Monday, March 18, 2013

សូណង់ដូ៖​ ខ្ញុំ​ឈឺ​ចិត្ត​ពីព្រោះ​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ


លោក ​ម៉ម ​សូណង់ដូ អាយុ ​៧១ ​ឆ្នាំ ដែល​ជា​ប្រធាន​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ​ និង​ជា​នាយក​វិទ្យុ​សម្បុក​ឃ្មុំ​ ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​​ថ្ងៃ​ទី១៥ ​ខែ​កក្កដា​ឆ្នាំ​ ២០១២ ​តាម​រយៈ​បណ្តឹង​ចោទ​ប្រកាន់ ៤ ករណី​ដ៏​ចម្រូង​ចម្រាស ទាក់​ទិន​នឹង​ការ​បង្កើត​តំបន់​អបគមន៍​ក្នុង​ ភូមិប្រមា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដែល​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស ដាក់​ពន្ធនាគារ ២០ ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់ ១០ លាន​រៀល។
Monday, 18 March 2013
ភ្នំពេញ​ប៉ុស្តិ៍
លោក​ សូណង់​ដូ ជិះ​លើ​គ្រែ​ស្នែង​ពេល​ចេញ​ពី​គុក​នៅថ្ងៃ​​សុក្រ​។ រូបថត ជីវ័ន
លោក​ សូណង់​ដូ ជិះ​លើ​គ្រែ​ស្នែង​ពេល​ចេញ​ពី​គុក​នៅថ្ងៃ​​សុក្រ​។ រូបថត ជីវ័ន
បន្ទាប់​ពី​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ ៨ ខែ​ លោក​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​សម្រេច​​កាត់​បន្ថយ​ទោស​មក​នៅ​ត្រឹម​ ៥ ឆ្នាំ និង អនុវត្តន៍​ទោស​ក្នុង​ពន្ធនាគារ​ចំនួន ​៨ ខែ ​ដែល​ទោស​នៅ​សល់​ ត្រូវ​បាន​ព្យួរ​សាកល្បង​ក្រៅ​ឃុំ។ ​លោក​ សូណង់​ដូ ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​ព្រៃ​ស ​កាល​ពី​ថ្ងៃ​សុក្រ​ ហើយ​បាន​ផ្តល់​បទសម្ភាស ដល់​អ្នក​សារ​ព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍​លោក ​ម៉ៃ ទិត្យថារ៉ា នៅ​គេហដ្ឋាន​របស់​លោក នៅ​ឯ​ស្រុក​កៀន​ស្វាយ​ដូច​ខាង​តទៅ​៖
សំណួរៈ តើ​លោក​មាន​អារម្មណ៍​បែប​ណា​ក្រោយ​ពី​លោក​ ត្រូវ​បាន​ដោះ​លែង​ចេញ​ពី​ពន្ធនាគារ?
ចម្លើយៈ មនុស្ស​យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​សេរីភាព ហើយ​តាំង​ពី​ខ្ញុំ​ត្រឡប់​ពី​ធ្វើ​ទស្សនកិច្ច​ ពី​​សហរដ្ឋ​អាមេរិក​និង​បារាំង​មក​ ខ្ញុំ​គ្មាន​បាន​បំភ្លឺ​អ្វី​ទាំង​អស់​គឺ​គេ​បញ្ជូន​ខ្ញុំ​ទៅ​គុក​តែ​ម្តង ហើយ​រហូត​មក​ដល់​ថ្ងៃ​នេះ​ ខ្ញុំ​ជាប់​គុក​ព្រៃ​ស​ ៨ ខែ​ហើយ​ទើប​គេ​លែង​ខ្ញុំ​ឲ្យ​មាន​សេរីភាព​។ ប៉ុន្តែ​សេរីភាព​ដែល​គេ​ផ្តល់​ឲ្យ​ខ្ញុំ​ គឺ​មួយ​ជ្រុង​តូច​ ការ​ជាប់​គុក​ជា​បញ្ហា​ ប៉ុន្តែ​អ្វី​ដែល​យើង​មិន​បាន​ធ្វើ​គេ​ចោទ​ប្រកាន់​ថា​ យើង​ធ្វើ​អ្វី​មួយ​ ដែល​មិន​​មែន​ជា​បំណង​របស់​យើង​ គឺ​វា​មាន​ការ​ឈឺ​ចិត្ត​ តែ​ទោះ​ជា​សេរីភាព​ដែល​ខ្ញុំ​បាន​ទោះ​បី​ជា​តិច​តួច​ក៏​ជា​សេរីភាព​ដែរ​ ហើយ​ខ្ញុំ​នឹង​ពង្រីក​សេរី ​ភាព​ ដែល​ខ្ញុំ​​បាន​បន្តិច​ហ្នឹង ​ដោយ​សារ​យើង​មាន​ចិត្ត​ស្មោះ​ស ចំពោះ​ប្រជាពលរដ្ឋ​ ចំពោះ​ជាតិ​មាតុ​ភូមិ ហើយ​យើង​ចង់​ឲ្យ​ស្រុក​ខ្មែរ​ធ្វើ​យ៉ាង​ដូច​ម្តេច​ ឲ្យ​ក្លាយ​ទៅ​ជា​ប្រទេស​នីតិរដ្ឋ គោរព​សិទ្ធិ​មនុស្ស​ឲ្យ​មាន​ភាព​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ អស់​គ្នា​។
សំណួរៈ លោក​ថា​ លោក​មាន​សេរីភាព​តិច​តួច​ តើ​លោក​អាច​ជម្រាប​បាន​ទេ​ថា​តើ​សេរីភាព​តិច​តួច​នោះ​គឺជា​អ្វី​?
ចម្លើយៈ សិទ្ធិ​សេរីភាព​តិច​តួច​នោះ​គឺ​ដោយ​សារ​តែ​សាលា​ឧទ្ធរណ៍​បាន​សម្រច​ ផ្តន្ទាទោស​ខ្ញុំ​ ៥ ឆ្នាំ​ឲ្យ​ជាប់​ពន្ធនាគារ​៨ ខែ​ ហើយ​ទៅ​ណា​មក​ណា​ត្រូវ​តែ​សុំ​ច្បាប់​គេ​ ប្រសិន​បើ​ខ្ញុំ​ធ្វើ​អ្វី​ មិន​គួរ​គប្បី គេ​អាច​ចោទ​ប្រកាន់​ខ្ញុំ​ចាប់​ដាក់​គុក​ម្តង​ទៀត​។
សំណួរៈ ទន្ទឹម​នឹង​លោក​មាន​សិទ្ធិសេរី​ភាព​តិច​តួ​ចនោះ​ តើ​លោក​នឹង​ប្រកាន់​ជំហរ​យ៉ាង​ណា​ នៅ​ក្រោយ​ពេល​ដែល​លោក​ចេញ​ពី​ពន្ធនាគារ​ ថាតើ​លោក​នៅ​តែ​ធ្វើ​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ទៀត ឬក៏​យ៉ាង​ម៉េច?
ចម្លើយៈ ខ្ញុំ​នៅ​តែ​បន្ត​ធ្វើ​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​បន្ត​ទៅ​ទៀត​ ដោយ​មិន​យក​គណបក្ស​នយោបាយ​មក​ចូល​រួម​ជាមួយ​ខ្ញុំ​ទេ​ អ្វី​ដែល​ខ្ញុំ​ធ្វើ​នោះ​ គឺឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រស់​ដោយ​ទីពឹង​ទៅ​លើ​ច្បាប់។ ខ្ញុំមិន​ដែល​ចង់​បាន​អំណាច​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​នោះ​ទេ​ អ្វី​ដែល​ខ្ញុំ​ធ្វើ​ គឺ​អប់រំ​ពលរដ្ឋ​ឲ្យ​ស្គាល់​ច្បាប់ ស្គាល់​សិទ្ធិ ស្គាល់​សេរីភាព​ និង​បង្ហាត់​ពលរដ្ឋ​ ធ្វើ​ដូច​ម្តេច កុំ​ឲ្យ​ប្រើ​អំពើ​ហិង្សា​នេះ​ជា​បញ្ហា​ធំ​បំផុត ​ដែល​ខ្ញុំ​ធ្វើ​ ហើយ​មិន​ចង់​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះទេ​ បើ​ម្នាក់ៗ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ តើ​ទៅ​ថ្ងៃ​​មុខ​ពលរដ្ឋ​ទៅ​ជា​យ៉ាង​ម៉េច​ទៅ​។
សំណួរៈ​ សាលា​ឧទ្ធរណ៍​ បាន​ចោទ​ប្រកាន់​លោក​មួយ​ករណី​ទៀត ពី​រឿង​បទ​ល្មើស​ព្រៃ​ឈើ​ តើ​លោក​យល់​យ៉ាង​ដូច​ម្តេច​ ចំពោះ​ការ​ចោទ​ប្រកាន់​នេះ?
ចម្លើយៈ ទាក់​ទង​ទៅ​នឹង​ការ​ចោទ​ប្រកាន់​គឺ​ខ្ញុំ​ប្រ​ឆាំង​ទាំង​អស់​ពី​ព្រោះ​ខ្ញុំ ​អត់​បាន​ធ្វើ​មែន ហើយ​ខេត្ត​ក្រចេះ​ ​ខ្ញុំ​មិន​ដែល​បាន​ទៅ​ជាន់​ដី​នៅ​ទី​នោះ​សោះ​ ហើយ​ខ្ញុំ​ក៏​ពុំ​ដែល​មាន​ចិត្ត​ណា​បន្តិច​បន្តួច​ ចង់​បំផ្លាញ​ព្រៃឈើ​សោះ​ដែរ​ ប៉ុន្តែ​ច្បាប់​ផ្សឹង​ ការ​បក​ស្រាយ​របស់​តុលាការ​ផ្សេង​ ហេតុ​ដូច្នេះ​វា​មាន​បញ្ហា​។ យើង​សំអាង​ទៅ​លើ​ច្បាប់​ក្នុង​ការ​ដាក់​បន្ទុក​ ហើយ​យើង​ដឹង​ថា​ ភ័ស្តុតាង​ហ្នឹង ​អត់​សមស្រប​ទៅ​នឹង​ការ​ពិត ហើយ​យើង​គិត​ពី​អង្គ​ច្បាប់ និង​ភ័ស្តុតាង​ដាក់​បន្ទុក​គឺ​ឃើញ​ថា​ភ័ស្តុតាង​នោះ មិន​សម​នឹង​យក​ខ្ញុំ​មក​ដាក់​គុក​ទាល់​តែ​សោះ​ តែ​ខ្ញុំ​មិន​អាច​និយាយ​ថា តុលាការ​មិន​មាន​យុត្តិធម៌​ទេ។ ខ្ញុំ​នៅ​តែ​រំពឹង​ថា តុលាការ​នឹង​មាន​យុត្តិធម៌​ ទើប​ខ្ញុំ​​វិល​ត្រឡប់​មក​ចូល​ស្រុក​ឲ្យ​គេ​ចាប់​ខ្ញុំ​ដាក់​គុក​នោះ​។ ខ្ញុំ​សុខ​ចិត្ត​ចូល​គុក​ដោយ​សារ​ខ្ញុំ​រំពឹង​ទៅ​លើ​តុលាការ​។
សំណួរៈ ទន្ទឹម​ទៅ​នឹង​បទ​ចោទ​ប្រកាន់​ថ្មី​នោះ​ តើ​លោក​នឹង​បន្ត​ប្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត​ទេ​?
ចម្លើយៈ ចំណុច​នេះ​ខ្ញុំ​នឹង​ពិភ្សា​ជាមួយ​មេធាវី​របស់​ខ្ញុំ ខ្ញុំ​សង្ឃឹម​ថា​ យើង​ត្រូវ​តែ​ទៅ​មុខ​ ប្រសិន​បើ​យើង​មិន​ទៅ​មុខ​គេ​ថា​យើង​ខុស​ហើយ​ទទួល​កំហុស​របស់​យើង តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ខ្ញុំ​ត្រូវ​តែ​ពិគ្រោះ​យោបល់​ជា​មួយ​មេធាវី​របស់​ខ្ញុំ​សិន​ដែរ​។
សំណួរៈ សរុប​សេចក្តី​មក តើ​ករណី​ចោទ​ប្រកាន់​ ដែល​ឈាន​ដល់​ការ​ចាប់​ឃុំ​ខ្លួន​លោក​ ក្នុង​ពន្ធនាគារ តើ​លោក​គិត​ថា ជា​រឿង​នយោបាយ ឬ​ផ្លូវ​ច្បាប់​?
ចម្លើយៈ ខ្ញុំ​មិន​អាច​និយាយ​ថា​ ជា​រឿង​នយោបាយ​ ឬ​ក៏​ជា​រឿង​ផ្លូវ​ច្បាប់​អ្វី​នោះ​ដែរ ហើយ​ក៏​មិន​ចោទ​ថា​ យុត្តិធម៌​ ឬ​ក៏​មិន​យុត្តិធម៌​អី​នោះ​ទេ អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​គឺថា ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​​​ខុស​ច្បាប់​នោះ​ទេ​ ហើយ​សាក្សី​ប៉ុន្មាន​នាក់​នោះ​ គឺ​សុទ្ធ​សឹង​តែ​ជា​ពលរដ្ឋ​មិន​ចេះ​អាន​អក្សរ​ ហើយ​គ្រាន់​តែ​ជួប​គ្នា​ ដោយ​មិន​បាន​ណាត់​មុន​បែរ​ជា​ក្លាយ​ទៅ​ជា​អ្នក​ដាក់​បន្ទុក​ខ្ញុំ​ ហើយ​បែរ​ជា​ស្តាប់​អ្នក​ដែល​កាប់​បំផ្លាញ​ព្រៃឈើ បែរ​ជា​មក​ដាក់​បន្ទុក​ខ្ញុំ​ទៅ​វិញ នេះ​គឺ​ជា​រឿង​មួយ​ដែល​ខ្ញុំ​ឈឺ​ចិត្ត។ ជាប់​គុក​ជារឿង​មួយ​ តែ​រឿង​ដែល​យើង​មិន​បានធ្វើ​ តែ​បែរ​ជា​គេ​ចោទ​ប្រកាន់​សម្រាប់​មនុស្ស​យើង​គឺ​ឈឺ​ចិត្ត​ណាស់​។ ខ្ញុំ​ក៏​បាន​ឮ​សម្តេច​ហ៊ុន សែន​ ថា​ការ​មូល​បង្កាច់​ដោយ​មិន​បាន​ធ្វើ​អី​ គឺ​លោក​ឈឺ​ចិត្ត ខ្ញុំ​ក៏​អ៊ីចឹង​​ដែរ​ ខ្ញុំ​មិន​បាន​ដឹង​អី​​ទេ ចំពោះ​បទ​ដែល​គេ​ចោទ​ប្រកាន់​ខ្ញុំ​ដូច្នេះ​ខ្ញុំ​ក៏​ឈឺ​ចិត្ត​។
សំណួរៈ​ តើ​លោក​យល់​ថា​ ការ​ដោះ​លែង​​រូប​លោក​ ​អាច​មក​ពី​​សម្ពាធ​នយោ​បាយ​ ពី​សហគមន៍​អន្តរជាតិ​ដែរ​ទេ?
ចម្លើយៈ ខ្ញុំ​មិន​គិត​រឿង​នយោបាយ​ទេ​ តែ​ខ្ញុំ​គិត​​ពី​​ការ​ពិត​តែ​ប៉ុណ្ណឹង​ទេ​ ហើយ​ខ្ញុំ​តែង​តែ​ដាក់​សំណួរ​ខ្លួន​ឯង​ថា​ ខ្ញុំ​មិន​បាន​ធ្វើ​ហេ​​តុ​អ្វី​បាន​ជា​គេ​ចាប់​ខ្ញុំ​ដាក់​គុក​ ហើយ​ជា​ការ​កាត់​ទោស​ធ្ងន់ធ្ងរ​បំផុត​រហូត​ដល់​​ទៅ​ ២០ ឆ្នាំ ហើយ​គេ​កាត់​ទោស​នោះ​ ដោយ​ផ្អែក​លើ​សម្តី​អ្នក​ដែល​គេ​ចោទ​ប្រកាន់​ថា អ្នក​នោះ​បាន​បំផ្លាញ​ព្រៃ​ឈើ។
សំណួរៈ ​មុន​នឹង​មាន​ការ​ដោះ​លែង​លោក​នេះ​ តើ​មាន​ខាង​ណា​មួយ គេ​ដាក់​លក្ខខណ្ឌ​អ្វី​ ជាមួយ​នឹង​លោក​ជា​ថ្នូរ​ដែរ​ទេ?
ចម្លើយៈ គ្មាន​ទេ ពីព្រោះ​ខ្ញុំ​ច្បាស់​ណាស់​ គឺ​ខ្ញុំ​មិន​ចេះ​រញ៉េ​រញ៉ៃ​ ខាង​នយោបាយ​ដូច​គេ​​ទេ ខ្ញុំ​គិត​ធ្វើ​យ៉ាង​ម៉េច​ ឲ្យ​ស្រុក​ខ្មែរ ​មាន​ភាព​យុត្តិធម៌​ គោរព​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ ហើយ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​យើង​រឹង​មាំ​ ខ្ញុំ​មិន​ដែល​គិត​អំពី​អំណាច​កេង​ប្រវ័ញ្ច ខ្ញុំ​អត់​ចូល​ចិត្ត​ទាល់​តែ​សោះ​។ ខ្ញុំ​និយាយ​ការ​ពិត​ ហើយ​ដោយ​សារ​តែ​ការ​និយាយ​ការពិត​ គេ​ចោទ​ខ្ញុំ​ថា​ ក្អេង​ក្អាង​ តែ​ខ្ញុំ​មិន​ក្អេង​ក្អាង​ទេ​ គឺ​ខ្ញុំ​និយាយ​ពាក្យ​ពិត។ សូម​កុំ​គិត​ថា​ ខ្ញុំ​នឹង​ចូល​ជា​មួយ​គណបក្ស​នយោបាយ​ណា​មួយ​គឺខ្ញុំ​មិន​ចូល​ទេ​ មិន​មែន​ថា​ខ្ញុំ​ស្អប់​គណបក្ស​ទេ​។
សំណួរៈ ដោយ​សារ​តែ​លោក​ធ្លាប់​​ជាប់​ពន្ធនាគារ​​បី​លើក​រួច​មក​ហើយ​​ រាប់​ទាំង​លើក​នេះ​។ តាម​ការ​សង្កេត​​របស់​លោក ​ថា​​តើ​ការ​គ្រប់​គ្រង​ នៅ​ក្នុង​ពន្ធនាគារ មាន​ការ​កែ​ប្រែ​ល្អ​ប្រសើរ​ទេ?
ចម្លើយៈ​ ខ្ញុំ​ឃើញ​ថា​ មាន​ការ​កែ​ប្រែ​ច្រើន​ជាង​លើក​ទី​ ១ និង​លើក​ទី២​ ពីព្រោះ​បរិស្ថាន​ក៏​ល្អ​ជា​ងមុន​ ឬមន្ត្រី​អនុរក្ស​ពន្ធនា​គារ​ ក៏​ឈប់​ឃើញ​កាន់​ដំបង​ឬ​ក៏​កាំភ្លើង​ដូច​មុន​ទៀត​ដែរ​ គឺ​ថា​ បច្ចុប្ប​ន្ន​នេះ​មាន​ភាព​ប្រសើ​រច្រើន​ណាស់៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons