្នក​ភូម​បុរីកីឡា អ្នកស្រី​ ឆាយ គីមហ៊ន មាន​ប្រសាសន៍​ថា ក្រុម​អ្នក​ភូមិ​​បុរី ទាម​ទារ​សុំ​ឲ្យ​​ក្រុម​ការ​ងារ​​របស់​សាលា​រាជធានី​ចុះ​ហត្ថលេខា​ទទួល​ ស្គាល់​លើ​សលាកបត្រ​ព័ត៌មាន​ដែល​ក្រុម​ការងារ​​បាន​ចុះ​​ធ្វើ​ការ​ស្រង់​ ស្ថិតិ និង​​សុំ​ឲ្យ​​​ពន្យល់​​ពី​ចំនួន​គ្រួ​​សារ​​ដែល​នឹង​ទទួល​បាន​សំណង​នោះ​ ឡើយ។
រី​ឯ​តំណាង​​ក្រុម​អ្នក​ភូមិ​បឹង​កក់ អ្នកស្រី​ ទេព វន្នី ថ្លែង​ថា​ គោល​បំណង​នៃ​ទាម​ទារ​នេះ គឺ​សុំ​ឲ្យ​សាលា​​​ក្រុង​​​ពន្លឿន​ការ​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​ឲ្យ​បាន​មុន ​កា​របោះ​ឆ្នោត​​ជូន​ដល់​អ្នក​ភូមិ​បឹងកក់ ចំនួន ៤៧​គ្រួសារ​ដែល​មិន​ទាន់​ទទួល​បាន​​ដំណោះ​ស្រាយ​តាម​ការ​សន្យា​របស់​អភិបាល​ ក្រុង​ភ្នំពេញ​ លោក ប៉ា សុជាតិវង្ស។
ទាក់​ទង់​ទង​នឹង​ការ​ទាម​ទារ​របស់​​សហគមន៍​ទាំង​នេះ អនុ​ប្រធាន​​ផ្នែក​សិទ្ធិ​មនុស្ស​ និង​ជំនួយ​ផ្នែក​ច្បាប់​នៃ​សមាគម​អាដហុក (ADHOC) លោក​ ណៃ វ៉ង់ដា បាន​ឲ្យ​ដឹង​ថា រហូត​មក​ពេល​នេះ​ ដំណោះ​ស្រាយ​សម្រាប់​ក្រុម​​អ្នក​ភូមិ​ទាំង​បី​សហគមន៍ មិន​ទាន់​មាន​លក្ខណៈ​ជា​ដុំកំភួន​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា តាម​រយៈ​ព័ត៌មាន​ដែល​ទទួល​បាន ជីវភាព​របស់​ពួក​អ្នក​ភូមិ​ទាំង​នេះ​កាន់​តែ​លំបាក​ទៅៗ។
លោក​បាន​សំណូម​ ពរ​សុំ​ឲ្យ​សាលា​រាជធានី​ជួយ​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី និង​ផ្ទះ​សំបែង​ជូន​ដល់​ក្រុម​អ្នក​ភូមិ​ទាំង​អស់ ជា​ពិសេស​មុន​​ពេល​ការ​បោះ​ឆ្នោត​​ជាតិ​ដែល​នឹង​ខិត​​ជិត​មក​ដល់​ខាង​មុខ​ នេះ​ ដើម្បី​បង្ហាញ​ពី​ការ​​បង្ហាញ​​​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​អាជ្ញាធរ​ ទៅ​កាន់​​ប្រជាពលរដ្ឋ។
ការ​ទាម​ទារ​របស់​អ្នក​ភូមិ​បឹងកក់ និង​បុរីកីឡា នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កក្កដា​ ត្រូវ​បាន​មន្ត្រី​​នាំ​ពាក្យ​របស់​សាលាក្រុង​ភ្នំពេញ លោក ឡុង ឌីម៉ង់ បាន​ច្រាន​ចោល​ ដោយ​បាន​លើក​ឡើង​ថា សាលា​រាជធានី​បាន​សន្យា​ថា​នឹង​ដោះ​ស្រាយ​ជូន​អ្នក​ភូមិ​ទាំង​ពីរ​សហគមន៍​នៅ ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ។
អាជ្ញាធរ​ខណ្ឌ​ដូនពេញ បាន​ដាក់​កម្លាំង​សន្តិសុខ រួម​នឹង​សមត្ថកិច្ច​ចម្រុះ​ប្រមាណ ១០០​នាក់ ប្រដាប់​ដោយ​ខែល​និង​ដំបង ដើម្បី​បំបែក​ក្រុម​អ្នក​តវ៉ា​ដីធ្លី​ដែល​ឈរ​បិទ​ផ្លូវ​មុខ​សាលា​រាជធានី​ ភ្នំពេញ។ អាជ្ញាធរ​ក៏​បាន​បម្រុង​ឡាន​ពន្លត់​អគ្គិភ័យ​ចំនួន​ ៣​គ្រឿង​ផង​ដែរ​ក្នុង​ការ​ទាមទារ​តវ៉ា​នេះ។
ក្នុង​ហេតុការណ៍​នេះ មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​ស្ត្រី​បឹងកក់ និង​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ ដោយ​មាន​ការ​រុញ​ច្រាន​គ្នា​ទៅ​វិញ។
កាល​​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ការ​ប៉ះ​ទង្គិច​មួយ​បាន​កើត​ឡើង​រវាង​ក្រុម​សមត្ថកិច្ច និង​អ្នក​រងគ្រោះ​ដីធ្លី​ដោយ​បង្ក​អោយ​ស្ត្រី​បឹង​កក់ ពីរ​នាក់ គឺ​អ្នកស្រី ខែក ចាន់រស្មី អាយុ ៣៣​ឆ្នាំ ដែល​មាន​ផ្ទៃ​ពោះ​ទើប​តែ​ពីរ​ខែ​កន្លះ រលូត​កូន ខណៈ​ដែល​អ្នកស្រី​ចូល​ជួយ​អ្នក​តវ៉ា​ដទៃ​ទៀត ហើយ​អ្នកស្រី បូវ សោភា អាយុ ៣៦​ឆ្នាំ រង​របួស​ត្រង់​ពោះ៕ដោយ យ៉ាវ សុខហ៊ីម
2013-07-15
RFA

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons