Friday, October 5, 2012

រដ្ឋាភិបាល ប្រកាសឲ្យពលរដ្ឋ​ប្រុងប្រយ័ត្នពីព្យុះ ហ្គាអេមី


ភ្នំពេញ: នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ ​២០១២ រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សេចក្តីណែនាំ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន ចំពោះ​ព្យុះ​ថ្មី​មួយទៀត ដែលមាន​ឈ្មោះថា ហ្គា​អេ​មី GAEMI​។ ព្យុះ​ថ្មី​នេះ នឹងមាន​ឥទ្ធិពល បង្ក​ជា​ខ្យល់ និង​ភ្លៀង មកលើ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១២​។
​សេចក្តីជូនដំណឹង​ដដែល បាន​លើកឡើងថា បន្ទាប់ពី​បានធ្វើ​ការតាមដាន​អង្កេត​ស្រាវជ្រាវ​ធាតុអាកាស អាកាសធាតុ និង​បាតុភូត​រួចមក ឃើញថា នៅវេលា​ម៉ោង ១ រំលង​អ​ធ្រា​ត ឈានចូល​ថ្ងៃទី​៥ ខែតុលា ឆ្នាំ ​២០១ ព្យុះ​ឈ្មោះ ហ្គា​អេ​មី GAEMI បាន និង​កំពុង​ស្ថិតនៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ត្រង់ចំណុច​ខ្សែស្រប​ទី​១៤ អង្សា​៥ នៃ​រយៈទទឹង​ខាងជើង និង​ខ្សែវ័ណ្ឌ​ទី​១១៧ អង្សា​៦ រយៈបណ្តោយ​ខាងកើត និង​មាន​ចម្ងាយ​ប្រមាណ​ជា ៩០០ គីឡូម៉ែត្រ ភាគ​ខាងកើត​ប្រទេស​វៀតណាម​។​
​    ​
​ សេចក្តីណែនាំ ដែល​ចុះហត្ថលេខា ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហាញ​ឲ្យ​ឃើញថា យោងតាម​ការព្យាករណ៍ ព្យុះ​ថ្មី​នេះ នឹងមាន​ឥទ្ធិពល ទិសដៅ និង​ដំណើរ​ថា នៅវេលា​ម៉ោង ៧​ព្រឹក ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១២ ពោល គឺ​នៅពេល​ព្យុះ​នេះ ធ្វើដំណើរ​មកដល់​តំបន់ឆ្នេរ​ប្រទេស​វៀតណាម ព្យុះ ហ្គា​អេ​មី នឹង​បង្កើន​ឥទ្ធិពល​កាន់តែខ្លាំង​នៅវេលា​ម៉ោង ១៩ យប់ ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១២ ព្យុះ ហ្គា​អេ​មី ធ្វើដំណើរ​មកដល់​ព្រំប្រទល់​ប្រទេស​កម្ពុជា និង​វៀតណាម ក្នុង​ខេត្ត​រតនគីរី​។​

​សេចក្តីជូនដំណឹង បាន​បន្ថែមថា នៅវេលា​ម៉ោង ២៣ ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១២ ព្យុះ ហ្គា​អេ​មី នឹងធ្វើ​ដំណើរ​កាត់​ខេត្ត​ស្ទឹងត្រែង​។ នៅវេលា​ម៉ោង ៧​ព្រឹក ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១២ ព្យុះ​ហ្គា​អេ​មី ធ្វើដំណើរ​កាត់​ខេត្តព្រះវិហា​រ និង​បាន​ថយឥទ្ធិពល​របស់​វាប​ន្តិ​ច​ម្តងៗ មកជា​វិ​សម្ពាធ​។​
​    ​
​ សេចក្តី​ជូន​ព័ត៌មាន បន្ថែមថា ស្ថានភាព និង​ដំណើរ​របស់​ព្យុះ​ហ្គា​អេ​មី ខាងលើ នឹង​ជះឥទ្ធិពល​គ្របដណ្តប់​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងែ​ទី​៩ ខែតុលា ឆ្នាំ ​២០១២ ពិសេស​តំបន់ និង​ខេត្ត ដែល​នឹង​ទទួល​ឥទ្ធិពល​ខ្លាំង​ពី​ព្យុះ​នេះ មាន​តំបន់​ខ្ពង់រាប​ភាគ​ឦសាន និង​ខ្ពង់រាប​ភាគ​ខាងជើង រួមមាន​ខេត្ត រតនគីរី​មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ កំពង់ចាម ព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ នឹងមាន​ខ្យល់​គួច​បក់បោក​លាយឡំ​ជាមួយ​ភ្លៀង​ធ្លាក់​ខ្លាំង និង​អាច​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​។

​សេចក្តីប្រកាស លើកឡើងថា នៅ​តំបន់​ទំនាប​កណ្តាល រួមមាន​៖ ខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កណ្តាល ព្រែ​វែង ស្វាយរៀង និង​រា​ធានី​ភ្នំពេញ មាន​ភ្លៀង​ធ្លាក់​ខ្លាំង លាយឡំ​ជាមួយនឹង​ខ្យល់​បក់បោក​ខ្លាំង និង​អាច​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​។​
​    ​
​សេចក្តីជូនដំណឹង បន្ថែមថា នៅ​តំបន់​មាត់សមុទ្រ រលក​សមុទ្រ នឹងមាន​កម្ពស់​ពី​ពីរ​ម៉ែត្រ ទៅ​បី​ម៉ែត្រ​។​

​ ដោយយោង​លើក​ត្តា​អាកាសធាតុ​នេះ រាជរដ្ឋាភិបាល​សូម​ធ្វើការ​ណែនាំ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​អាជ្ញាធរ​ដែនដី នៃ​បណ្តា​ខេត្ត​ដែល​បាន​រៀបរាប់​ខាងលើ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត និង​ត្រូវមាន​វិធានការ​ត្រៀម​
​ទុកជាមុន​តាម​គ្រប់​ម​ធ្យោ​បាយ ដើម្បី​កាត់បន្ថយ​ឲ្យ​បានជា​អតិបរិមា​នូវ​គ្រោះថ្នាក់ និង​ការខូចខាត​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។​

​សូម​រម្លឹកថា ការតាមដាន​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បង្ហាញថា ព្យុះ​ទី​២០ ឈ្មោះ GAEMI ជា​ព្យុះ​ទីមួយ ដែល​ក្រសួង​ជំនាញ បានធ្វើការ​ព្យាករណ៍​ថា នឹងមាន​ឥទ្ធិពល​ផ្ទាល់​ដល់​ភាគ​ឦសាន និង​ភាគ​ខាងជើង​របស់​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ ​២០១២ ដោយ​នាំមក​នូវ​ខ្យល់​ខ្លាំង និង​ភ្លៀង​ខ្លាំង ហើយ​តម្រូវ​ឲ្យ​រាជរដ្ឋាភិបាល ចេញ​សេចក្តីណែនាំ​បន្ថែម លើ​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​
​    ​
​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម មានប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ ​២០១២ នេះ​ថា ព្យុះ​ទី​២០ ឈ្មោះ GAEMI វា​មាន​សកម្មភាព​ចូលដល់​ក្នុងប្រទេស​កម្ពុជា​។ ព្យុះ​នេះ វា​មាន​សភាព​ធ្ងន់ធ្ងរ​ណាស់​ដល់​មួយ​ចំនៀរ​ភូមិភាគ​ឦសាន និង​ភាគ​ខាងជើង ដូចជា ខេត្តក្រចេះ មណ្ឌល​គី​រី រតនគីរី ព្រះវិហារ និង​ខេត្តស្ទឹងត្រែង ដោយមាន​ឥទ្ធិពល​ខ្លាំង​ទាំង​ខ្យល់​ទាំង​ភ្លៀង​។​
​    ​
​លោក​ រដ្ឋមន្ត្រី បញ្ជាក់ថា ព្យុះ​នេះ វា​នឹង​មកដល់​កម្ពុជា នៅ​ព្រលប់​ថ្ងៃទី​៧ ខែតុលា​ឆ្នាំ ​២០១២​។ ក្រសួង បានរៀបចំ​របាយ​ណ៍​ដាក់ជូន​សម្តេចនាយករ​ដ្ឋ​មន្ត្រី ព្រោះ​ព្យុះ​នេះ វា​មាន​ឥទ្ធិពល​ធ្ងន់ធ្ងរ​ណាស់​៕​​ ដោយ: ខេមា (CEN)

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons