Tuesday, November 13, 2012

កម្ពុជា​ត្រៀម​ពិភាក្សា​បញ្ហា​ពាណិជ្ជកម្ម​​ជាមួយ​ប្រធានាធិបតី​អាមេរិក


  ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក បារាក់ អូបាម៉ា (Barack Obama) (ឆ្វេង) ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក​លើក​ទី​១ នៅ​ប្រទេស​សិង្ហបុរី ឆ្នាំ​២០០៩។ Photo courtesy of southeastasia.foreignpolicyblogs.comអ្នក ​នាំ​ពាក្យ​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា ប្រធានាធិបតី​ សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) នឹង​អញ្ជើញ​ចូល​រួម​ប្រជុំ​កំពូល​អាស៊ាន​ នៅ​កម្ពុជា ដើម្បី​ជួប​មេដឹកនាំ​នៃ​ប្រទេស​សមាជិក​អាស៊ាន​ ទាំង ១០ ពិភាក្សា​លើ​កិច្ចការ​ផ្សេងៗ។
ក្រៅ​ពី​នោះ លោក​អាច​នឹង​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ទ្វេ​ភាគី ដើម្បី​ជជែក​ពី បញ្ហា​មួយ​ចំនួន​ពាក់ព័ន្ធ​ នឹង​ការ​ពង្រឹង​វិស័យ​ ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក និង​បញ្ហា​ផ្សេងៗ​ទៀត។
មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​ឲ្យ​ដឹង​នៅ​ ថ្ងៃ​ទី​១១ វិច្ឆិកា ថា កិច្ចការ​ពាណិជ្ជកម្ម គឺ​ជា​ការងារ​ដ៏​ចម្បង​មួយ​ដែល​ត្រូវ​បញ្ចូល​ក្នុង​របៀបវារៈ​នៃ​ជំនួប​ទ្វេ​ ភាគី​រវាង​លោក​នាយករដ្ឋមន្ត្រ ហ៊ុន សែន និង​លោក បារ៉ាក់ អូបាម៉ា។
អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​ គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក ចូល​រួម​ប្រជុំ​កំពូល​អាស៊ាន គឺ​ផ្ដោត​សំខាន់​លើ​កិច្ចការ​ពីរ​យ៉ាង។ ទី​១ ពង្រឹង​ទំនាក់ទំនង​ការទូត និង​ទី​២ បង្កើន និង​ពង្រីក​វិស័យ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០។
ក្រៅ​ពី​នោះ លោក បារ៉ាក់ អូបាម៉ា ក៏​អាច​នឹង​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​លក្ខណៈ​ទ្វេ​ភាគី ដើម្បី​ពង្រឹង​បន្ថែម​ទៀត​ចំពោះ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ និង​កិច្ចការ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។
លោក ផៃ ស៊ីផាន លើក​ឡើង​បន្ត​ថា សហរដ្ឋអាមេរិក​អាច​នឹង​ជំរុញ​ឲ្យ​មាន​អ្នក​វិនិយោគទុន​ចូល​មក​រក​ស៊ី​ក្នុង​ ប្រទេស​កម្ពុជា។ លោក ផៃ ស៊ីផាន បញ្ជាក់​បន្ថែម​ថា មូលហេតុ​ដែល​សហរដ្ឋអាមេរិក​អាច​នឹង​ជំរុញ​ឲ្យ​អ្នក​វិយោគ​ទុន​មក​រក​ស៊ី​នៅ​ កម្ពុជា នោះ​ផ្អែក​លើ​កត្តា​៣។ ទី​១ ផលិតផល​សរុប​របស់​ប្រទេស​កម្ពុជា រក្សា​បាន​ខ្ពស់ ទី​២ កម្លាំង​ពលកម្ម​ឆ្លើយ​តប​នឹង​តម្រូវ​ការងារ និង​ទី​៣ លំនឹង​នៃ​ស្ថិរភាព​នយោបាយ​ក្នុង​ប្រទេស​អាច​ឲ្យ​អ្នក​វិនិយោគ​ទុន​សហរដ្ឋ​ អាមេរិក​ជឿ​ទុក​ចិត្ត​បាន។
លោក ផៃ ស៊ីផាន៖ «អ្វី​ដែល​កម្ពុជា អាច​ផ្ដល់​ឲ្យ​ជា​ឱកាស​ក្នុង​ការងារ​ពាណិជ្ជកម្ម​រវាង​កម្ពុជា សហរដ្ឋ​អាមេរិក​ហ្នឹង គឺ​ទី​១ ឈ​លើ​ផលិតផល​សរុប​របស់​យើង​ដែល​រក្សា​បាន​ខ្ពស់​ក្នុង​រយៈ​កាល ១០​ឆ្នាំ​កន្លង​មក​ហើយ​នោះ ហើយ​ទី​ពីរ​ក្រៅ​ពី​ផលិតផល​សរុប​មក​ក្នុង​ហ្នឹង​ហើយ យើង​មាន​វិស័យ​ដទៃ​ទៀត ហើយ​ជា​ពិសេស​ហ្នឹង​ការងារ​យុវជន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​យុវជន​យ៉ាង​ហោច​ណាស់ ៣០​ភាគ ឬ​ក៏ ៤​លាន​នាក់​ដែល​ជា​កម្លាំង​ថ្មី ដែល​សហរដ្ឋ​អាមេរិក​ត្រូវ​ការ យើង​ទទួល​បាន​ពី​ការងារ​ហ្នឹង។ បន្ទាប់​មក​ទៀត ក្រៅ​ពី​កម្លាំង​ការងារ កម្លាំង​ពលកម្ម ក្នុង​នោះ​ដែរ កម្ពុជា​អាច​ផ្ដល់​ឱកាស​ដល់​សហរដ្ឋ​អាមេរិក​ហ្នឹង គឺ​ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​សេដ្ឋកិច្ច»
ទោះ​យ៉ាង​ណា ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា គេ​ពិបាក​នឹង​ជឿ​ថា ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក បោះ​ជំហាន​ទៅ​មុខ​នោះ​ណាស់ ដោយសារ​រដ្ឋាភិបាល​កម្ពុជា មិន​ទាន់​បំពេញ​តួនាទី​របស់​ខ្លួន​សម​ស្រប​ទៅ​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ​នោះ​ឡើយ។ ជាក់ស្ដែង​បញ្ហា​ការ​រំលោភ​សិទ្ធិ​មនុស្ស​តាម​រយៈ​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ ដោយ​បង្ខំ និង​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ប៉ះពាល់​ដល់​ពលរដ្ឋ និង​ការ​ចាប់​សកម្មជន​ដីធ្លី និង​អ្នក​សារព័ត៌មាន​ដាក់​គុក ព្រម​ទាំង​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ​នៅ​តែ​បន្ត​កើត​មាន។
បន្ថែម​លើ​នេះ លោក​អះអាង​ថា អ្នក​វិនិយោគ​ទុន​នៅ​ប្រទេស​ដែល​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​ដូច​សហរដ្ឋ ​អាមេរិក និង​ប្រទេស​អឺរ៉ុប​ជាដើម គេ​មិន​ងាយ​ប្រថុយ​ទម្លាក់​ទុន​របស់​គេ​មក​ធ្វើ​វិនិយោគ​នឹង​ប្រទេស​ដែល​ រំលោភ​សិទ្ធិ​មនុស្ស និង​ប្រទេស​ដែល​មាន​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ​នោះ​ណាស់។
លោក អ៊ូ វីរៈ៖ «មូលហេតុ​ដែល​កម្ពុជា មិន​អាច​ទាក់ទាញ​អ្នក​វិនិយោគ​ល្អៗ ជា​ពិសេស​ក្រុមហ៊ុន​ល្អៗ​ហ្នឹង មក​ពី​ប្រទេស​រីក​ចម្រើន​ដូច​ជា​ប្រទេស​អាមេរិក និង​អឺរ៉ុប​ហ្នឹង ដោយសារ​ក្រៅ​តែ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស ហើយ​ក្រៅ​ពី​ហ្នឹង​ប្រព័ន្ធ​តុលាការ​នៅ​ទន់​ខ្សោយ ហើយ​អត់​ទាន់​មាន​នីតិរដ្ឋ ហើយ​ប្រទេស​ណា​ក៏ដោយ មិន​មាន​នីតិរដ្ឋ​ដែល​ជា​ប្រទេស​មួយ​ងាយ​បែក​បាក់ ងាយ​ប្រេះ ងាយ​មាន​ឲ្យ​អស្ថិរភាព ប្រទេស​ដែល​ខ្វះ​នីតិរដ្ឋ​ហ្នឹង​ក៏​ជា​ប្រទេស​ដែល​អ្នក​វិនិយោគ​អត់​ទុក​ ចិត្ត​បាន​ដែរ ព្រោះ​អត់​អាច​ទុក​ចិត្ត​បាន​ទៅ​លើ​ប្រព័ន្ធ​ច្បាប់»
លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ការ​អញ្ជើញ​មក​របស់​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ចូល​រួម​ប្រជុំ​កំពូល​អាស៊ាន​នេះ កម្ពុជា​អាច​ទទួល​បាន​ផ្លែ​ផ្កា​តិចតួច​ពី​សហរដ្ឋអាមេរិក ជា​ពិសេស​កិច្ចការ​ពាណិជ្ជកម្ម ដោយសារ​រដ្ឋាភិបាល​ហាក់​ពុំ​ទទួល​យក​ការ​ទទូច​ស្នើ​សុំ​ពី​សំណាក់​សហគមន៍​ អន្តរជាតិ​ទៅ​លើ​បញ្ហា​អសកម្ម​មួយ​ចំនួន ដូច​ជា​បញ្ហា​សិទ្ធិ​មនុស្ស និង​បញ្ហា​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ​ជាដើម។
ប្រធានាធិបតី​សហរដ្ឋអាមេរិក នឹង​អញ្ជើញ​ទស្សនកិច្ច​ចាប់​ពី​ថ្ងៃ​ទី​១៧ វិច្ឆិកា ដល់​ថ្ងៃ​ទី​២០ ទៅ​កាន់​ប្រទេស​ចំនួន​បី​នៅ​អាស៊ី​អាគ្នេយ៍ គឺ​ប្រទេស​ថៃ ភូមា ឬ មីយ៉ានម៉ា ដើម្បី​ពង្រឹង​ការ​ទូត និង​កិច្ចការ​មួយ​ចំនួន និង​ចូល​រួម​ប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​កម្ពុជា៕ ដោយៈ វិជ័យ អានន្ទ - RFA

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons