Thursday, September 27, 2012

លោក រ៉ុងឈុន បំភ្លឺ​តុលាការ រឿង​ថៅកែ​រោងចក្រ ប្តឹង​ដឹកនាំ​ដោយ លី ម៉េងហួរ


RFI

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា បាន​ចូលខ្លួន ទៅ​ឆ្លើយបំភ្លឺ តាម​ដីកា​កោះហៅ ជា​លើក​ទី​២ របស់​តុលាការខេត្ត​កណ្តាល​។ លោក​រ៉ុង​ឈុន ត្រូវបាន​ថៅកែ​រោងចក្រ​កាត់ដេរ តៃយ៉ាង នៅ​ស្រុក​អង្គស្នួល ប្តឹង​ចោទប្រកាន់​ពី​បទ​ញុះញុង ដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម កាលពី​ខែ​មិថុនា​។ សំណុំរឿង​ប្តឹងផ្តល់​នោះ មាន​មេដឹកនាំ​សហជីព​កម្មករ​សរុប​ចំនួន ១៦ នាក់ ជាប់ចោទ និង​ត្រូវបាន​តុលាការ កោះហៅ​ឲ្យចូល​បំភ្លឺ ជា​បន្តបន្ទាប់​។ ក៏ប៉ុន្តែ​មិន​មាន​សហជីព​កម្មករ​ណា​ម្នាក់ ត្រូវ​តុលាការ​ចាប់ឃុំខ្លួន​ឡើយ​។
ថ្ងៃ ព្រហស្បតិ៍ 27 កញ្ញា 2012


លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា
លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា © លី​ ម៉េងហួរ
សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុងភ្នំពេញ

លោក រ៉ុង ឈុន បាន​ចូលខ្លួន ទៅ​ផ្តល់​ចម្លើយ​បំភ្លឺ នៅមុខ​តំណាង​អយ្យការ អម​តុលាការខេត្ត​កណ្តាល នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ក្រោយ​ពី​ឆ្លើយបំភ្លឺ​ជិត ៣ ម៉ោង លោក​រ៉ុង​ឈុន មិន​ត្រូវបាន​តុលាការ ចាប់​ឃុំ​ខ្លួន​ទេ​។ តំណាង​អយ្យការ អម​សាលាដំបូង​ខេត្ត​កណ្តាល លោក ទេព មុនិ​ន្ន បាន​ចេញ​ដីកា​កោះហៅ​លោក​រ៉ុង​ឈុន ចំនួន ២លើក ដើម្បី​ឲ្យ​សកម្មជន​សហ​ជី​ព លោក​រ៉ុង​ឈុន ចូល​ទៅ​កាន់​តុលាការខេត្ត​កណ្តាល ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង ដែល​ឈ្មោះ JACK LIU អគ្គនាយក​នៃ​សហគ្រាស តៃ យ៉ាង ប្តឹង​ពី​បទ​ញុះញុង​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម​ដោយ​ខុសច្បាប់ និង​បទ​បរិហាកេរ្តិ៍​ជា​សាធារណៈ​។

ការប្តឹង​ចោទប្រកាន់​នោះ បាន​ធ្វើឡើង ក្រោយពី​លោក​រ៉ុង​ឈុន បាន​ចូលរួម​ការពារ​សិទ្ធិ​កម្មករ ដោយ​ដឹកនាំ​កូដកម្ម ចាប់តាំងពី​ថ្ងៃ​ទី​២៥​មិថុនា ឆ្នាំ​២០១២​។ កូដកម្ម​មិនបាន​សម្រេច​របស់​កម្ម​ករ​នៅ​រោងចក្រ​កាត់ដេរ តៃយ៉ាង នៅ​បែក​ចាន ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ត្រូវបាន​ថៅកែ​ចិន ប្តឹង​ចោទប្រកាន់​លើ​មេដឹកនាំ​សហជីព និង​កម្មករ សរុប​ប្រមាណ ១៦ នាក់​។

យ៉ាង​ណា​ក៏​ដោយ ពេល​ចេញពី​តុលាការ នៅថ្ងៃនេះ លោក រ៉ុង ឈុន បាន​ច្រានចោល​នូវ​រាល់​ការចោទប្រកាន់​របស់​ថៅកែ​រោងចក្រ ដែលថា លោក​ញុះញង់​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម​ខុសច្បាប់ ហើយ​បរិហារកេរ្តិ៍​សាធារណៈ​។
​លោក រ៉ុង ឈុន បាន​ស្នើសុំ​ឲ្យ​តុលាការ លើកលែង ឬ​ទម្លាក់​ការចោទប្រកាន់ ប្រឆាំង​រូបលោក ព្រោះ​លោក​អះអាងថា មិន​បាន​ទៅ​ញុះញង់​កម្មករ ឲ្យធ្វើ​បាតុកម្ម​ខុស​ច្បាប់​ទេ​។ លោក​ក៏​បាន​បដិសេធន៍​ចំពោះ​ការចោទប្រកាន់ រឿង​បរិហារកេរ្តិ៍ ថៅកែ​រោងចក្រ តៃ​យ៉ាង​ផង​ដែរ​។ ព្រះរាជអាជ្ញា​រង​នៃ​តុលាការ​សាលាដំបូង​ខេត្ត​កណ្តាល លោក ទេព មុនិ​ន្ន បាន​ប្រាប់​អ្នកកាសែត នៅ​ថ្ងៃ​នេះ​ថា តុលាការ មិន​មាន​បំណង​ឃុំខ្លួន ឬ​ចាប់ចង​លោក រ៉ុង ឈុន ទេ​៕​

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons