Monday, September 17, 2012

ក្រសួងធនធានទឹកជូនដំណឹងពី​ភ្លៀង ផ្គរ រន្ទះ និងទឹកជំនន់៣ថ្ងៃ ដើមសប្តាហ៍



ស្ថាន​ភាព​អាកាសធាតុ​ ភ្លៀង​ ផ្គរ​ រន្ទះ​ ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ពេល​​ថ្មីៗ​នេះ​ ។ រូបថត ម៉េង គឹម​ឡុង
ភ្នំពេញៈ ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ប្រកាស​ជូន​ដំណឹង​ពី ការ​ធ្លាក់​ភ្លៀង​ខ្លាំង​និង​ផ្គរ​រន្ទះ​នៅ​ប៉ុន្មាន​ថ្ងៃ​នេះ ជាមួយ​នឹង​កម្ពស់​ទឹក​ទន្លេ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​កំពុង​ឡើង​ ខ្លាំង​ដែល​ធ្វើ​ឲ្យ​លិច​ផល​ដំណាំ​ និង​ផ្លូវ​ជាតិ​មួយ​ចំនួន​ផង។
ភ្លៀង ធ្លាក់​ខ្លាំង​ មាន​ទាំង​ផ្គរ​រន្ទះ​ និង​ទឹក​ជំនន់​ផង ​បាន​និង​កំពុង​កើត​មាន​តាម​បណ្តា​ខេត្ត​នៅ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​បី​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៦​ដល់​ទី​១៨​កញ្ញា។
នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​ ក្នុង​គេហទំព័រ​របស់​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម។
សេចក្តី ជូន​ដំណឹង​បញ្ជាក់​ថា​៖ «អាកាសធាតុ​មាន​ការ​ប្រែប្រួល​ខ្លាំង​ ដែល​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ មាន​ផ្គរ​រន្ទះ​និង​ខ្យល់​បោក​បក់​ខ្លាំង​។ តំបន់​ភ្នំ​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន នឹង​បណ្តាល​ឲ្យ​រង​ការ​ប៉ះពាល់​ពី​ទឹក​ជំនន់​នេះ​។ សូម​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​តំបន់​នៅ​ជាប់​នឹង​ទន្លេ​»។
ភ្លៀង ចាប់ផ្តើម​ធ្លាក់​ខ្លាំង ​កាល​ពី​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​មុន ​នៅ​ក្នុង​ខេត្ត​កំពង់ធំ​ បាន​បណ្តាល​ឲ្យ​ទឹក​ស្ទឹងសែន​ឡើង​ខ្ពស់​ និង​ជន់​លិច​ផ្លូវ​ជាតិ​លេខ៦​ជាង​៥០​ម៉ែត្រ​។
លោក ហាក់ វុទ្ធី ប្រធាន​ស្តីទី​នៃ​មន្ទីរ​ធនធាន​ទឹក​និង​ឧតុនិយម​ខេត្ត​កំពង់ធំ​បាន​ឲ្យ ដឹង​ថា ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ពីរ​ថ្ងៃ ធ្វើ​ឲ្យ​ទឹក​ស្ទឹង​សែន​ពី​ថ្ងៃ​អាទិត្យ​ឡើង​ដល់​កម្ពស់​១៣,១២​ម៉ែត្រ​ គឺ​នៅ​ខ្វះ​តែ ៤៨​តឹក​ទៀត ដល់​កម្រិ​ត​ប្រកាស​អាសន្ន។ លោក​ វុទ្ធី​ បាន​បញ្ជាក់​ថា ផ្លូវ​ជាតិ​លេខ​៦ប្រមាណ​ជា​៥០​ម៉ែត្រ នៅ​ក្នុង​ភូមិ​អ្នក​វាំង ​ឃុំ​ស្រឡៅ ស្រុក​បារាយណ៍​ត្រូវ​ទឹក​ជន់​លិច។ ​លោក​ថា​៖​«ទឹក​ហូរ​កាត់​ផ្លូវ​ជាតិ​ចាប់​ពី​ព្រលប់​ថ្ងៃ​សៅរ៍​ដល់​ម៉ោង​ ១យប់ ​រំលង​អធ្រាត្រ​ព្រឹក​ថ្ងៃ​អាទិត្យ ប៉ុន្តែ វា​មិន​ទាន់​ប៉ះពាល់​នោះ​ទេ ដោយ​សារ​ភ្លៀង​រាំង​និង​ទឹក​បាន​ស្រក បន្ទាប់​ពី​បើក​ទ្វារ​រំដោះ​ទឹក។ ប៉ុន្តែ បើ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ ២ឬ​៣​ថ្ងៃ​ ជាប់ៗ​គ្នា​ទៀត​នោះ ​វា​នឹង​មាន​ការ​លិចលង់​ផល​ដំណាំ​អ្នក​ស្រុក​ខ្លះ​មិន​ខាន»។
លោក​ស្រី លឹម ផល្លា អភិបាល​រង​ស្រុក​បារាយណ៍​ក៏​បាន​ប្រាប់​ដែរ​ថា៖«ទឹក​ភ្លៀង​ចាល់​ហូរ​កាត់​ ផ្លូវ​ជាតិ​នេះ​បណ្តាល​មក​ពី​លូ​តូចៗ នៅ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ពេក ទើប​ធ្វើ​ឲ្យ​ទឹក​ហូរ​មិន​ទាន់​»។
ទឹក ស្ទឹងសែន​នៅ​ក្នុង​ខេត្ត​ព្រះវិហារ បាន​ហក់​ឡើង​មួយ​តឹក​ទៀត បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ហើយ​ស្រូវ​ជិត​១០០​ហិកតា​ បាន​លិច​លង់។ នេះ​បើ​តាម​លោក​អភិបាល​ខេត្ត អ៊ុំ ម៉ារ៉ា អះអាង​ពី​ម្សិលមិញ។
លោក​ អភិបាល​ខេត្ត​បាន​មាន​ប្រសាសន៍​បន្ត​ថា ដោយ​សារ​តែ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ធ្វើ​ឲ្យ​កម្ពស់​ទឹក​ស្ទឹងសែន នៅ​ក្នុង​ទីរួម​ខេត្ត​ឡើង​ដល់​ ១០,៦០​ម៉ែត្រ កាល​ពី​ម្សិលមិញ ហើយ​ប្រជា​កសិករ​ចំនួន​៩១​គ្រួសារ​ក្នុង​ក្រុង​ព្រះវិហារ​ដែល​រស់​នៅ​តាម​ដង ​ស្ទឹងសែន​ត្រូវ​ បាន​ជម្លៀ​ស​ទៅ​ទីទួល​មាន​សុវត្ថិភាព​ តាំង​ពី​មាន​ជំនន់​ទឹក​ភ្លៀង​ កាល​ពី​ពីរ​សប្តាហ៍​មុន​។
លោក​ អ៊ុំ​ ម៉ារ៉ា​ បញ្ជាក់​ថា៖ ​«ដោយ​សារ​ទឹក​ ឡើង​ស្រកៗ​ វា​មិន​ធ្វើ​ឲ្យ​ខូចខាត​ស្រូវ​ដែល​លិច​នោះ​ទេ​»។ លោក​បន្ត​ថា អាជ្ញាធរ​ខេត្ត គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ រួម​នឹង​អង្គការ​ទស្សនៈ​ពិភពលោក​ បាន​ទៅ​ចែក​អំណោយ​ប្រជាពលរដ្ឋ​ជម្លៀស​ចេញ​ពី​លំនៅដ្ឋាន​ទាំង​នោះ​ផង​ដែរ ។
យោង ​តាម​ព្រឹត្តិបត្រ​ព័ត៌មាន និង​ការ​ព្យាករ​ពី​កម្ពស់​ទឹក​ជំនន់​នៃ​នាយកដ្ឋាន​ជលសាស្ត្រ និង​ការងារ​ទន្លេ​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម កម្ពស់​ទឹក​នៅ​តាម​បណ្តា​ស្ថានីយជល​សាស្ត្រ​ចំនួន​៦ ​ក្នុង​ចំណោម​ស្ថានីយ ​ជលសាស្ត្រ​ចំនួន៧​បាន​ស្ទុះ​ឡើង​ កាល​ពី​ថ្ងៃ​អាទិត្យ​៕ ផាក់​ ស៊ាងលី (ភ្នំពេញប៉ុស្តិ៍)

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons