Tuesday, October 9, 2012

គម្រោង​ស្តា និង​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​ជ្រោយចង្វារ ទៅ​ស្ពាន​ព្រែក​ក្តាម ចំណាយ​ជិត ៥៧ លាន​ដុល្លារ​


ភ្នំពេញ: គម្រោង​ស្តា និង​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​ស្ពាន​ជ្រោយចង្វារ រហូតដល់​ស្ពាន​ព្រែក​ក្តាម ដែល​មាន​ប្រវែង​ប្រមាណ ៣០ គីឡូម៉ែត្រ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់ នា​ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១២ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ហ៊ុន​សែន និង​លោក​ឯកអគ្គរដ្ឋទូត ​ចិន ប្រចាំ​កម្ពុជា​។ កំណាត់​ផ្លូវជាតិ​លេខ ៥​នោះ ត្រូវ​ចំណាយ​ថវិកា​សរុប ៥៦,៨ លាន​ដុល្លារ ហើយ​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​២០១៥​។​
ក្នុងគម្រោងស្តា និងពង្រីកកំណាត់ផ្លូវជាតិលេខ៥ ពីស្ពានជ្រោយចង្វារ រហូតដល់ស្ពាន​ព្រែកក្តាម ដែលត្រូវចំណាយថវិកាសរុបចំនួន ៥៦,៨ លានដុល្លារ គឺរដ្ឋាភិបាលកម្ពុជា បានចូលរួមប្រាក់បដិភាគ ចំនួន ៩ លានដុល្លារ ដែលរួមមាន សាច់ប្រាក់ បោស​សំអាត​មីន និងកាកសំណល់មិនទាន់ផ្ទុះ ចេញថ្លៃសំណង់ ដែលកំពុងបូកសរុប និងអត្រា​ពន្ធ ដែលមានតម្លៃជាង ៦​ លានដុល្លារ។

​រដ្ឋមន្ត្រីក្រសួង​ សាធារណការ និង​ដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក បាន​លើកឡើង​ថា គម្រោង​ស្តារ និង​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ ៥ ពី​ចំណុច​ស្ពាន​ជ្រោយចង្វារ ដល់​ស្ពាន​ព្រែក​ក្តាម ប្រវែង ៣០ គីឡូម៉ែត្រ ជា​បួន​គន្លង​ទិសដៅ​ចរាចរណ៍ ដែល​មាន​ទទឹង ចាប់ពី ២២ ម៉ែត្រ ដល់ ២៥ ម៉ែត្រ មាន​សាងសង់​ស្ពាន​ថ្មី​រហូតដល់ ៣ កន្លែង ទទឹង ២៥ ម៉ែត្រ ប្រវែង​សរុប ១៧៥ ម៉ែត្រ​។ ពង្រីក​ស្ពាន​ចាស់​មួយ​កន្លែង ទទឹង ២១ ម៉ែត្រ ប្រវែង ៣៥ ម៉ែត្រ​។ លូ​គ្រប់​ប្រភេទ ៨ កន្លែង ប្រវែង ២២៥ ម៉ែត្រ និង​ខ្នែង​ផ្លូវ​ប្រសប់ ប្តូរ​ទិស​ចរាចរណ៍​ទំនើប មួយកន្លែង ប្រវែង​សរុប ៤៦៩ ម៉ែត្រ​។ ចំណែក​តួ​ផ្លូវ ត្រូវបាន​លើកកម្ពស់ និង​ពង្រីក​ទៅ​តាម​គម្រោង​រចនា​ប្លង់​បច្ចេកទេស​។ ក្នុងនោះ មាន​សួន​ពុះ​ចែក​ទិសដៅ​ចរាចរណ៍​កណ្តាល​ទ្រូងផ្លូវ ទទឹង ២,៥ ម៉ែត្រ​។​

កំណាត់ផ្លូវចាស់ ពីស្ពានជ្រោយចង្វារ ដល់ស្ពានព្រែកក្តាម ដែលមានប្រវែងជាង ៣០ គីឡូម៉ែត្រ មានទទឹងត្រឹមតែចន្លោះពី ៧ ម៉ែត្រ ទៅដល់ ១១ ម៉ែត្រប៉ុណ្ណោះ។ ទំហំផ្លូវ​តូច​ចង្អៀតនេះ នាំឲ្យកក់ស្ទះចរាចរណ៍ ពិសេសនៅពេលព្រឹក និងពេលល្ងាច និងនៅ​ពេល​បុណ្យទានម្តងៗ។

​លោក​រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បាន​បន្ថែមថា គម្រោង​ស្តា និង​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ​៥ ប្រវែង ៣០ គីឡូម៉ែត្រ ត្រូវ​ចំណាយ ៥៦,៨ លាន​ដុល្លារ​អាមេរិក ដែល​ជា​ថវិកា​កម្ចី​ឥណទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួមទាំង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​បន្ថែមទៀត សម្រាប់​ដោះស្រាយ​ផលប៉ះពាល់​។ អនុវត្ត​ការសាងសង់ ដោយ​ក្រុមហ៊ុន សំណង់​សៀង​ហៃ គ្រូ​ប និង​ពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន ខ្វាង​ចូ​វ វាន​អាន របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ត្រូវ​ប្រើ​ពេល​សាងសង់​រយៈពេល ៤០ ខែ គឺ​ចាប់ពី​ឆ្នាំ​២០១២ នេះ​តទៅ និង​គ្រោង​បញ្ចប់​នា​ខែមិថុនា ឆ្នាំ​២០១៥ ខាងមុខ​។

​ចំណែក​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា "​ការដ្ឋាន​ថ្ងៃនេះ គឺ​ត្រូវ​ប្រើប្រាស់​នូវ​ទឹកប្រាក់ ដែល​បាន​ចុះហត្ថលេខា កាលពី​ខែ​ធ្នូ ឆ្នាំ​២០០៩ នៅក្នុង​ដំណើរ​ទស្សនកិច្ច របស់​ឯកឧត្តម អនុ​ប្រធានាធិបតី​ចិន ស៊ី​ជុង​ភី​ង ក្នុងពេលដែល​គាត់​មក​ទស្សនកិច្ច​នៅ​កម្ពុជា ដែល​ពេលនោះ គឺ​ចុះហត្ថលេខា នៅក្នុង​ក្របខណ្ឌ​ឥណទាន ចំនួន ៤០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​ក្នុង​ឥណទាន ៤០០ លាន​ដុល្លារ​នោះ ត្រូវបាន​ប្រើប្រាស់ សម្រាប់​គម្រោង ចំនួន ៨"​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ថែមថា "​ក្នុង​ចំណោម​គម្រោង​ចំនួន ៨ នេះ ក៏​មាន​គម្រោង ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​ផ្លូវ​ភ្ជាប់​ទីក្រុង​ភ្នំពេញ ដែល​ប៉ុន្មាន​ខែ​មុន យើង​បើក​ការដ្ឋាន​សាងសង់ ពី​គល់ស្ពាន​ជ្រោយចង្វារ ទៅដល់​ផ្លូវ​កែង គឺ​ផ្លូវ​ជាតិ​លេខ​៦ សម្រាប់​ការបើក​ពង្រីក​ផ្លូវ​ជា ៤ គន្លង ហើយ​ថ្ងៃនេះ គឺ​យើង​បើក​ពង្រីក ( ផ្លូវជាតិ​លេខ​៥ ) ៤ គន្លង​ផ្សេងទៀត ចាប់​ពី​ស្ពាន​ជ្រោយចង្វារ រហូតដល់​ស្ពាន​ព្រែក​ក្តាម​"​។​

​ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា "​ការបើក​ពង្រីក​ផ្លូវ​នេះ បង្ហាញ​អំពី​ការរីកចម្រើន​របស់​ប្រទេសជាតិ​របស់​យើង ដែល​ក្នុងនោះ សម្រាប់​ទីក្រុង​ភ្នំពេញ ការរីកចម្រើន គឺ​មាន​ល្បឿន​លឿន​គួរឲ្យ​ចាប់អារម្មណ៍​។ ក្នុងដំណាក់កាល​ត្រឹមតែ​ពី​ឆ្នាំ​១៩៨៥ រហូតមកដល់​ពេលនេះ ខ្ញុំ​ព្រះករុណា​ខ្ញុំ​ផ្ទាល់ ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​មុន និង​រដ្ឋាភិបាល​ក្រោយនេះ បាន​ចុះហត្ថលេខា ៤ ដង សម្រាប់​ការ​ពង្រីក​ផ្ទៃដី នៅក្នុង​ទីក្រុង​ភ្នំពេញ​នេះ​"​។

ជាមួយនឹងប្រសាសន៍ដូច្នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន​សែន ក៏បានគូសបញ្ជាក់​ដោយ​អំពាវនាវទៅកាន់ក្រុមផ្លូវធ្វើផ្លូវថា "អីចឹងទេ ស្នើឲ្យមានការសិក្សាជាក់លាក់ និងអនុវត្តគំរោងឲ្យបានរឹងមាំ ព្រោះបទពិសោធន៍មួយ ដែលក្រុមហ៊ុន សៀង ហៃ ត្រូវដកពិសោធន៍ គឺការកសាងផ្លូវជាតិលេខ ៧ គឺថា អានឹង ជួសជុលអត់ចប់។ ប្រហែលជាវាមានមូលហេតុរបស់វាអ្វីមួយ នៅខាងក្រោម ( ក្រោមផ្លូវ ) ហើយដែល​តម្រូវ ត្រូវយកស្តង់ដារបែបថ្មី។ អានឹងគ្រាន់តែជាការផ្តល់អនុសាសន៍​ សម្រាប់ការ​ចរចា​រវាងក្រសួងសាធារណការ ក្រសួងសេដ្ឋកិច្ច និងក្រុមហ៊ុន បន្តទៅទៀត លើ​គម្រោងនានា..."៕ksn

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons