Monday, October 8, 2012

ព្យុះ ហ្គា​អេ​មី រលាយ​អស់​ទៅវិញ​ហើយ តែ​ព្យុះ​ទី​២១ ឈ្មោះ ព្រះ​ភិ​រុណ បានកើត​មាន​បន្ត​


ភ្នំពេញ: ព្យុះ​ទី​២០ ឈ្មោះ​ហ្គា​អេ​មី វា​បាន​រលាយ​អស់​ទៅវិញ​ហើយ បន្ទាប់ពី​ឆ្លងកាត់​ប្រទេស​វៀតណាម ចូលដល់​ប្រទេស​កម្ពុជា និង​ឥទ្ធិពល​ទឹកភ្លៀង​យ៉ាងខ្លាំង ដល់​ប្រទេស​ថៃ​រួចមក តែ​ព្យុះ​នេះ មិន​បង្ក​ឲ្យ​មានការ​ខូចខាត​ផ្ទះសម្បែង និង​គ្រោះថ្នាក់​ប្រជាពលរដ្ឋ នៅក្នុង​ប្រទេស​កម្ពុជា​ទេ គឺ​គ្រាន់តែ​បង្ក​ឲ្យ​មាន​ទឹកជំនន់​បាក់​ដាច់​ប្រព័ន្ធធារាសាស្ត្រ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ច្រើន នៅ​ទូទាំងប្រទេស​រួចមក​។​
​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង ជានា​យក​ខុ​ទ្ធ​កាល​យ័ ក្រសួង​ធនធានទឹក និង​ឧតុនិយម និយាយ​ឲ្យ​ដឹង នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១២ ថា ព្យុះ​ហ្គា​អេ​មី បាន​រលាយ​អស់ហើយ បន្ទាប់ពី​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន នៅ​ទូទាំងប្រទេស​ធ្វើ​ឲ្យ​មាន​ទឹកជំនន់ បាក់​ដាច់​ផ្លូវថ្នល់ និង​ប្រព័ន្ធធារាសាស្ត្រ នៅក្នុង​ខេត្ត​មួយចំនួន​រួចមក​។ តែ​ព្យុះ​នេះ មិន​បង្ក​ឲ្យ​មាន​ដួលរលំ​ផ្ទះ និង​បង្ក​គ្រោះថ្នាក់ ដល់​ប្រជាពលរដ្ឋ​ទេ​។​

​ ប្រភព​ខាងលើ បាន​ឲ្យ​ដឹង​ទៀតថា ប្រព័ន្ធធារាសាស្ត្រ​មួយចំនួន បាន​បាក់​ដាច់ និង​មួយចំនួនទៀត កំពុង​រង​ការគំរាមកំហែង ទោះបីជា​មន្ត្រី​ជំនាញ មាន​វិធានការ ( បើកទ្វារ​ទឹក​ចោល​ទាំងអស់ ) ជាមុន​យ៉ាងណា​ហើយ ក៏ដោយ​ព្រោះ​ភ្លៀង​ធ្លាក់​ភាគច្រើន មាន​កម្រិត​លើសពី​មួយរយ​មី​លី​ម៉ែត្រ ដូចជា នៅក្នុង​ខេត្តពោធិ៍សាត់ បាត់ដំបង ឧ​ត្ត​រ​មានជ័យ កំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​។ ប្រព័ន្ធធារាសាស្ត្រ ដែល​បាក់​ដាច់ ដោយសារ​ទឹកជំនន់​នេះ ត្រូវធ្វើ​ការជួសជុល​ឡើងវិញ បន្ទាប់ពី​ទឹក​ស្រក​។​

​ចំណែកឯ​ ទឹកទន្លេ​មេគង្គ​វិញ ប្រភព​ដដែល​បញ្ជាក់ថា គឺ​មិន​មានការ​ជន់​ឡើង ក្នុងពេល​ព្យុះ​ហ្គា​អេ​មី បាន​ចូល​មកដល់​ប្រទេស​កម្ពុជា​នេះ​ទេ​។ ព្យុះ ហ្គា​អេ​មី មិនបាន​នាំមក​នូវ​ខ្យល់​ខ្លាំង​ទេ តែ​វា​បាន​នាំមក​នូវ​ទឹកភ្លៀង​ច្រើន​។

​មន្ត្រី​ក្រសួង​ជំនាញ​ រូបនេះ បានបញ្ជាក់​ទៀតថា នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក ពេលនេះ មាន​ព្យុះ​ទី​២១ ឈ្មោះ ព្រះ​ភិ​រុណ បានកើត​ឡើង​មួយ​ទៀតហើយ តែ​វា​មានដំណើរ​ទៅ​ភាគ​ខាងជើង ផ្នែក​ជំនាញ កំពុងតែធ្វើការ​តាមដាន វា​យ៉ាង​យកចិត្តទុកដាក់​។​

​ព្យុះ​ហ្គា​អេ​មី ដែលជា​ព្យុះ​ទី​២០ កើតមាន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​បានធ្វើ​ដំណើរ​កាត់​ប្រទេស​វៀតណាម និង​ភាគ​ខាងជើង ប្រទេស​កម្ពុជា រហូតដល់​ប្រទេស​ថៃ បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់ និង​ទឹកជំនន់ ក្នុង​ខេត្ត​មួយចំនួន​របស់​ប្រទេស​ថៃ​ផងដែរ​។​

​ព្យុះ ហ្គា​អេ​មី ដែល​បាន​រលាយ​ទៅវិញ​ហើយ​នេះ ត្រូវបាន​ស្ថាប័ន​ព្យាករ​ធាតុអាកាស តំបន់​អាស៊ី​ព្យាករណ៍​ថា វា​មាន​ឥទ្ធិពល​ខ្លាំងណាស់ ដល់​ប្រទេស​កម្ពុជា និង​ថៃ បន្ទាប់ពី​ភាគ​កណ្តាល​របស់​ប្រទេស​វៀតណាម ដែល​នៅ​ចំ​ពីមុខ​ព្យុះ​នេះ​។ ប្រទេស​ទាំងបី សុទ្ធតែ​បានចេញ​សេចក្តី​ព្រមាន​ឲ្យ​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ដូចគ្នា តែ​ជាក់ស្តែង​ព្យុះ​មួយ​នេះ វា​បាន​ថយឥទ្ធិពល​ទៅវិញ​នៅ​ពាក់កណ្តាល​ទី បន្ទាប់ពី​មាន​ព្យុះ​ទី​២១ បានកើត​មាន​បន្ត​៕​ ដោយ: ខេមា (CEN)

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons