Tuesday, November 13, 2012

ផ្លូវ៦​ឆ្លង​កាត់​វិថី​សហព័ន្ធ​រុស្ស៊ី​បិទ​​​បណ្តោះ​អាសន្ន


ភ្នំពេញៈ របាំងផ្លូវ​ចំនួន​៦​កន្លែង​តាម​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​នឹង​ត្រូវ​បិទ ជា​បណ្តោះ​អាសន្ន​ចាប់​ពី​ថ្ងៃ​អង្គារ រហូត​ដល់​ថ្ងៃទី​២៣​វិច្ឆិកា ​ដើម្បី​សម្រួល​ឲ្យ​មាន​សណ្ដាប់​ធ្នាប់ របៀប​រៀប​រយ​និង​ចរាចរណ៍​ដល់​ការ​ធ្វើ​ដំណើរ​របស់​គណៈ​ប្រតិភូ​មក ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី២១ ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​កង​សន្តិសុខ​ជាង​១ម៉ឺន​នាក់​នឹង​ត្រូវដាក់​ពង្រាយ​តាំង​ពី​ជាយ​ក្រុង ​រហូត​ដល់​ក្នុង​ទី​ក្រុង។
ចរាចរណ៍​តាម​ដង​មហា​វិ​ថី​សហ​ព័ន្ធ​រុស្ស៊ី ​​​​ជិត​​​មហា​វិថី​មុនី​វង្ស ក្បែ​រ​អគារ​កា​ណា​ឌី​យ៉ា​​​​​។ រូបថត ​ហេង ជីវ័ន​
ចរាចរណ៍​តាម​ដង​មហា​វិ​ថី​សហ​ព័ន្ធ​រុស្ស៊ី ​​​​ជិត​​​មហា​វិថី​មុនី​វង្ស ក្បែ​រ​អគារ​កា​ណា​ឌី​យ៉ា​​​​​។ រូបថត ​ហេង ជីវ័ន​
សាលា​រាជធានី​ភ្នំពេញ​បានប្រ​កាស​ជូន​ ដំណឹង​ពី ​ថ្ងៃ​ព្រហស្បតិ៍​មុន​ថា ដើម្បី​រក្សា​នូវ​សណ្ដាប់​ធ្នាប់ របៀប​រៀប​រយល្អ ការ​សម្រួល​ចរាចរណ៍ និង​ការ​ធានា​បាន​សន្តិសុខ​ដល់​ការ​ធ្វើ​ដំណើរ​របស់​គណៈ​ប្រតិភូ​មក​ចូល រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នេះ សាលា​រាជធានី​នឹង​បិទ​របាំង​ចែក ទ្រូង​ផ្លូវ​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ត្រង់​ចំណុច​ផ្លូវ ឆ្លង​កាត់​ចំនួន​៦​កន្លែង។
លិខិត​នេះ​ឲ្យដឹងទៀត​ថា៖«ផ្លូវ​ឆ្លង​កាត់​ ទាំង​៦ តាម​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​នេះ​នឹង​ត្រូវ​បិទ​ច្រក​ផ្លូវ​លេខ​២១៥ ច្រក​ផ្លូវ​ចូល​វត្ត​ទឹក​ថ្លា មុខ​ស្ថានីយប្រេង​ឥន្ធនៈ​តេលា​ទឹក​ថ្លា ច្រក​ផ្លូវ​ខាង​លិច​រោង​ចក្រ​ទឹក​ថ្លា​និង​ច្រក​ចូល​ផ្សារ​កាណា​ឌីយ៉ា ប្លាហ្សា មុខ​ធនាគារ​អេស៊ី​លីដា ​និង​ភោជនីយ​ដ្ឋាន​ពោធិ​ចិន​តុង​ មុខ​ធនាគារ​កាណា​ឌីយ៉ា និង​ផ្លូវ​ចូល​វត្ត​អង្គតាមិញ​»។
តាមលិខិត ដដែល​នេះ​សម្រាប់​ក្រុម​អាជីវករ​លក់​ផ្កា​និង​ដើម​ឈើ​ និង​រថ​យន្ត​នៅ​តាម​ដង​មហា​វិថី​សហព័ន្ធ​រុស្ស៊ី និង​មហា​វិថី​ព្រះ​នរោត្តម ក៏​ត្រូវ​ឲ្យ​ផ្អាក​អាជីវកម្ម​ចាប់​ពី​ថ្ងៃទី១៣ ដល់​ទី​២៣​ ខែ​វិច្ឆិកា​ផង​ដែរ។
លិខិត​បន្ត​ថា៖ «សាលា​រាជ​ធានី​សង្ឃឹម​និងជឿ​ថា បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​ធ្វើ​ដំណើរ​តាម​មហា​វិថី​សហព័ន្ធ រុស្ស៊ី និង​ព្រះ​នរោត្ដម​ នឹង​យល់​អធ្យា​ស្រ័យ​ និង​សហការ​អនុវត្ត​សេចក្ដី​ជូន​ដំណឹង​នេះ»។
អ្នក​នាំ​ពាក្យ​ អគ្គស្នងការ​នគរបាល​ជាតិ​លោក គៀត ច័ន្ទ​ថា​រិទ្ធ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា កង​សន្តិសុខ​ជាង​១​ម៉ឺន​នាក់​នឹង​ត្រូវ​ដាក់​ពង្រាយ ដើម្បី​ការពារ​សន្តិសុខ​និង​សុវត្ថិភាព​ជូន​ដល់​គណៈ​ប្រតិភូ​សម្រាប់ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​នេះ។
លោក​បាន​ថ្លែង​ថា៖«​យើងដាក់ ពង្រាយ​នគរបាល កង​រាជ​អាវុធហត្ថ ​កង​អង្គរក្ស​ កង​ទ័ព​ជើង​គោក ជើងទឹក ជើង​អាកាស ក្រុម CMAC និង​សមត្ថកិច្ច​មូល​ដ្ឋានទាំង​ថ្ងៃ​ទាំង​យប់​ដើម្បី​ការពារ​សន្តិសុខ»។
លោក ថ្លែងដែរ​ថា កម្លាំង​ចម្រុះ​ទាំង​នោះ​នឹង​ការពារ​ចាប់​តាំង​ពី​ជាយ​ក្រុងរហូត​ដល់​ ក្នុង​ទីក្រុង និង​នៅ​តាម​សណ្ឋាគារ និង​ផ្ទះ​សំណាក់។ លោក​បន្ត​ថា៖ «យើង​បាន​ដាក់​ពង្រាយ​កម្លាំង​ខ្លះៗ​ជា​ច្រើន​ថ្ងៃមក​ហើយ ហើយ​នឹង​បន្ថែម​ទៀត​នៅ​ថ្ងៃ​ទី​១៣​ វិច្ឆិកា នៅពេល​គណៈ​ប្រតិភូ​ធ្វើ​ដំណើរ​​មក​»។
លោក​ថ្លែងថា៖ «​យើងដឹង​ថា ចរាចរណ៍​នឹង​មាន​ការ​លំបាកបន្តិច​ដល់​បង​ប្អូន​ ដូច្នេះ​ទើប​បាន​ជា​សាលា​រាជ​ធានី​ប្រកាស​ជូន​ដំណឹង​ឲ្យដឹង​ជា​មុន ដើម្បី​ឲ្យ​បង​ប្អូន​ជួយ​សហការ​និង​មាន​ការ​យល់​អធ្យាស្រ័យ»។
លោក សេង ​វណ្ណៈ ប្រធាន​នាយកដ្ឋាន​​នគរូប​នីយកម្ម​ពី​ដើម​ខែ​នេះ បាន​ឲ្យ​ដឹង​ថា សាលា​រាជធានី​ចំណាយ​កន្រ្តក​ផ្កា​ជាង​១២​ម៉ឺន​ដើម្បី​តុប​តែង​សួនច្បារ នៅ​ខាង​មុខ​អគារ​វិមាន​សន្តិភាព៕ ដោយៈ មុំ​ គន្ធា - ភ្នំពេញប៉ុស្តិ៍

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons