Wednesday, September 26, 2012

បុរសម្នាក់កំពុងភ្ជួរស្រែ ពេលមេឃភ្លៀងខ្លាំង ត្រូវរន្ទះបាញ់ស្លាប់

www.tcnewscambodia.com Sep-27-2012 បាត់ដំបង​៖​ បុរស​ម្នាក់​ជា​កសិករ​ប្រកប​របរ​ធ្វើស្រែ ​ត្រូវ​រន្ទះបាញ់​ស្លាប់​ភ្លាមៗ​ ខណៈ​​កំពុង​បើក​គោ​យន្ត​ភ្ជួរស្រែ​ពេល​មេឃ​ ភ្លៀង​ផ្គរ​ខ្លាំង​ កាលពី​វេលា​ម៉ោង​ ៩​ព្រឹក​ថ្ងៃ​ទី​២៦ ​ខែកញ្ញា​ ​ឆ្នាំ​២០១២​ ​នៅ​ចំណុច​អូរ​ព្រែក​ខាងត្បូង​ភូមិ​ចំងាយ​១​គីឡូម៉ែត្រ ស្ថិត​ក្នុងភូមិ​ឆ្កែ​កូន ​ឃុំ​គោក​ឃ្មុំ​ ស្រុក​ថ្មគោល​។ លោក​ ពុទ្ធ​ ថា​ន់​ នាយ​ប៉ុស្តិ៍​នគរបាល​គោក​ឃ្មុំ​បាន​ឲ្យ​ដឹង​ថា​ បុរស​ដែល​រន្ទះបាញ់​ស្លាប់​មានឈ្មោះ​ សៀង​ គង់​ អាយុ​ ៣៥​ឆ្នាំ​ មាន​ប្រពន្ធ​ឈ្មោះ​ សូត្រ​ សល់​ អាយុ​ ២៨​ឆ្នាំ​ និង​មានកូន​ប្រុស​២​នាក់​ ស្រី​ម្នាក់​ រស់នៅ​លើ​ខ្នង​ប្រឡាយ​ ក្នុងភូមិ​ឆ្កែ​កូន​ ឃុំ​គោក​ឃ្មុំ​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​។​ ចំណែក​គោ​យន្ត​ខ្ចី​ប​ង្វះ​អ្នក​ភូមិ​ឆេះ​ខូច​គាំង​ទៅ​មុខ​លែង​រួច​។​ លោក​ កែវ​ នាង​ អាយុ ​៤៥​ឆ្នាំ​ ជាសាក្សី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ កាល​ថ្ងៃ​ទី​២៦​ ខែកញ្ញា​ ឆ្នាំ​២០១២​ មេឃ​បាន ​ធ្លាក់​ភ្លៀង​ខ្លាំង​ និង​មាន​លាយ​ផ្គរ​រន្ទះ​តាំងពី​ម៉ោង​៣​ងងឹត​ បណ្តាល​ឲ្យ​ទឹកភ្លៀង​ហូរ​កកស្ទះ​តាម​ប្រឡាយ​ក្នុងភូមិ​ឆ្កែ​កូន​។​ លុះ​ព្រឹក​ឡើង​មេឃ​ភ្លឺ​នៅ​តែ​ធ្លាក់​ភ្លៀង​បន្ត​ ពេល​នោះ​គាត់ក៏បានទៅ​កាប់​កាយ​ប្រឡាយ​បើកផ្លូវ​ឲ្យ​ទឹក​ហូរ​កុំ​ឲ្យ​ជន់​លិច ​ផ្ទះ​អ្នក​ភូមិ​។​ រហូត​ដល់​ម៉ោង​ជិត​៩​ ក៏​ឮ​សំលេង​រន្ទះបាញ់​នៅ​ក្រោយ​ផ្ទះ​ខាងត្បូង​ភូមិ ​រួច​ក៏​ដើរទៅ​មើល​ ពេល​នោះ​ក៏​ ឃើញ​ឈ្មោះ​ សៀង ​គង់ ​ត្រូវជា​ក្មួយ​បាន​ដេក​ស្លាប់​ក្បែរ​ភ្លឺស្រែ​បាត់​ទៅ​ហើយៗ​ក៏​ប្រាប់​សមត្ថកិច្ច​ឲ្យ​ចុះ​ពិនិត្យ​។ តាមសម្តីរបស់ប្រពន្ធ​សព​បាន​ឲ្យ​ដឹង​ថា​ ក្រុម​គ្រួសារ​ខ្លួន​ក្រ​ណាស់​ រស់នៅ​លើ​ដី​ខ្នង​ប្រឡាយ​រដ្ឋ​ ប្រកប​របរ​ធ្វើស្រែ ​៥​ឆ្នាំ ​មក​ហើយ​ ជា​រៀងរាល់ថ្ងៃ​ពេល​ទៅ​ភ្ជួរស្រែ​ខ្លួន​ទៅ​ជាមួយ​ប្តី ​តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែកញ្ញា​ ឆ្នាំ​២០១២​ មិន​ទៅ​ភ្ជួរស្រែ ​ជា​មូ​យ​ប្តី​ទេ ​ព្រោះ​មេឃ​ភ្លៀង​តាំងពី​យប់​មក​ម្ល៉េះ​ដូច្នេះ​នៅផ្ទះ​មើល​កូន​ ។​ ពេល​ធ្វើស្រែ​១​ឆ្នាំៗ​ដោយ​ខ្ចី​គោ​យន្ត​អ្នក​ភូមិ ប​ង្វះ​ធ្វើស្រែ​ តែ​ពេល​នេះ​ប្តី​ត្រូវ​រន្ទះបាញ់​ស្លាប់​ រីឯ​គោ​យន្ត​ឆេះ​គាំង​ខូច​អស់​ មិនដឹង​បាន​ប្រាក់​ពី​ណា​សង​គេ​ទេ​។ លោក​ ពុទ្ធ​ ថា​ន់ ​នាយ​ប៉ុស្តិ៍​នគរបាល​គោក​ឃ្មុំ​បាន​បញ្ជាក់​ថា​ ឈ្មោះ​ សៀង​ គង់​ ពិតជា​ស្លាប់​ដោយ​រន្ទះបាញ់​ប្រាកដ​ មែនហើយ​ក្រុម​គ្រួសារ​នេះ​មាន​ជីវភាព​លំបាក​ខ្លាំង​។ ​ប​ច្ចុ​ប្បន្ត​សព​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons