Monday, October 8, 2012

អូ​ស្វា​ម ផ្តល់​ថវិកា ៤​លាន​ផោន សម្រាប់ធ្វើ​ការងារ លើ​បញ្ហា​ភាពក្រីក្រ និង​កាត់បន្ថយ​គ្រោះភ័យ និង​គ្រោះ​មហន្តរាយ នៅ​កម្ពុជា


ខេត្តកំពង់ធំ​: លោក Sharon Thangadurai នាយក​អង្គការ អូ​ស្វា​ម​-​អង់គ្លេស ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា អង្គការ អុក​ហ្វា​ម មាន​ថវិកា ៤​លាន​ផោន សម្រាប់ធ្វើ​ការងារ លើ​បញ្ហា​ភាពក្រីក្រ និង​កាត់បន្ថយ​គ្រោះភ័យ និង​គ្រោះមហន្តរាយ នៅ​កម្ពុជា​។​
​ក្នុង​ ដំណើរ​ជាមួយនឹង​សហភាព​អឺរ៉ុប ដែល​បាន​ដឹកនាំ​អ្នកកាសែត ចុះទៅ​កាន់​ខេត្តកំពង់ធំ កាលពី​ថ្ងៃអាទិត្យ ទី​៧ ខែតុលា ឆ្នាំ​២០១២ លោក Sharon Thangadurai បាន​ឲ្យ​ដឹងថា អង្គការ​អូ​ស្វា​ម ជា​អង្គការ​មនុស្សធម៌ ដូច្នេះ​តំបន់​ដែលមាន​ភាព​ងាយ​រងគ្រោះ​ធម្មជាតិ ហើយ​នៅក្នុង​តំបន់ដែលមាន​ងាយ​រងគ្រោះ​ធម្មជាតិ​នេះ ជាពិសេស​ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និង​ស្ទឹងត្រែង​។ កាលពី​ឆ្នាំ​២០១១ ខេត្តកំពង់ធំ ជា​ខេត្ត​មួយដែលមាន​គ្រោះទឹកជំនន់​ធ្ងន់ធ្ងរ​ជាងគេ ហើយ​គោលដៅ​របស់​អង្គការ​អូ​ស្វា​ម ដែល​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា បាន​ជួយ​ឲ្យ​សហគមន៍​មូលដ្ឋាន មាន​ភាព​បន្សាំ​ទៅនឹង​ការ​ផ្លាស់ប្តូរ​អាកាសធាតុ​នេះ​។​

​លោក Sharon Thangadurai មានប្រសាសន៍​បន្ថែមថា ការអន្តរាគមន៍​រប​ស់​អង្គការ​អូ​ស្វា​ម ធ្វើ​យ៉ាង​ណាឲ្យ​គាត់​មាន​ភាព​ងាយ​បន្សាំ​នឹង​ការផ្លាស់ប្តូរ​អាកាសធាតុ ធ្វើ​យ៉ាង​ឲ្យ​គាត់​ជៀស​ផុតពី​ភាព​ងាយ​រងគ្រោះ ដូច្នេះហើយ​បានជា​អូ​ស្វា​ម ជ្រើស​រើសយក​ខេត្តកំពង់ធំ ជា​តំបន់​គោលដៅ​របស់ខ្លួន​។​

​លោក Sharon Thangadurai នាយក​អូ​ស្វា​ម​ប្រចាំ​កម្ពុជា ថ្លែង​បែបនេះ នៅក្នុងពេល​ចុះ​ពិនិត្យ​ការស្តារ​ជួសជុល​ទំនប់​ទប់ទឹក​ជំនន់​មួយ​ខ្សែ នៅ​ភូមិ​ព្រែ​ព្រះ ឃុំ​/​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ នា​រសៀល​ថ្ងែ​ទី​៧​ខែតុលា​២០១២ រួមជាមួយ​លោក ហ្ស​ង ហ្វ្រ​ង់​ស័​រ កូ​តាំង (Jean-Francois CAUTAIN) ឯកអគ្គរដ្ឋទូត ប្រធាន​ប្រតិភូ​នៃ​សហភាព​អឺរ៉ុប ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក Sharon Thangadurai បាន​ថ្លែងបន្តថា យើង​មក​ទីនេះ (​ភូមិ​ព្រៃ​ព្រះ​) មាន​សកម្មភាព​ច្រើន ដូចជា​កសាង​សមត្ថភាព​សហគមន៍​មូលដ្ឋាន​ឲ្យ​គាត់ អាច​បន្សាំ​ជាមួយនឹង​ការ​បម្រែបម្រួល​អាកាសធាតុ​នេះ ធ្វើការ​បណ្តុះបណ្តាល​ឲ្យ​គាត់​មានការ​យល់ដឹង​អំពី​ការកាត់បន្ថយ​គ្រោះភ័យ នៃ​គ្រោះមហន្តរាយ និង​រៀបចំ​សហគមន៍​ឲ្យ​គាត់​មាន​សមត្ថភាព​ក្នុងការ​ត្រៀម​បង្ការ​ក្នុង​ គ្រោះភ័យ​នេះ ហើយ​ដូចជា​តំបន់​គោលដៅ​មួយចំនួនដែលមាន​បញ្ហា​គ្រោះទឹកជំនន់​កើតឡើង គឺ​យើង​ត្រៀម​ជួយ​បង្កើត​សមត្ថភាព​ទប់ទល់​ក្នុង​គ្រោះទឹកជំនន់ ហើយ​យើង​ក៏បាន​ផ្តល់ជំនួយ​ផ្នែក​បច្ចេកទេស​ឲ្យ​ពួកគាត់មានលទ្ធភាព​ក្នុង​ ការដាំដុះ ដើម្បី​ឲ្យ​ជៀស​ផុតពី​គ្រោះទឹកជំនន់ ពេលនោះ​ដែរ​យើង​ក៏បានផ្តល់​ពូជស្រូវ ដែលមាន​រយៈពេល​ខ្លី និង​បាន​លើក​កម្ពស់​ទឹក​អណ្តូង​ឲ្យ​បាន​ខ្ពស់​ផុតពី​នី​វូ​ទឹកជំនន់​។​

​ លោក​បន្តថា ទន្ទឹមនឹង​នោះដែរ អូ​ស្វា​ម​ក៏បានផ្តល់​ជា​ទុន​ជា​ថវិកា​ឲ្យ​ដល់​សហគមន៍​មូលដ្ឋាន យកទៅ​ទិញ​ពូជ​របស់គាត់ ដើម្បី​ស្តារ​របស់គាត់​ឡើងវិញ​។ អ្វីដែល​យើង​ធ្វើ​ទាំងអស់ មិនមែន​ត្រឹមតែ​ជួយ​ឲ្យ​យើង​ស្តារ​ជីវភាព​របស់គាត់​នៅក្រោយពេល​ទឹកជំនន់​ ហ្នឹងទេ ប៉ុន្តែ​ក៏មាន​គោលបំណង​ឲ្យ​ពួក​សហគមន៍​មូលដ្ឋាន​រក​វិធីសាស្ត្រ​ក្នុងការ​ ទប់​ស្កាត់នូវ​អ្វី​ដែលជា​គ្រោះភ័យ​តទៅ​ថ្ងៃ​អនាគត​ទៀត​។​

​លោក Sharon Thangadurai​ បាន​មានប្រសាសន៍ថា សម្រាប់​គម្រោង​ជួយ​ខេត្តកំពង់ធំ កាលពី​ឆ្នាំទៅ យើង​មាន​ថវិកា​ជាង ២​លានផោ​ន​។ នេះ​ជា​ថវិកា​មួយដែល​យើង​បាន​ប្រើ មិនមែន​តែ​សម្រាប់តែ​ខេត្តកំពង់ធំ​ទេ គឺ​សម្រាប់​ពីរ​ខេត្តកំពង់ធំ ជាមួយ​ខេត្តក្រចេះ​។ នៅ​ឆ្នាំ​២០១២​នេះ តាមរយៈ​ជំនួយ​របស់​សហភាព​អឺរ៉ុប យើង​បាន ១,៣ លានយូរ៉ូ សម្រាប់​ធ្វើការ​នៅ​ខេត្តកំពង់ធំ ហើយ​គម្រោង​នេះ យើង​បានចាប់ផ្តើម​តាំងពី​ខែឧសភា ឆ្នាំ​២០១២ នឹង​បញ្ចប់​នៅ​ឆ្នាំក្រោយ ហើយ​យើង​បានបញ្ចប់​ការងារ​របស់​យើង​បាន​ប្រហែលជា ៣៥ ភាគរយ​ហើយមកដល់ពេលនេះ​។ យើង​រំពឹងថា គម្រោង​នេះ នឹង​បញ្ចប់​សកម្មភាព​មួយរយ​ភាគរយ នៅ​ខែឧសភា ឆ្នាំ​២០១៣ ក្រៅពីនោះ យើង​បាន​ទទួលបាន​ថវិកា​ពី​ជំនួយ​ម្ចាស់ជំនួយ​ផ្សេងទៀត សម្រាប់​ធ្វើការ​នៅ​ខេត្ត​ផ្សេងទៀត​។​

​លោក​បាន​បញ្ជាក់ថា ជាទូទៅ​អង្គការ​អូ​ស្វា​ម នៅ​ទូទាំងប្រទេសទាំងមូល មាន​ថវិកា​ប្រហែលជា ៤​លាន​ផោន សម្រាប់ធ្វើ​ការងារ​ទៅ​បញ្ហា​ភាពក្រីក្រ និង​កាត់បន្ថយ​គ្រោះភ័យ និង​គ្រោះមហន្តរាយ និង​ការឆ្លើយតប​នឹង​បម្លាស់ប្តូរ​អាកាសធាតុ​ដូច្នេះ​។​

​ លោក ហ្ស​ង ហ្វ្រ​ង់​ស័​រ កូ​តាំង (Jean-Francois CAUTAIN) ឯកអគ្គរដ្ឋទូត ប្រធាន​ប្រតិភូ​នៃ​សហភាព​អឺរ៉ុប ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រសាសន៍ថា ការស្តារ​ឡើងវិញ​នូវ​ទំនប់​នេះ (​ទំនប់​ឃុំ​កំពង់ស្វាយ​) អូ​ស្វា​ម​-​អង់គ្លេស​បាន​អនុវត្តន៍​គម្រោង​នេះ នេះ​ក៏​ជាកា​រលើ​កម្ពស់​រួមចំណែក​លើកកម្ពស់​សន្តិសុខ​ស្បៀង​របស់​បងប្អូន​ ប្រជាពលរដ្ឋ នៅក្នុង​តំបន់​ភូមិ​ព្រៃ​ព្រះ​នេះ​ផងដែរ ដែល​ទាក់ទង​ទៅនឹង​គម្រោងដែល​សហភាព​អឺរ៉ុប​កំពុង​ជួយ​មកទល់ពេលនេះ​។

​ លោក​បាន​បន្តថា ទាក់ទង​ទៅនឹង​ការថែទាំ​ទំនប់​នេះ  គម្រោង​បានដាក់​ចូលទៅក្នុង​ផែនការ​វិនិយោគ​របស់​ឃុំ ដែល​​អាច​ធានាបាន​នូវ​និរន្ត​ភាព​នៃ​ការថែទាំ​នៃ​គម្រោង​នេះ  ក្នុង​រយៈពេល​យូរ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទទួលផល​រយៈពេល​យូរ​នៅពេល​គម្រោ​នេះបាន​ចប់។ យើង​បាន​ជួប​ជាមួយ​លោក​ម្នាក់ដែលជា​គណៈកម្មការ​ថែទាំ​ទំនប់​នេះ ដែល​បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ជា​អ្នកចូលរួម​ចំណែក​ខាង​ផ្នែក​ពលកម្ម​ក្នុងការ​ថែទាំ​ទំនប់​ នេះ ហើយ​បាន​ដាក់ចូល​ការវិនិយោគ​ដែល​ប្រើប្រាស់​ថវិកា​ឃុំ​ផងដែរ នៅពេលដែល​មានការ​ខូចខាត​នាពេល​អនាគត​នោះ​គឺថា​មានការ​គ្រប់គ្រង​ដោយ​ឃុំ និង​ប្រជាពលរដ្ឋ​តែម្តង ដែលជា​គម្រោង​បន្សល់ទុក​ដោយ​អូ​ស្វា​ម GB និង​អូ​ស្វា​ម​-​អង់គ្លេស ព្រមទាំង​សហការ​នឹង​ដៃគូ​នៅ​មូលដ្ឋាន គឺ​អង្គការ APA៕ ដោយ: កូឡាប (CEN)

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons