Monday, September 10, 2012

ក្រុមអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី ជួបជុំគាំទ្រតុលាការផ្តនា្ទស្ត្រីបឹងកក់


Sep-10-2012
ភ្នំពេញ៖ សមាគមដែលមាន​ឈ្មោះថា រួមគ្នាដើម្បី​អភិវឌ្ឍន៍​កម្ពុជា បានចេញ​នូវ​ញត្តិ​គាំទ្រ ចំពោះ​ចំណាត់ការ​របស់​
តុលាការ ដែល​បាន​ចាប់ខ្លួន​អ្នកប្រព្រឹត្ត​អំពើហិង្សាដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​ប្រមាថមើលងាយមកលើ​
សមាជិក​អ្នករត់ម៉ូតូឌុប​របស់​សមាគម​រួមគ្នាដើម្បី​អភិវឌ្ឍន៍​កម្ពុជា​។ នៅ​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១២
ក្រុម​អ្នករត់ម៉ូតូឌុប និង​ម៉ូតូ​កង់​បី បាននាំគា្ន​ប្រមូលផ្តុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ជិត​សាលា​រាជធានី​ភ្នំពេញ
ដើម្បី​ផ្សព្វផ្សាយ​នូវ​ញត្តិ​នោះ​ផងដែរ​។

                                     

ក្នុង​ញត្តិ​គាំទ្រ ចុះ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១២ បាន​លើកឡើងថា ឈ្មោះ វ៉ាត ថៃ​សេង ភេទ​ប្រុស អាយុ ២៤​ឆ្នាំ
និង​ឈ្មោះ ង៉ែត ចិត្ត ភេទ​ប្រុស អាយុ ២៨​ឆ្នាំ កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១២ វេលា​ម៉ោង ៧ និង ១០​នាទីយប់
នៅមុខ​ផ្ទះសំណាក់បុប្ផា សង្កាត់​ស្រះចក ខណ្ឌដូនពេញ នៅពេលនោះកំពុង​រង់ចាំ​ដឹក​ភ្ញៀវ ស្រាប់តែ​ឈ្មោះ
យ៉ោ​ម បុប្ផា និង​ប្ដី រួមទាំង​ប្អូនប្រុស​ពីរ​នាក់​ទៀតគឺ​ឈ្មោះ យ៉ោ​ម កន្លង់ និង​យ៉ោ​ម សិ​ដ្ឋ បានមក​ចោទប្រកាន់​
ជនរងគ្រោះ​ទាំងពីរ​នាក់​ថា លួច​កញ្ចក់​រថយន្តរបស់​ខ្លួន ហើយ​បានមក​ចាប់​ជនរងគ្រោះ​ទាំងពីរ​នាក់ ដោយ​យក​
ទួរណឺវិស​ចាក់ និង​យក​ពូថៅ​កាប់​លើ​ក្បាល​ជនរងគ្រោះ​ទាំងពីរ​នាក់ មាន​របួស​យ៉ាងធ្ងន់ធ្ងរ​។

នៅក្នុង​ញត្តិដែល​ចុះហត្ថលេខា​ដោយ​លោក ឯ សំភាស់ ប្រធាន​ស​មាគមបាន​លើកឡើងថា ក្រោយមក​ឈ្មោះ
វ៉ាត សា​រ៉ា​ត ជា​ឪពុក និង​ឪពុកមា​របស់​ជនរងគ្រោះ​ទាំងពីរ បានមក​ប្ដឹង​សមត្ថកិច្ច​។ មកដល់​ថ្ងៃទី​៤ កញ្ញា ឆ្នាំ​២០១២
សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកានាំខ្លួន​ជនល្មើស និង​បញ្ជូនទៅ​គុក​ព្រៃ​ស​។ ពាក់ព័ន្ធ​ករណី​ខាងលើ
ស្រាប់​តែមាន​ជន​មួយក្រុម​តូច ដែល​តែងតែ​បង្ក​ភាពចលាចល ធ្វើ​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​សង្គម បានមក​ផ្ដុំគ្នា​នៅមុខ​
សាលាដំបូង​រាជធានី​ភ្នំពេញ និង​មុខ​ទីស្ដីការគណៈរដ្ឋមន្ត្រី ទាមទារ​ឲ្យ​ដោះលែង​ជនល្មើសចេញពី​គុក​ទាំង​បំពាន​លើ
ផ្លូវ​ច្បាប់ និង​បាននាំគ្នា​បំផ្លើសការពិត​ បង្វែរ​សំណុំរឿង​ពី​ករណី​អំពើហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស
ទៅជា​ករណី​ទំនាស់​ដីធ្លីនៅ​តំបន់​បឹងកក់​ទៅវិញ​។

ញត្តិ​គាំទ្រ​បាន​បញ្ជាក់ថា ​ទង្វើ​បែបនេះ គឺ​វា​អយុត្តិធម៌​ខ្លាំងណាស់ចំពោះ​ជនរងគ្រោះ ដែលជា​សមាជិក​អ្នករត់ម៉ូតូឌុប​
របស់​សមាគម​យើងខ្ញុំដែល​រកស៊ី​តូចតាច​។

ញត្តិ​គាំទ្រ​បាន​បន្ថែមថា សមាជិក​អ្នករកស៊ី​ក្រៅ​ប្រព័ន្ធ​ទាំងអស់គ្នា សូម​ថ្កោលទោស ដោយ​មិនអាច​លើកលែង​ឲ្យ​បាន​
ដល់​ជនល្មើសបាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ បែរជា​បង្វែរ​ទៅជា​ករណី​រឿង​ទំនាស់​ដីធ្លី​ទៅវិញ​។

នៅក្នុង​ញត្តិ​ដដែល​នោះ សមាគម​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា សូម​សំណូមពរ​ដល់​តុលាការដូចខាងក្រោមៈ 


ទី១ សំណើសុំ​ទាមទារ​សំណង​ជំងឺ​ចិត្ត និង​ថ្លៃ​ព្យាបាល​ដល់​ជនរងគ្រោះ ទៅតាម​ការទាមទារ​ក្នុង​ពាក្យបណ្ដឹង​របស់​
ជនរ​ង​គ្រោះ​ខាងលើ​។​
ទី២ បន្ត​ការឃុំខ្លួន និង​ផ្ដន្ទាទោស​ជន​ប្រព្រឹត្ត​បទល្មើសទៅតាម​ផ្លូវច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ដែលជា​
សមាជិក​របស់​ស​មា​គម​យើងខ្ញុំ​។​


​យ៉ាងណាក៏ដោយ ក្រុម​អ្នកភូមិ​បឹងកក់ បាន​ច្រានចោល​នូវ​ការលើកឡើង​ខាងលើ ហើយ​នៅតែ​ចាត់ទុកថា
អាជ្ញាធរ និង​តុលាការ ចាត់ការ​លើ​ពាក្យបណ្តឹង​ប្រឆាំង​ស្ត្រី​នៅ​បឹងកក់ ដើម្បី​គាបសង្កត់បំបាក់ស្មារតី​ក្រុម​អ្នកភូមិ​បឹងកក់
ដែល​ហ៊ាន​តវ៉ា​ក្នុង​បញ្ហា​ជម្លោះដីធ្លី​ប៉ុណ្ណោះ ព្រោះថា អ្នកស្រី យ៉ោ​ម បុប្ផា និង​ក្រុមគ្រួសារ មិនបាន​ប្រព្រឹត្ត​ដូច​
ការចោទប្រកាន់ក្នុង​រឿង​វាយ​លើ​អ្នករត់ម៉ូតូឌុប​ឡើយ​៕​cam111
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons