Tuesday, September 18, 2012

ក្រុង​សៀមរាប លិចលង់ បន្ទាប់ពី​ភ្លៀង​ធ្លាក់​ផ្ទួនៗ



ខេត្តសៀមរាប: ក្រុង​ទេសចរណ៍​សៀមរាប​អង្គរ កំពុង​រង​ការគំរាមកំហែង​អំពី​ការលិចលង់​ជាថ្មី​ម្តងទៀត ខណៈ​មាន​ភ្លៀង​ធ្លាក់​ផ្ទួនៗ ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា ធ្វើ​ឲ្យ​ទឹកស្ទឹង​ស្ទុះ​ឡើង​ខ្ពស់​ខុសធម្មតា រហូត​ហៀរ​ស្ទឹង ហូរ​ឆ្លងកាត់​ផ្លូវជាតិ ឆ្ពោះទៅកាន់​តំបន់​រមណីយដ្ឋាន ភ្នំ​ក្រោម ៥ ទៅ ៦ កន្លែង​។​
​នៅ​សៀមរាប អាកាសធាតុ​អួរ​អាប់ ភ្លៀង​បង្អុរ​ធ្លាក់ តាម​បណ្តា​ស្រុក​នានា និង​ក្រុង​សៀមរាប គឺ​ចាប់ពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១២​។​

​ទាក់ទិន​នឹង​កម្ពស់​ទឹកស្ទឹង​ស្ទុះ​ឡើង​ខ្ពស់ ក្នុងពេល​ប៉ុន្មាន​ថ្ងៃនេះ ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​បណ្តោយ​មាត់​ស្ទឹង ចាប់ពី​ចំណុច​ខាងក្រោម​ស្ពាន​វត្ត​ស្វាយ​មួយចំនួន បាន​ត្រៀមលក្ខណៈ​ច្រក​ដី ក្នុងកា​រ៉ុង ដើម្បី​ទប់ទឹក​កុំ​ឲ្យ​ហូរ​ចូល​ផ្ទះ​។ ឯ​មួយចំនួនទៀត កំពុង​ច្រក​ដី ក្នុងកា​រ៉ុង ទប់​ទឹកជា​បន្តបន្ទាប់​ហើយ ប៉ុន្តែ​លំនៅស្ថាន​ទាំងនោះ នៅតែ​រង​ការវាយប្រហា​ពី​ជំនន់​ទឹកភ្លៀង​ដដែល​។​

​ ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ និយាយថា ទោះបីជា​អាជ្ញាធរ បាន​ស្តារ​ស្ទឹង ក្នុង​ជំ​ហ៊ាន​១ ចាប់ពី​ស្ពាន​នាគ ដល់​ស្ពាន​ផ្លូវ​ក្រវ៉ាត់​ក្រុង​ហើយក៏​ដោយ ក៏​ក្នុង​ជំ​ហ៊ាន​២ ចាប់ពី​ស្ពាន​ផ្លូវ​ក្រវ៉ា​ត់ទៅ​ចំណុច ភ្នំ​ក្រោម គឺ​មិនទាន់បាន​ស្តារ​នៅឡើយ​។ ដូច្នេះ​ស្ទឹង​ចាប់ពី​ស្ពាន​ក្រវ៉ាត់ ក្រុង​ទៅ​ក្រោម នៅ​រួម​តូច​នៅឡើយ​។ ប្រការនេះ​ប្រសិនបើ​ភ្លៀង​នៅតែ​ធ្លាក់​បន្តទៀត លំនៅស្ថាន​ពួកគាត់ មិនអាច​គេចផុត​ពី​ការលិចលង់​ទេ​។

​ប្រភព​បន្តថា កាលពី​ឆ្នាំមុន​ទឹកជំនន់ បាន​វាយប្រហា​លំនៅស្ថាន ផលដំណាំ សត្វពាហនៈ របស់​ពួកគាត់​បណ្តាល​ឲ្យ​ខូចខាត​រួចទៅហើយ នេះ​វា​ហាក់​ធម្មតា ពីព្រោះ​វា​មាន​រាល់​ឆ្នាំ​ទៅហើយ​។ តែ​រំពឹងថា​ឆ្នាំនេះ មិនអាច​លិច​ខ្លាំង​ដូច​ឆ្នាំមុន​ទេ ព្រោះ​អាជ្ញាធរ​បានធ្វើ​ផ្លូវ​ពង្វៀង​ទឹកជា​ច្រើន​ខ្សែ​ដែរ​។​

​ ជាមួយនឹង​ហេតុការណ៍​ខាងលើនេះ លោក នួន គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ធនធានទឹក បាន​ឲ្យ​ដឹងថា ខេត្តសៀមរាប នៅ​រង​សម្ពាទ​ទាប រហូតដល់​ថ្ងៃទី​២៣ ខែកញ្ញា​។ ដូច្នេះ​ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់​ជា​បន្ត ដែលមាន​កំរិត ចាប់ពី ៧០ មី​លី​ម៉ែត្រ​ឡើងទៅ ក្រុង​សៀមរាប​អាច​ប្រឈម​នឹង​ការលិចលង់​។

​លោក បន្តថា ក្នុងពេល​ប៉ុន្មាន​ថ្ងៃនេះ កំពស់​ទឹកភ្លៀង ទើប​មាន​កំរិត ២០ ទៅ ៣០ មី​លី​ម៉ែត្រ នៅឡើយ​ទេ​។​

​ លោក​ប្រធាន​មន្ទីរ ឲ្យ​ដឹង​ទៀតថា កាលពី​ឆ្នាំមុន ដែល​ទឹកជំនន់​លិចលង់​ក្រុង​សៀមរាប នៅ​ស្រុក​បន្ទាយស្រី ទឹកភ្លៀង​មាន​កំពស់ រហូតដល់​កំរិត ២០០ មី​លី​ម៉ែត្រ​។ តែ​ឆ្នាំនេះ ដោយយោង​កំពស់​ទឹកភ្លៀង នៅ​ទាប ហើយ​អាជ្ញាធរ បានធ្វើ​ផ្លូវ​បង្វែ​ទឹក​មួយចំនួន​ផង​នោះ គឺ​រំពឹងថា​មិនអាច​លិច​ខ្លាំង ដូច​ឆ្នាំមុន​ឡើយ​៕ ដោយ: បាយ័ន (CEN)

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons