Friday, October 5, 2012

រដ្ឋាភិបាល ប្រកាស​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម ថ្វាយ​ព្រះករុណា នរោត្តម សីហនុ​ ថ្ងៃ៣១តុលា

ភ្នំពេញ: បើទោះបីជា​ព្រះករុណា ​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ មិន​គង់​ប្រថាប់​នៅ​ក្នុង​មាតុប្រទេស​ក៏ដោយនៅពេលនេះ ក៏​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស ចាត់តាំង​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម ​ថ្វាយ​ព្រះអង្គ ក្នុង​គម្រប់​ព្រះជន្ម ៩០ យាង​ចូល ៩១ ព្រះវស្សា​។​
​ផែនការ​ណែនាំ ស្តី​ពី​ការចាត់តាំង​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ថ្វាយ​ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ត្រូវបាន​សម្តេចចៅហ្វា​វាំង គង់ សំអុល ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ បាន​ចេញ​ជា​លិខិត ចុះ​ហត្ថលេខា កាល​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១២​។ ផែនការ​ណែនាំ​នោះ ត្រូវបាន​ផ្សព្វ​ផ្សាយ​​ដល់​អ្នកកាសែត នៅ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១២​។​

​ លិខិត​បាន​លើកឡើង​ថា "​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម គឺជា​អាយុវឌ្ឍន​មង្គល​មួយ​ដ៏​ល្អ​ប្រសើរ​ថ្លៃថ្លា​របស់​ប្រជារាស្ត្រ​ខ្មែរ ដែល​ប្រារព្ធ​ឡើង ដើម្បី​សម្តែង​នូវ​កតញ្ញុតាធម៌​ចំពោះ​ព្រះ​មហាករុណា​ទិគុណ ថ្វាយ​ព្រះរាជ​សព្ទសាធុការពរ និង​ថ្វាយ​ព្រះ​រាជកុសល ចំពោះ​ព្រះ​អតីតព្រះមហាក្សត្រ ព្រះករុណា ​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ដែល​ព្រះអង្គ​ជា​ព្រះ​អគ្គ​មគ្គុទ្ទេសក៍​ដ៏​ឆ្នើម ជា​ព្រះបិតា​ឯករាជ្យ​ជាតិ ផ្សះផ្សាជាតិ និង​បង្រួប​បង្រួម​ជាតិ ទ្រង់​មាន​ព្រះ​ជន្មាយុ​យឺនយូរ ព្រះរាជ​សុខមាលភាព​ល្អ​បរិបូណ៌ ព្រះកាយពល​​រឹងមាំ និង​ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា ដើម្បី​បាន​គង់ប្រថាប់ នៅ​ជា​ម្លប់​ដ៏​ត្រជាក់​របស់​ប្រជារាស្ត្រ​ខ្មែរ យូរអង្វែងត​រៀង​ទៅ​"​។​

​ សេចក្តីណែនាំ ក៏​បាន​បង្ហាញថា "​ឆ្នាំនេះ រាជរដ្ឋាភិបាល​នៃ ​ព្រះរាជាណាចក្រ​កម្ពុជា រួម​ជាមួយ​ព្រះសង្ឃ ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ គ្រប់​ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រាជធានី និង​គ្រប់​ខេត្ត ព្រមទាំង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស នឹង​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ថ្វាយ​ព្រះករុណា​ព្រះបាទ​ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ក្នុង​រយៈពេល ១ ថ្ងៃ គឺ​នៅ​ថ្ងៃទី​៣១ ខែតុលា តាម​ប្រពៃណី​ជាតិ និង​ប្រពៃណី​ព្រះពុទ្ធសាសនា​"​។​

​ នា​ឱកាស​ដ៏​នក្ខត្ត​ឫក្ស នៃ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​របស់​ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ គម្រប់​ព្រះជន្ម ៩០ យាង​ចូល ៩១ ព្រះវស្សា​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ សូម​ធ្វើ​ការណែនាំ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​រាជធានី​-​ខេត្ត ជាដើម ត្រូវ​ចាត់តាំង​រៀបចំ​ព្រះរាជ​ពិធី ឲ្យបាន​សមស្រប​ទៅ​នឹង​ប្រពៃណី​ជាតិ និង​ប្រពៃណី​សាសនា រៀបចំ​តុបតែង​លំអ​រចនា​ដោយ​ភ្លើង​ពណ៌ តាំង​ព្រះឆាយាល័ក្ខណ៍​ព្រះករុណា​ព្រះមហាវីរក្សត្រ ព្រមទាំង​បំផុស​ប្រជារាស្ត្រ ចូលរួម​អបអរសាទរ ដោយ​ដោត​ទង់ជាតិ ទង់ជ្វាលា​គ្រប់​គេហដ្ឋាន បដា​ពាក្យស្លោក ថ្វាយព្រះព​រ និង​សារលិខិត​ថ្វាយព្រះព​រ ជាដើម​។ សិល្បៈកំសាន្ត និង​ចម្រៀង​បុរាណ​-​សម័យ ក៏​ត្រូវ​អាជ្ញាធរ រៀបចំ​សំដែង​នៅតាម​ទីសាធារណៈ​ទូទាំង​ប្រទេស​ផង​ដែរ​។​

​ គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ ក៏​បាន​ដាក់​ផែនការ​បែងចែក​តាម​ក្រ​សួង រដ្ឋលេខាធិការដ្ឋាន មន្ទីរ ស្ថាប័ន អំពាវនាវ​សប្បុរសជន អង្គការក្រៅរដ្ឋាភិបាល អង្គការ ​មនុស្សធម៌ ក្រុមហ៊ុន​ឯកជន ជួយ​ឧបត្ថម្ភ​សម្ភារៈ ថវិកា គ្រឿងឧបភោគ​បរិភោគ​ផ្សេងៗ ចុះសួរសុខទុក្ខ​ដល់​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាលនៅ​តាម​មន្ទីរពេទ្យ យុទ្ធជន​ពិការ​តាម​មណ្ឌល​ពិការ កុមារកំព្រា ចាស់ព្រឹទ្ធាចារ្យ​គ្មាន​ទីពឹង ដើម្បី​សម្តែង​មនោសញ្ចេតនា​អាណិត​ស្រឡាញ់​រាប់អាន លើកទឹកចិត្ត និង​ជួយ​គ្នា​ទៅវិញទៅមក​។​

​សូម​រម្លឹកថា ក្នុង​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ កាលពី​ឆ្នាំមុន ក្នុង​គម្រប់​ព្រះជន្ម ៨៩ យាង​ចូល ៩០ ព្រះវស្សា រាជរដ្ឋាភិបាល​កម្ពុជា បាន​រៀបចំ​ប្រារព្ធ​ព្រះរាជ​ពិធី​ទ្រង់ទ្រាយ​ធំ នៅ​មុខ​ព្រះបរមរាជវាំង និង​បាន​ថ្វាយ​វេទិកា​ដល់​ព្រះករុណា​សម្តេច​ព្រះ នរោត្តម សីហនុ ឡើង​មាន​ព្រះរាជបន្ទូល ដោយ​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ និង​វិទ្យុ ថែមទៀត​ផង​។​

​កាលណោះ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ បាន​មាន​ព្រះរាជបន្ទូល ដោយ​បង្ហាញ​ពី​ព្រះរាជសុខភាព រឹងមាំ​របស់​ព្រះអង្គ បើ​ទោះបី​ព្រះអង្គ​មាន​ព្រះ​រោគាពាធ ដែល​ត្រូវការ​ឲ្យ​ក្រុម​គ្រូពេទ្យ​ចិន ត្រូវ​ព្យាបាល​ព្រះអង្គ​ជា​ប្រចាំ​ក៏ដោយ​។​

​នៅពេលនេះ ព្រះករុណា​អតីត​ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ កំពុង​គង់ប្រថាប់ នៅ​ប្រទេស​ចិន ដើម្បី​ព្យាបាល​ព្រះរោគ ដោយ​ព្រះអង្គ បាន​ប្រកាស​កាលពី​ពេល​ថ្មី​នេះ​ថា ព្រះអង្គ​នឹង​គង់នៅ​ប្រទេស​ចិន ក្នុង​ពេល​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះអង្គ នា​ថ្ងៃ​ទី​៣១ ខែតុលា​។ ថ្ងៃ​ចម្រើន​ព្រះជន្ម​ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ត្រូវបាន​រាជរដ្ឋាភិបាល កំណត់​ជា​ថ្ងៃ​បុណ្យ​ជាតិ ដែល​តម្រូវ​ឲ្យ​មន្ត្រីរាជការ និយោជិត កម្មករ និង​សិស្ស​និស្សិត ជាដើម ត្រូវ​ឈប់​សម្រាក​៕ ដោយ: លី សិលា (CEN)

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons