Monday, September 17, 2012

ប្រធាន​គុក​នៅ​ពោធិ៍សាត់​រង​ការ​ចោទ​ថា​ប្រើ​អ្នក​ទោស​ឲ្យ​ធ្វើ​ការ​

ដោយ មណ្ឌល កែវ(វិទ្យុអាស៊ីសេរី)

បន្ទាប់​ពី​រង​ការ​ចោទ​ពី​ការ​គាប​សង្កត់ និង​កាត់​ប្រាក់ខែ​របស់​មន្ត្រី​អនុរក្ស​កាល​ពី​ពេល​កន្លង​ទៅ ឥឡូវ​ប្រធាន​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ កំពុង​រង​ការ​ចោទ​ថា បាន​ប្រើ​អ្នក​ទោស​ឧក្រិដ្ឋ​ឲ្យ​ចេញ​មក​ធ្វើ​ការងារ​បម្រើ​ផល​ប្រយោជន៍​ ផ្ទាល់​ខ្លួន​នៅ​ក្រៅ​ពន្ធនាគារ។



១៣-មករា-២០១២៖ ប្រធាន​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ លោក ងួន ឡាយ។
១៣-មករា-២០១២៖ ប្រធាន​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ លោក ងួន ឡាយ។ RFA/Mondulkeo
មន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កញ្ញា ថា រយៈពេល ២​ថ្ងៃ​ជាប់ៗ​គ្នា ប្រធាន​ពន្ធនាគារ​ខេត្ត លោក ងួន ឡាយ បាន​ប្រើប្រាស់​កម្លាំង​អ្នក​ទោស​ឧក្រិដ្ឋ ដែល​មាន​អ្នក​ទោស​ខ្លះ​ត្រូវ​មាន​ទោស​ជាប់​ពន្ធនាគារ​មួយ​ជីវិត ឲ្យ​ចេញ​ទៅ​ធ្វើ​ការងារ​ពលកម្ម​នៅ​ខាង​ក្រៅ​ពន្ធនាគារ។
មន្ត្រី​អនុរក្ស​ពន្ធនាគារ​ដដែល​នេះ​បាន​ចោទ​បន្ថែម​ថា លោក​ប្រធាន​ពន្ធនាគារ​បាន​ប្រើ​អ្នក​ទោស​ឧក្រិដ្ឋ​ចំនួន ៤​នាក់ ទៅ​សាងសង់​ផ្ទះ ដើម្បី​បម្រើ​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​លោក។ អ្នក​ទោស​ឧក្រិដ្ឋ​ទាំង ៤​នាក់​នោះ រួម​មាន​អ្នក​ទោស​ឈ្មោះ សេង ខុម អ្នក​ទោស រិន ធារ៉ា អ្នក​ទោស ទួន សារិទ្ធ និង​អ្នក​ទោស ឈុន លីដា។
មន្ត្រី​អនុរក្ស​ពន្ធនាគារ​សុំ​មិន​បញ្ចេញ​ឈ្មោះ៖ «គាត់​យក​អ្នក​ទោស​ ដែល​ជាប់​គុក​មួយ​ជីវិត ហើយ​ត្រូវ​បាន​សុំ​បន្ថយ​បាន​មក ២០​ឆ្នាំ​នោះ ទៅ​ធ្វើ​ផ្ទះ​ឲ្យ​ស្រី​គាត់​ដែល​ត្រូវ​ជា​បង​របស់​អ្នក​ទោស​នោះ។ ឥឡូវ​កំពុង​តែ​នៅ​ធ្វើ​ផ្ទះ​នោះ​នៅ​ឡើយ​ទេ ខ្ញុំ​ថត​បាន​រូប​កំពុង​ដឹក​ខ្សាច់​ចេញ​ទៅ​ហើយ​បង! គាត់​ប្រើ​ពលកម្ម​អ្នក​ទោស​ដោយ​មិន​គិត​អី​ទេ ពេល​ថ្ងៃ​ក៏​គាត់​ប្រើ​ឲ្យ​គេ​ផ្សារដែក​បម្រើ​ផល​ប្រយោជន៍​គាត់​ដែរ។ឥឡូវ​ គាត់​លែង​គិត​ពី​អង្គភាព​អី​ទៀត​ហើយ…»
ប្រធាន​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ លោក ងួន ឡាយ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។ លោក​មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​ប្រើ​អ្នក​ទោស​ឧក្រិដ្ឋ​ឲ្យ​ទៅ​ធ្វើ​ការងារ​បម្រើ​ផលប្រយោជន៍​ គ្រួសារ​នោះ​ទេ។យ៉ាង​នេះ​ក្ដី លោក​ថា លោក​បាន​ប្រើ​អ្នក​ទោស​ខ្លះ​ឲ្យ​ទៅ​ជួយ​សាងសង់​បន្ទប់​ទឹក​ប្រគេន​លោក​នៅ​ឯ​ វត្ត​ស្រង់ ស្ថិត​ក្នុង​ក្រុង​ពោធិ៍សាត់ មែន។
លោក ងួន ឡាយ៖ «លោក​វត្ត​ស្រង់ ពឹង​ឲ្យ​ខ្ញុំ​ធ្វើ​បង្គន់​ឲ្យ​លោក​មួយ ហើយ​ដល់​ពេល​ខ្ញុំ​ទៅ​ទិញ​ខ្សាច់​គេ​កន្លះ​ឡាន គេ​អត់​លក់ ដល់​ទៅ​ខ្ញុំ​ក៏​យក​ខ្សាច់​ពី​ក្នុង​ពន្ធនាគារ​ដឹក​ទៅ​ធ្វើ។ ខ្ញុំ​បាន​ប្រើ​ពួក​ហ្នឹង​ឲ្យ​ទៅ​ចូក​ដី​ខ្សាច់​នោះ ចុះ​ប្រហែល​តែ ១៥​នាទី​ប៉ុណ្ណឹង​ទេ…»
កាល​ពី​ថ្ងៃ​២៣ វិច្ឆិកា ឆ្នាំ​២០១១ មន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ ២០​នាក់ បាន​នាំ​គ្នា​ផ្ដិត​មេដៃ​ប្តឹង​ទៅ​ក្រសួង​មហាផ្ទៃ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​ទៅ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ដោយ​ពួក​គេ​បាន​ចោទ​ថា ប្រធាន​របស់​ពួក​គេ គឺ​លោក ងួន ឡាយ បាន​គាប​សង្កត់ និង​កាត់​យក​ប្រាក់ខែ​ពី​ពួកគេ​តាម​តែ​ការ​នឹក​ឃើញ​របស់​គាត់។ ប៉ុន្តែ​កាល​ណោះ​លោក ងួន ឡាយ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ទាំង​នោះ ដោយ​លោក​ពន្យល់​ថា មន្ត្រី​ទាំង​នោះ​បាន​ខឹងសម្បា និង​លោក ដោយសារ​តែ​លោក​បាន​អនុវត្ត​តាម​វិន័យ​នៃ​កម្លាំង​ប្រដាប់​អាវុធ​នៅ​ពេល​ដែល​ ពួកគេ​មិន​គោរព​តាម​បទបញ្ជា និង​វិន័យ​ផ្ទៃក្នុង​នៃ​អង្គភាព។
ទាក់ទិន​ចំពោះ​ការ​ប្រើ​អ្នក​ទោស​ឧក្រិដ្ឋ​ឲ្យ​ធ្វើ​ការងារ​ខាង​ក្រៅ​ ពន្ធនាគារ មន្ត្រី​ផ្នែក​អង្កេត​ជាន់​ខ្ពស់​អង្គការ​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា នេះ​ជា​ទង្វើ​ខុស​ច្បាប់។
លោក​ថា អគ្គនាយក​ពន្ធនាគារ និង​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត ត្រូវ​តែ​ពិនិត្យ និង​ស្រាវជ្រាវ​ករណី​នេះ​ជា​បន្ទាន់៖ «នៅ ​ក្នុង​ច្បាប់​ពន្ធនាគារ​គេ​មិន​អនុញ្ញាត​ឲ្យ​យក​អ្នក​ទោស​ទៅ​បម្រើ​ ផលប្រយោជន៍​ឯកជន​ទេ អា​ហ្នឹង​គឺ​ខុស​ច្បាប់ ហើយ​បើ​គេ​ប្រើ​ឲ្យ​ចេញ​ទៅ​ធ្វើ​ការ​ខាង​ក្រៅ​វិញ ភាគ​ច្រើន​គឺ​គេ​ប្រើ​អ្នក​ទោស​ដែល​ជិត​រួច​ផុត​ទោស។ តែ​បើ​អ្នក​ទោស​ឧក្រិដ្ឋ​ធ្ងន់ ហើយ​នៅ​មិន​ទាន់​ជិត​ផុត​ទោស​នោះ គឺ​គេ​មិន​អាច​ឲ្យ​ចេញ​ទៅ​ធ្វើ​ការ​ខាង​ក្រៅ​ពន្ធនាគារ​ជា​ដាច់​ខាត…»
របាយការណ៍​ស្ដីពី​ពន្ធនាគារ​របស់​អង្គការ​លីកាដូ ឆ្នាំ​២០១២ បាន​បង្ហាញ​ថា ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ គិត​ត្រឹម​ខែ​ឧសភា មាន​ផ្ទុក​អ្នក​ទោស ២០៣​នាក់ ចំនួន​នេះ​ស្មើ​នឹង ១៦៩,២% នៃ​ចំណុះ​ផ្ទុក​ពិត​ប្រាកដ​ដែល​អាច​ផ្ទុក​បាន​តែ ១២០​នាក់​ប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons