Friday, March 15, 2013

ភ្លៀងកក់​ខែ នៅថ្មពួក-ស្វាយចេក ៖ រន្ទះបាញ់ ខ្យល់ព្យុះ កម្ទេច​ផ្ទះ​ប្រជាពលរដ្ឋ ៣៥៩ខ្នង, គោយន្តកន្ត្រៃ ២គ្រឿង, ម៉ូតូ១គ្រឿង មនុស្ស៣ នាក់ របួសធ្ងន់ និង ម្នាក់​ស្លាប់



ថ្ងៃទី​ 15 ខែមីនា ឆ្នាំ2013, ម៉ោង 10:05 PM ដោយ៖ ចាន់ សុខលន់


បន្ទាយមានជ័យ៖ យ៉ាង​ហោច​ណាស់​ មនុស្សម្នាក់ បាន​ស្លាប់​ ដោយ​សា​រន្ទះបាញ់ ២នាក់រង​របួស​ធ្ងន់ ព្រម​ទាំង​លំនៅឋាន សាលា​ឆទាន​ ជង្រុក​ស្រូ​វ​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ របស់អ្នក​ស្រុក​ស្វាយ​ចេក​ និងស្រុក​ថ្ម​ពួក​ សរុប ៣៥៩​ខ្នង ​រងការ​ខូចខាត​យ៉ាងដំណំ ដោយ​សារ​ភ្លៀង​កក់​ខែ​ដំបូង នាំ​មក​នូវ​ខ្យល់​ព្យុះនិង​រន្ទះ​ក្នុង ខេត្តប​ន្ទាយ​មាន​ជ័យ។
គ្រោះធម្មជាតិ​ដ៏អាក្រក់នេះ បាន​កើតឡើងកាលពីវេលាម៉ោង ៦​និង៥០ នាទីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣
តាមការឲ្យដឹងពីប្រជាពលរដ្ឋ នៅ​មុន​ពេល​ភ្លៀង ផ្ទៃមេឃ មានពណ៌​ខ្មៅ​ងងឹត និង​មាន​ខ្យល់​ព្យុះ​បោក​បក់ កួច​យ៉ាង​ខ្លាំង​លាយ​ឡំ និងទឹក​ភ្លៀង មានផ្គរ​រន្ទះ គួរឲ្យ​ភ័យខ្លាច​បំផុត ។ ខ្យល់ព្យុះ​ បាន​បោកកួច ធ្វើឲ្យលំនៅឋានរបស់ពួកគាត់ ត្រូវនូវការខូចខាត ។
តាមតួលេខបឋម របស់​សមត្ថកិច្ច​នគរបាល និងអាជ្ញាធរ​ស្រុក រួម​ទាំង​សាខាកាកបាទក្រហម​កម្ពុជា ខេត្តបន្ទាយមានជ័យ លំនៅឋាន​ប្រជាពលរដ្ឋ ក៏ដូចជាជង្រុកស្រូវ សាលាឆទាន​នៅស្រុកថ្មពួក ត្រូវនូវផលប៉ះពាល់ដោយខ្យល់​ព្យុះដ៏កំណាចនេះ មាន ៣ឃុំ គឺឃុំថ្មពួក ចំនួនចំនួន ៤០ខ្នង, ឃុំគំរូចំនួន ២៦ខ្នង,  ឃុំភូមិថ្មី ចំនួន ២៤៤ខ្នង សរុបចំនួន ៣១០​ខ្នង និងខូចគោយន្ត​កន្ត្រៃ១គ្រឿង, ម៉ូតូ ១គ្រឿង របួសមនុស្សធ្ងន់ ដោយសារផ្ទះបាក់ សង្កត់ចំនួន២​នាក់ ម្នាក់ឈ្មោះ ប៊ុន ស៊ីអឿយ ភេទប្រុស អាយុ៣៣ ឆ្នាំ កំពុង​សម្រាកព្យាបាលនៅ​មន្ទីរពេទ្យ​បង្អែកស្រុកថ្មពួក និងម្នាក់ទៀត​ឈ្មោះ ពេក ជឿ ភេទប្រុស អាយុ ១៣ឆ្នាំ ត្រូវបានបញ្ជូនទៅ​មន្ទីរពេទ្យ​​កុមារ​នៅខេត្តសៀមរាប ។ជនរងគ្រោះទាំង២នាក់ នៅភូមិកាប់ចោរ ឃុំភូមិថ្មី ។

ប្តី និងកូនៗ របស់ស្ត្រីរងគ្រោះបាត់បង់ជីវិត ប្តី និងកូនៗ របស់ស្ត្រីរងគ្រោះបាត់បង់ជីវិត
ស្ត្រីម្នាក់ឈ្មោះ ហឿ ភ័ណ្ឌ អាយុ ៣១ឆ្នាំ មានកូនប្រុសតូចចំនួន ២នាក់ បានស្លាប់ ដោយសាររន្ទះ​បាញ់។
ស្ត្រីដែលស្លាប់នោះ នៅ​ព្រឹកថ្ងៃទី​១៥ ខែមីនា  សាខា​កាកបាទ​ក្រហមកម្ពុជា បាននាំយកថវិកា​ចំនួន ១លានរៀល និងសាលា​ស្រុក​ថ្មពួក ចំនួន ១០ម៉ឺនរៀល យកទៅចូលរួមក្នុងកម្មវិធីបុណ្យ​សពនោះផងដែរ។
ដោយឡែក នៅស្រុកស្វាយចេក ក៏មានផលប៉ះពាល់ ដោយសារ​ខ្យល់ព្យុះនេះដែរ លើ៤ ឃុំ គឺឃុំ តា បែន ស្លរក្រាម ទ្រាស​និងឃុំ​តាផូ សរុប ៤៩ខ្នង របួសម​នុស្ស​និងខូច​គោយន្តកន្ត្រៃ១ គ្រឿងផ​ង​ដែរ។

ទោះជាយ៉ាងណា គណៈកម្មការ ចុះត្រួតពិនិត្យលំនៅឋាន​ប្រជាពលរដ្ឋ ដែលរងគ្រោះដោយ​ធម្មជាតិនេះ បាននិយាយថា៖ ចំនួនខាងលើនេះ គឺជាចំនួនបឋម ចំណែកតួលេខច្បាស់ការណ៍នោះ នៅមិនច្បាស់នៅឡើយទេ កាល​ណា បានតួលេខច្បាស់ការណ៍ គណៈកម្មាការ និងអាជ្ញាធរ នឹងធ្វើរបាយការណ៍ជូនប្រធាន​គណៈកម្មការ​គ្រោះមហន្តរាយ​ថ្នាក់​ខេត្តពិនិត្យ និងយកអំណោយ​មក​ប្រគល់​ជូនប្រជាពលរដ្ឋ ដែលរង​គ្រោះ​ដោយគ្រោះធម្មជាតិ នេះ។
ប្រជាពលរដ្ឋជាច្រើនបានសម្ដែង​នូវការសោកស្តាយ ដោយអ្នកខ្លះ​ខំទៅស៊ីឈ្នួលគេនៅ ប្រទេសថៃ សន្សំ​ទម្រាំបានប្រាក់ខ្លះ​ខ្ចីគេខ្លះ យកមកសង់ផ្ទះ​នៅមិនបានប៉ុន្មាន​ផង ត្រូវ​ខូចខាត ដោយសារគ្រោះ​ធម្មជាតិបែបនេះទៅវិញ៕Akt

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons