Monday, March 18, 2013

សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​តុលាការ​ភ្នំពេញ​កាត់​ក្ដី​លោកឈូក​បណ្ឌិត



អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឈូក បណ្ឌិត ដើរ​ចូល​សវនាការ​សាលា​ឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១៣។ RFA/Ouk Savborey សាលា ​ដំបូង​ខេត្ត​ស្វាយរៀង មិន​ទាន់​កំណត់​ពេល​វេលា​បើក​សវនាការ​សំណុំ​រឿង​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត នៅ​ឡើយ​ទេ បន្ទាប់​ពី​សាលា​ឧទ្ធរណ៍​បាន​បញ្ជូន​សំណុំ​រឿង​ដ៏​ចម្រូងចម្រាស​នេះ​ឲ្យ​ទៅ​ សាលា​ដំបូង​ខេត្ត​ស្វាយរៀង បើក​សវនាការ​ជំនុំ​ជម្រះ​ម្ដង​ទៀត​នោះ។
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ក្រុម​អង្គការ​សិទ្ធិ​មនុស្ស និង​ក្រុម​សហជីព​គ្មាន​ជំនឿ​ទៅ​លើ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ថា​នឹង​ផ្ដន្ទាទោស​លោក ឈូក បណ្ឌិត ដែល​ជា​ជន​សង្ស័យ​បាញ់​កម្មករ​នោះ​ទេ ពីព្រោះ​ដោយ​យល់​ឃើញ​ថា តុលាការ​នេះ​ធ្លាប់​បាន​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លោក ឈូក បណ្ឌិត ម្ដង​រួច​មក​ហើយ​នោះ។
អង្គការ​សិទ្ធិ​មនុស្ស និង​ក្រុម​សហជីព បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​មួយ ដោយ​ទាមទារ​ឲ្យ​សាលា​ឧទ្ធរណ៍​ពិចារណា​ឡើង​វិញ និង​បង្វែរ​សំណុំ​រឿង​លោក ឈូក បណ្ឌិត ឲ្យ​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ ជា​អ្នក​បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី​នេះ​វិញ។
ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម នៅ​ថ្ងៃ​ទី១៧ មីនា នេះ រួម​មាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សហភាព​សជីព​កម្ពុជា និង​សហភាព​ការងារ​កម្ពុជា។
លោក អាត់ ធន់ ជា​ប្រធាន​សហភាព​ការងារ​កម្ពុជា មាន​ប្រសាសន៍​ថា លោក ឈូក បណ្ឌិត ជា​ជន​សង្ស័យ​តែ​ម្នាក់​គត់​ក្នុង​ការ​បាញ់​រះ​ទៅលើ​ក្រុម​កម្មករ ធ្វើ​ឲ្យ​កម្មការិនី​បី​នាក់​រង​របួស​ធ្ងន់ ដែល​មាន​ទាំង​សាក្សី​ច្បាស់​លាស់​បាន​ឃើញ ហើយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ឧបនាយក​រដ្ឋមន្ត្រី​ក៏​ធ្លាប់​បាន​ចង្អុល​បង្ហាញ តែ​សាលា​ដំបូង​បាន​ត្រឹម​តែ​ចោទ​ប្រកាន់​ពី​ការ​បង្ក​របួស​ស្នាម​ដោយ​អចេតនា រហូត​ដល់​លើក​ការ​ចោទ​ប្រកាន់​លោក ឈូក បណ្ឌិត ទៅ​ទៀត។
ហើយ​សាលា​ឧទ្ធរណ៍​បាន​បញ្ជូន​សំណុំ​រឿង​ នេះ​ឲ្យ​សាលា​ដំបូង​ខេត្ត​ ស្វាយរៀង ជំនុំ​ជម្រះ​រឿង​ក្ដី​ឡើង​វិញ ដូច្នេះ​លោក​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​នេះ។
ទាក់ទង​នឹង​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​សាលា​ឧទ្ធរណ៍ ដើម្បី​សុំ​ធ្វើ​អត្ថាធិប្បាយ​អំពី​ករណី​ស្នើសុំ​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៧ មីនា។
កាល​ពី​ថ្ងៃ​ទី៤ មីនា សាលា​ឧទ្ធរណ៍​បាន​ប្រកាស​សាល​ដីកា​អសាធារណៈ ចោទ​ប្រកាន់​លោក ឈូក បណ្ឌិត ជា​អភិបាល​ក្រុង​បាវិត ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា​តាម​ក្រម​ព្រហ្មទណ្ឌ​មាត្រា​២៣៦ ហើយ​បញ្ជូន​សំណុំ​រឿង​នេះ និង​ជន​ត្រូវ​ចោទ ឈូក បណ្ឌិត ទៅ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ដើម្បី​ជំនុំ​ជម្រះ​តាម​ផ្លូវ​ច្បាប់។
ការ​ផ្ដន្ទាទោស​តាម​មាត្រា​២៣៦ នៃ​ក្រម​ព្រហ្មទណ្ឌ​ឆ្នាំ​២០០៩ គឺ​ត្រូវ​មាន​ទោស​ជាប់​ពន្ធនាគារ​ពី ៦​ខែ ដល់ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ ៤​លាន​រៀល។
ក៏ប៉ុន្តែ នៅ​ខណៈ​ដែល​សាលា​ដំបូង​ខេត្ត​ស្វាយរៀង មិន​ទាន់​មាន​គម្រោង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​នេះ ក្រុម​សហជីព និង​អង្គការ​សិទ្ធិ​មនុស្ស​សុំ​ឲ្យ​សាលា​ឧទ្ធរណ៍​បង្វែរ​សំណុំ​រឿង​នេះ​មក​ សាលា​ដំបូង​រាជធានី​ភ្នំពេញ ជំនុំ​ជម្រះ​វិញ ដោយ​ហេតុ​ថា តុលាការ​ខេត្ត​ស្វាយរៀង ធ្លាប់​បាន​បង្ហាញ​ឲ្យ​ឃើញ​រួច​ហើយ​ថា តុលាការ​នេះ​ពុំ​មាន​ឆន្ទៈ​កាត់​ទោស​បុគ្គល​មាន​អំណាច និង​មាន​ទំនាក់ទំនង​ស្អិត​ល្មួត​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​នោះ​ ទេ។
សេចក្ដី​ថ្លែងការណ៍​រួម​បាន​សរសេរ​ថា សំណុំ​រឿង​លោក ឈូក បណ្ឌិត នេះ ជា​រឿយៗ​បាន​រក្សា​ទុក ដែល​ជា​និមិត្ត​រូប​នៃ​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា។ ដោយ​ឡែក តួនាទី​សំខាន់​ពីរ​យ៉ាង​របស់​តុលាការ គឺ​ទី១ គោរព​នីតិរដ្ឋ រក្សា​នូវ​ភាព​ឯករាជ្យ​ភាព​របស់​ខ្លួន​ពី​ស្ថាប័ន​នីតិប្រតិបត្តិ និង​ប្រឆាំង​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ និង​អំពើ​ពុក​រលួយ។ ទី២ គឺ​ធានា​នូវ​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​របស់​ជន​រងគ្រោះ និង​សង​ជំងឺ​ចិត្ត​ដល់​ជន​រងគ្រោះ ដោយ​នាំ​ឧក្រិដ្ឋជន​យក​មក​ផ្ដន្ទាទោស និង​ដើម្បី​ការពារ​មិន​ឲ្យ​កើត​មាន​ឡើង​នូវ​ឧក្រិដ្ឋកម្ម។ ហើយ​ករណី​នេះ ជា​រឿង​ពិសេស​មួយ​សម្រាប់​តុលាការ​កម្ពុជា ក្នុង​ការ​ស្ដារ​ឡើង​វិញ​នូវ​ភាព​ជឿជាក់​ខ្លះ និង​បង្ហាញ​ថា ខ្លួន​ជា​ស្ថាប័ន​មួយ​ស្វែង​រក​យុត្តិធម៌​ពិត​ប្រាកដ​ជូន​ប្រជាពលរដ្ឋ។
បន្ថែម​ពី​លើ​នេះ​ទៀត លោក អាត់ ធន់ បាន​អះអាង​ថា ក្រុម​សហជីព​របស់​លោក​នឹង​ដាក់​លិខិត​ទៅ​ក្រសួង​យុត្តិធម៌ និង​សាលា​ឧទ្ធរណ៍​បន្ថែម​ទៀត ដើម្បី​សុំ​ឲ្យ​បង្វែរ​សំណុំ​រឿង​លោក ឈូក បណ្ឌិត ឲ្យ​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ ជំនុំ​ជម្រះ​វិញ៕ ដោយៈ ទីន ហ្សាការីយ៉ា - RFA

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons