Monday, January 7, 2013

ទារិកា​​ទើប​​នឹ​ង​​កើត​មិន​ទាន់​​ជ្រុះ​ទង​សុក​ផង ត្រូវ​ម្តាយ​ចិត្ត​អប្រិយ​​ចាក់​ក្នុង​វ៉ាលីស​ យក​​ទៅគ្រវាត់​​ចោល


ថ្ងៃទី​ 07 ខែមករា ឆ្នាំ2013, ម៉ោង 10:56 AM ដោយ៖ ហេង សុខា
2


រាជធានីភ្នំពេញ ៖ ទារិកកំសត់​ម្នាក់ គ្រាន់តែ​ប្រសូត្រ​មក​​នៅ​ប្រឡាក់​ឈាម​ក្រហម​រងាល​ពេញ​ខ្លួន មិន​ទាន់​ទាំង​ជ្រុះ​ទង​សុក​ផង ត្រូវ​ម្តាយ​ចិត្ត​អប្រិយ​យក​ដាក់​ក្នុង​វ៉ាលីស ​រួច​ច្រក​ការ៉ុង​ពណ៌ស​ យក​ទៅ​គ្រវាត់​ចោល​ នៅ​ព្រៃ​របោះ នៅ​ចិញ្ចើម​ផ្លូវ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​មាន​ការ​ភ្ញាក់​ផ្អើល​ឆោ​ឡោ​ នៅ​វេលា​ម៉ោង ១និង​៤៥ នាទី រសៀល​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៣ នៅ​តាម​ផ្លូវ​លំ​ ចូល​ទៅ​សួន​ទឹក​សន្តិភាព ក្នុង​ភូមិ​មិត្ត​ភាព សង្កាត់​ព្រែក​ឯង ខណ្ឌ​មានជ័យ ។
បើតាមប្រជាពលរដ្ឋនៅជិតកន្លែង​កើតហេតុ បានឲ្យដឹងថា នៅវេលា​ម៉ោងខាងលើ ប្រទះឃើញមានការ៉ុង​ពណ៌ស​មួយនៅថ្មីសន្លាងនៅ​ជិត​ព្រៃរបោះ តាមចិញ្ចើមផ្លូវបាន​នាំគ្នា​ទៅមើល ស្រាប់តែឃើញមានវ៉ាលីសមួយនៅក្នុងការ៉ុងនោះ ក៏នាំគ្នាបើកមើល ស្រាប់តែឃើញទារិកាម្នាក់ ប្រឡាក់​ឈាម​ក្រហម​រងាល និងមិនទាន់ជ្រុះទងសុកផង ហាក់​ដូចជា ទើបនឹងប្រសូត្រមកថ្មី ប៉ុន្តែបានស្លាប់បាត់បង់ជីវិតទៅហើយ ក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចូលទៅនាំយកទារិកាដាក់ក្នុងវ៉ាលីសនោះ យកទៅវត្តព្រែកឯង ។
សពទារិកានោះ ត្រូវបានសមត្ថកិច្ចនាំយកទៅពិនិត្យនៅវត្តព្រែកឯង ដោយមានការចូលរួមពីលោកស៊ុំ មុន្នី នាយផ្នែកបច្ចេកទេសខណ្ឌមានជ័យ លោក ឡុង ង៉ែត នាយ​រដ្ឋ​បាលសាលាខណ្ឌមានជ័យ លោក នេត សារ៉េន ចៅសង្កាត់ព្រែកឯង លោក ប៊ន វុទ្ធី នាយប៉ុស្តិ៍រដ្ឋបាលនគរបាលព្រែកឯង បានធ្វើការពិនិត្យសពការិកា​នោះ​នៅវត្ត​ព្រែកឯង​ ។ បន្ទាប់ពីធ្វើការពិនិត្យរួច លោកនាយផ្នែកបច្ចេកទេសបានសន្និដ្ឋានថា ទារិកានេះ ទើបស្លាប់មុនពេលប្រទះឃើញប្រមាណ ២ម៉ោងប៉ុណ្ណោះ ហើយសពនេះ​ពេល​ដែល​​ប្រសូត្រមកមិនទាន់ស្លាប់ទេ ស្លាប់ដោយសារតែច្រកវ៉ាលីសយកមកដាក់ចោលហាលថ្ងៃ ក្តៅ និងថប់ដង្ហើម ទើបស្លាប់បែបនេះ ។
ក្រោយពេលពិនិត្យរួចហើយ សពទារិកបានប្រគល់ទៅលោកចៅសង្កាត់ រៀបចំចាត់ចែងធ្វើពិធីតាមប្រពៃណី ក្នុងនោះលោក ហៀក ចាន់លាង អភិបាលរងខណ្ឌមានជ័យ​បាន​ជួយឧបត្ថម្ភ ជាទឹកប្រាក់ចំនួន ៥០ដុល្លារ ​សម្រាប់ចាត់ចែងពិធីបញ្ចុះសពទារិកានោះ នៅក្នុងវត្តព្រែកឯង ឲ្យបានត្រឹមត្រូវតាមប្រពៃណី ៕akt

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons