Monday, March 18, 2013

ពលករ​ខ្មែរ​បន្ត​ចូល​ទៅ​ថៃ​រក​ការងារ​ធ្វើ


ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ ការងារ​នៅ​ប្រទេស​ថៃ បាន​កើន​ឡើង​កាន់​តែ​ខ្ពស់ នៅ​តាម​ច្រក​ប៉ោយប៉ែត និង​ច្រក​របៀង​តូចៗ ដូច​ជា​ច្រក​បឹង​ត្រកួន ទំនប់​ក៥ និង​ច្រក​ព្រៃគប់ ជាដើម ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្នុង​មួយ​ថ្ងៃ​មាន​ពលរដ្ឋ​ខ្មែរ​ត្រូវ​តម្រង​ជា​ជួរៗ​រាប់​ពាន់​នាក់ ឆ្លង​ចូល​ទៅ​ប្រទេស​ថៃ ដើម្បី​ស្វែង​រក​ការងារ​ធ្វើ។ ក៏ប៉ុន្តែ បញ្ហា​នេះ​ត្រូវ​បាន​ប្រធាន​ច្រក​ព្រំដែន​ជោគជ័យ ឲ្យ​ដឹង​ផ្សេង​ទៅ​វិញ​ថា បច្ចុប្បន្ន​នេះ​ពុំ​មាន​ពលករ​ចំណាក​ស្រុក​ទៀត​ទេ។
ពលករ​ខ្មែរ​អូស​រទេះ​ដែល​ផ្ទុក​សម្ភារៈ​ពី​កម្ពុជា ចូល​ទៅ​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី១៥ ខែ​មីនា ឆ្នាំ​២០១៣។ RFA/Morm Moniroth ពលរដ្ឋ ​នៅ​តាម​ជាយ​ដែន​កម្ពុជា-ថៃ និយាយ​ថា ពលករ​ខ្មែរ​នៅ​តែ​បន្ត​សម្រុក​ចូល​ទៅ​ប្រទេស​ថៃ ជា​បន្ត​បន្ទាប់​ក្នុង​មួយ​ថ្ងៃៗ​ជាច្រើន​រយ​នាក់ ដោយ​រួម​ទាំង​តាម​ច្រក​របៀង និង​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​ស៊ី​ឈ្នួល​ធ្វើ​ចម្ការ បើ​ទោះ​ជា​ត្រូវ​រង​ការ​ប្រមាថ​ដោយ​យោធា​ថៃ យ៉ាង​ណា​ក៏​ដោយ។
ពលរដ្ឋ​នៅ​ភូមិ​សាមគ្គីមានជ័យ សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ លោក ញាណ សុផល មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១៥ មីនា ថា ពលរដ្ឋ​កម្ពុជា បាន​បន្ត​ចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ជា​រៀងរាល់​ថ្ងៃ។ លោក​បន្ត​ថា នៅ​តាម​ច្រក​របៀង មុន​នឹង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លង​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ ដើម្បី​ស៊ី​ឈ្នួល​នោះ តម្រួត​ព្រំដែន​របស់​ថៃ តម្រូវ​ឲ្យ​ពលករ​ចំណាក​ស្រុក​ទាំងអស់​ត្រូវ​ឈរ​តម្រង​ជា​ជួរ និង​យក​ដំបង​រាប់​ក្បាល​មនុស្ស​ជា​ថ្នូរ​នឹង​ការ​អនុញ្ញាត​ឲ្យ​ឆ្លង​ដែន។
លោក ញាណ សុផល៖ «ចំណាក​ស្រុក​ទាំង​ ព្រឹក​ទាំង​ថ្ងៃ​បង មិន​ថា​ស្មើ​ម៉ាន យប់​ក៏​ចេញ​ទៅ ថ្ងៃ​ក៏​ចេញ​ទៅ​ដែរ ទាំង​យប់​ទាំង​ថ្ងៃ​រយៈពេល​ថា ២៤​ម៉ោង​បង។ ពេល​ណា​ដែល​ថា​គេ​តឹង​ខ្លាំង គាត់​មិន​ឲ្យ​ទៅ គេ​កាក់​នៅ ចំណាក​ស្រុក​នៅ​តាម​ព្រៃ​តាម​ដុប​អីចឹង​ទៅ។ ដល់​ពេល​រៀង​ថា​ធូរ​ទៅ នាំគ្នា​ចេញ​ទៅ»
លោក ញាណ សុផល ឲ្យ​ដឹង​ថា ប្រភេទ​ការងារ​ដែល​ពលករ​ខ្មែរ​ទទួល​បាន​នៅ​ប្រទេស​ថៃ រួម​មាន​ដក​ដំឡូង ច្រូត​ស្រូវ ដាំ​អំពៅ និង​ធ្វើ​ជា​កម្មករ​សំណង់​ជាដើម។ ចំណែក​តម្លៃ​ពលកម្ម​ដែល​ទទួល​បាន​ក្នុង​មួយ​ថ្ងៃ ចន្លោះ​ពី ១៥០ ទៅ ២៥០​បាត ឬ​ពី​ជាង ២​ម៉ឺន ទៅ​ជាង ៣​ម៉ឺន​រៀល ក្នុង​មួយ​ថ្ងៃ។
មាន​ដើម​កំណើត​នៅ​ស្រុក​លើកដែក ខេត្ត​កណ្ដាល លោកស្រី ផាន សុធា អះអាង​ថា ក្រុម​គ្រួសារ​របស់​ខ្លួន​បាន​ធ្វើ​ចំណាក​ស្រុក​មក​រស់នៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ នេះ អស់​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ ដោយ​គ្មាន​ជម្រើស និង​កម្លាំង​ពលកម្ម​ថោក​នៅ​ស្រុក​ខ្មែរ។ ពលរដ្ឋ​នៅ​តាម​ជាយ​ដែន រួម​ទាំង​គ្រួសារ​របស់​លោកស្រី​ផង ត្រូវ​បង្ខំ​ចិត្ត​ឆ្លង​ទៅ​ប្រទេស​ថៃ ដើម្បី​បាន​កម្រៃ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ព្រោះ​តែ​តម្លៃ​ពលកម្ម​នៅ​ទី​នោះ​ប្រសើរ​ជាង​កម្ពុជា។
ទោះ​ជា​បែប​ណា លោកស្រី​បញ្ជាក់​ថា ក្នុង​ពេល​បច្ចុប្បន្ន​នេះ ការ​ចេញ​ចូល​ត្រូវ​បាន​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ​រឹត​បន្តឹង​ជាង​មុន៖ «ហើយ ​ដល់​ពេល​យើង​ចូល​ទៅ ឥឡូវ​អត់​មាន​ទេ​ណា ឥឡូវ​យើង​សុទ្ធ​តែ​ធ្វើ​កាត បើ​សិន​អត់​មាន​កាត​ក៏​វា​អត់​ឲ្យ​យើង​ចូល​ដែរ។ យើង​ធ្វើ​កាត​ពាក់​ក បាន​គេ​ឲ្យ​យើង​ចូល បើ​យើង​មិន​មាន​កាត​គេ​មិន​ឲ្យ​យើង​ចូល​ទេ»
ក៏ប៉ុន្តែ បញ្ហា​នេះ​ត្រូវ​បាន​ប្រធាន​ប៉ូលិស​នៅ​ឃុំ​ជោគជ័យ លោក កាង សាវី អះអាង​ថា ពុំ​មាន​ពលករ​ខ្មែរ​ធ្វើ​ចំណាក​ស្រុក​ទៀត​នោះ​ទេ។ លោក​បន្ត​ថា ដោយ​ឡែក​ការ​ប្រមាថ​មើល​ងាយ​ពលករ​ខ្មែរ តាម​រយៈ​ការ​រាប់​ក្បាល​មនុស្ស​ដោយ​តម្រួត​ថៃ ដើម្បី​បាន​ឆ្លង​ដែន​ក៏​ពុំ​មាន​ទៀត​ដែរ៖ «ដូច​មិន​មាន​បង ទេ ឥឡូវ​នេះ មាន​មនុស្ស​អ៊ីចឹង ព្រោះ​យើង​ទៅ​ប្រជុំ​ទៅ​អី យើង​សំណូមពរ​ថា​ធ្វើ​ម៉េច​ឲ្យ​ក្នុង​លក្ខណៈ​មនុស្ស​ធម៌​ណា​បង»
លោក កែម ឡី អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់ និង​ជា​អ្នក​វិភាគ​សង្គម គិត​ថា មាន​ហេតុផល​មួយ​ចំនួន​រួម​មាន​កង្វះ​ទីផ្សារ​ការងារ​ក្នុង​ប្រទេស រដ្ឋាភិបាល​មាន​ការ​អភិវឌ្ឍ​តិចតួច​នៅ​តាម​ជាយ​ដែន ពលរដ្ឋ​ជំពាក់​បំណុល​ធនាគារ កម្លាំង​ពលកម្ម​ទាប និង​ដី​ស្ទើរ​ទាំង​ស្រុង​បាន​ក្លាយ​ជា​កម្មសិទ្ធិ​របស់​ក្រុម​ឈ្មួញ​ធំៗ និង​មន្ត្រី​មាន​អំណាច។ លោក​គិត​ថា ទាំង​នេះ​គឺ​ជា​មូលហេតុ​ដែល​ជំរុញ​ឲ្យ​មាន​ការ​ចំណាក​ស្រុក​កាន់​តែ​មាន​ កំណើន​ខ្ពស់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។
លោក កែម ឡី៖ «វិធានការ​ទប់ស្កាត់​មិន​ ឲ្យ​ប្រជាជន​ឆ្លង​ដែន វិធានការ​តឹងរ៉ឹង​ប្រជាជន​មិន​ឲ្យ​ឆ្លង​ដែន ខ្ញុំ​ថា​ហួស​សម័យ មិន​អាច​ទប់ស្កាត់​បាន​ទេ។ ប៉ុន្តែ​មាន​តែ​យើង​ធ្វើ​ការ​អភិវឌ្ឍ​តាម​ជាយ​ដែន​ហ្នឹង។ យើង​ធ្វើ​ផ្លូវ​ឲ្យ​ស្អាត​តាម​ជាយ​ដែន​ហ្នឹង។ យើង​ធ្វើ​លិខិត​ឆ្លង​ដែន​ឲ្យ​ប្រជាជន​តែ​ម្ដង ហើយ​យើង​ធ្វើ​លិខិត​ធ្វើ​ការងារ​ឲ្យ​ប្រជាជន​តែ​ម្ដង»
ក្នុង​ពេល​កន្លង​ទៅ នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ធ្លាប់​បាន​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​កម្ពុជា ធ្វើ​ចំណាក​ស្រុក​ដោយ​ប្រថុយប្រថាន​ទៅ​ប្រទេស​ថៃ ក្នុង​លក្ខខណ្ឌ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ។ លោក​បញ្ជាក់​ថា កម្ពុជា កំពុង​ប្រឈម​នឹង​វិបត្តិ​ខ្វះ​កម្លាំង​ពលកម្ម​ក្នុង​ស្រុក ក៏ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​សង្គម​គិត​ថា លោក ហ៊ុន សែន គួរ​កែ​ទម្រង់​រដ្ឋ​ជា​ជាង​ការ​អំពាវនាវ៕ ដោយៈ ម៉ម មុនីរតន៍ - RFA

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons