Friday, March 15, 2013

លោកម៉ម សូណង់ដូ ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ





ភ្នំពេញៈ លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម អ្នក​ប្រជាធិប​តេយ្យ​ត្រូវបាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី១៥ ខែ​មីនា​នេះ បន្ទាប់​ពី​រូប​លោក​ត្រូវ​បាន​ឃុំ​ខ្លួន នៅ​ពន្ធនាគារ​ព្រៃស​អស់​រយៈ​ពេល ៨​ខែ​មក​ និង​បន្ទាប់​ពី​​សាលា​ឧទ្ទរណ៍​បាន​ប្រកាស​សាល​ដីកាកាលពីម្សិលមិញ សម្រេច​ផ្តទ្ទា​ទោស​លោក ម៉ម សូណង់ដូ ឲ្យ​ជាប់​ពន្ធនាគារ ៥ឆ្នាំ​គិត​ចាប់​តាំង​ពី​ថ្ងៃ​ឃុំ​ខ្លួន ប៉ុន្តែ​ត្រូវ​អនុវត្ត​ទោស​តែ ៨​ ខែ​ទេ នៅ​សល់​ប៉ុន្តែ​ត្រូវ​ព្យួរ។
លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម អ្នក​ប្រជាធិប​តេយ្យ​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​ព្រៃស នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។រូបថត ហេង ជីវ័ន
លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម អ្នក​ប្រជាធិប​តេយ្យ​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​ព្រៃស នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។រូបថត ហេង ជីវ័ន
ការប្រកាសសាលដីកានេះ ធ្វើឡើង​ក្រោយ​ពី​សាលា​ឧទ្ធរណ៍ បាន​បើក​សវនាការ ​រយៈ​ពេល​ ២ ថ្ងៃកាលពី​សប្តាហ៍​មុន​ ​ធ្វើ​ការ​ជំនុំ​ជម្រះ ​ទៅ​លើ​បទ​ចោទ​ដ៏​ចម្រូង​ចម្រាស​ពី​ការ​​បង្កើត​តំបន់​អបគមន៍​​ ពាក់​ព័ន្ធ​ទៅ​នឹង​ជម្លោះ​ដីធ្លី​ នៅ​ក្នុង​ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ​ខេត្ត​ក្រចេះ ទៅ​លើ​​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​ដ៏ល្បី​ល្បាញ នៅ​ទី​បំផុត ព្រះ​រាជ​អាជ្ញា​បាន​ស្នើ​ឲ្យ​តុលាការ ធ្វើ​ការ​ពិចារណា​ ទម្លាក់​ចោល​បទ​ចោទ​នេះ តែ​ប្តូរ​ទៅ​បទល្មើស​ព្រៃ​ឈើ​ តាម​មាត្រា​៩៧ ចំណុច​ទី​៦​ នៃ​ការ​ឆ្ការ​ដី​ព្រៃ ធ្វើ​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​វិញ​។
នៅ​ខាង​មុខ​ពន្ធនាគារ ក្រុម​គ្រួសារ និង​សមាជិក​សមាគម​អ្នក​ប្រជាធិប​តេយ្យ ​ជា​ច្រើន​រយ​នាក់ បាន​មក​រង់​ចាំ​ទទួល និង​អម​ដំណើរ លោក​ម៉ម សូណង់ដូ ចេញ​ពី​ពន្ធនាគារ​ព្រៃស​រួច​ក៏​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល​ដើម្បី ទៅ​អុជ​ធូប​ថ្វាយ​បង្គំ​សព​ម្តាយ​របស់​លោក។
លោក ម៉ម សូណង់ដូ អាយុ ៧១​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១២ តាមរយៈ​បណ្តឹង​ចោទប្រកាន់​ពីបទ​ញុះញង់​ឲ្យមាន​ការបង្កើត​តំបន់​អបគម​ន៍​ ក្នុង​ភូមិប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​ និងត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ២០ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១០ លាន​រៀល ពី​បទ​ជាប់ពន្ធ​ពាក់​នឹង​ការបង្កើត​តំបន់អបគមន៍ ប្រឆាំង​រាជរដ្ឋាភិបាល កាលពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១២ ។ ដោយៈ លាង ផាន់ណារ៉ា  - ភ្នំពេញប៉ុស្តិ៍

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons