Monday, September 10, 2012

ថៃបញ្ជូនពលករខ្មែរ ខុសច្បាប់ ជិត ៥០០ នាក់ មកកម្ពុជា តាមច្រកនៅស្រុកកំរៀង



បាត់ដំបង: ពលករ​ខ្មែរ​ប្រមាណ​ជិត​ ៥០០​នាក់ ដែល​ចូលទៅ​ធ្វើការ​ខុសច្បាប់​ ក្នុងប្រទេស​ថៃ ត្រូវបាន​សមត្ថកិច្ច​ថៃ ​ប្រមូល​បញ្ជូន​ឲ្យ​ត្រឡប់មក​កម្ពុជា​វិញ ខណៈដែល​ពួកគេ​ភាគ​ច្រើន​ ធ្លាប់​ជាប់គុក​ ក្នុងប្រទេស​ថៃ ពី ​១​ឆ្នាំ ដល់​ ៤​ឆ្នាំ។ ពលករទាំងនោះ ត្រូវបាន​បញ្ជូន​មកកម្ពុជា​វិញ តាម​ច្រកព្រំដែន​អន្តរជាតិ​ដូង និង​ច្រក​តំបន់​អូរ​អន្លក់ ក្នុងស្រុក​កំរៀង ខេត្តបាត់ដំបង កាលពី​រសៀល​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១២​។​
​ពលករ​ខ្មែរ​ទាំងនោះ ត្រូវបាន​អាជ្ញាធរ និង​សមត្ថកិច្ច​ស្រុក​កំរៀង អប់រំ​ មុននឹងឲ្យ​វិលត្រឡប់​ទៅ​មូលដ្ឋាន​រៀងៗ​ខ្លួន​វិញ នា​ថ្ងៃ​ដដែល​នោះ។

អាជ្ញាធរ បានប្រាប់ទៅកាន់ពលករទាំងនោះ ឈប់​ចាញ់បោក​មេខ្យល់ ​នាំចេញ​ទៅរក​ការងារ​ធ្វើ​ខុសច្បាប់ នៅ​ប្រទេស​ថៃ ដែលនាំ​ការលំបាក​ដល់​បងប្អូន រហូតដល់ត្រូវជាប់​គុក​ក្នុង​ប្រទេសថៃក៏មាន។​
​    ​
​ លោក ​ភី ភ័​ស្ត នាយប៉ុស្តិ៍​ច្រកទ្វារ​តំបន់​អូរ​អន្លក់ ស្រុក​កំរៀង បាន​ឲ្យ​ដឹងថា ពលករ​ខ្មែរ​ចំនួន ​១៩៦ ​នាក់ ​ត្រូវបាន​សមត្ថកិច្ច​អន្តោប្រវេសន៍​ថៃ ដឹកនាំ​ដោយ​លោក​ វិល ត​លី​គុន នាយផ្នែក​អន្តោប្រវេសន៍​ប្រចាំខេត្ត​ចាន់​បូរី ដឹកបញ្ជូន​មក​ឲ្យ​កម្ពុជា ​តាម​ច្រកទ្វារ​តំបន់​អូរ​អន្លក់ ស្រុក​កំរៀង ខេត្តបាត់ដំបង កាលពី​វេលា​ម៉ោងជាង​ ២​រសៀល​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១២​។

លោក​ ភី ភ័ស្ត បាន​បញ្ជាក់ថា ពលករ​ខ្មែរ ដែល​ថៃ​បញ្ជូនមក គឺ​ចំនួន ​១៩៦​នាក់ (​ស្រី​២៩​នាក់​) ក្នុងនោះ​ មាន​ក្មេង​តូច​អាយុ​ក្រោម​ ១០​ឆ្នាំ ចំនួន ​៦​នាក់​ផងដែរ​។ ពលករ​ខ្មែរ​
​ទាំងនេះ ​រស់នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តកំពង់​ឆ្នាំង ខេត្តស្វាយរៀង និងខេត្តព្រៃវែង​។​
​    ​
​ ដោយឡែក​លោក​ គង់ ឡងឌី ប្រធានស្ដីទី​ប៉ុស្ដិ៍​ច្រកទ្វារ​អន្តរជាតិ​ដូង បាន​ឲ្យ​ដឹងថា នៅ​​ច្រក​អន្តរជាតិ​ដូង ​សមត្ថកិច្ច​ថៃ ក៏បាន​បញ្ជូន​ពលករ​ខ្មែរ​ចំនួន ​២៥១ ​នាក់ (​ ស្រី​១២៤​នាក់​)​។ ពលករ​ខ្មែរ​ទាំងនេះ ​បាន​ជាប់គុក​នៅ​ប្រទេស​ថៃ ពីមួយ​ឆ្នាំ​ ដល់​៤​ឆ្នាំ ដោយ​សមត្ថកិច្ច​ថៃ​ ចោទ​ពីបទ ឆ្លងដែន​ខុសច្បាប់ និង​ចូល​ទៅធ្វើ​ការងារ​ខុសច្បាប់​។​
​    ​
​លោក ​ឃឹម ទិ​ព្ធ​មុនី ប្រធាន​ច្រក​តំបន់​អូរ​អន្លក់​ បាន​ដកស្រង់​សំដី​លោក ​វិល ត​លី​គុន នាយផ្នែក​អន្តោប្រវេសន៍​ប្រចាំខេត្ត​ចាន់​បូរី ថា ពលករ​ខុសច្បាប់​ ដែល​ចូល​ទៅរក​ការ​ងារ​​ធ្វើ​នៅក្នុង​ប្រទេស​ថៃ​នោះ ​គ្មាន​លិខិតស្នាម​អ្វី​ទេ គឺ​ពួកគេ​ ចូល​ទៅរក​ការងារ​ធ្វើ​តាម​​មេខ្យល់ នាំយក​ចូលទៅ​ដោយ​ឲ្យ​ប្រាក់​មេខ្យល់​។ ពោលគឺ​ពួកគេ ​ចាញ់បោក​មេខ្យល់​។

លោក ​បាន​បញ្ជាក់ថា ការប្រមូល​ពលករ​ខ្មែរ​ខុសច្បាប់​នៅក្នុង​ប្រទេស​ថៃ គឺ​យោងតាម​កិច្ចសហប្រតិបត្តិការ និង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ស្ដីពី​ការទប់ស្កាត់​ បង្ក្រាប​អំពើ​ឆ្លងដែន​ខុសច្បាប់ និង​បទល្មើស​ផ្សេងៗ​ទៀត​។ ម្យ៉ាងទៀត​ប្រទេស​កម្ពុជា កំពុង​រៀបចំ​យុទ្ធនាការ​ចុះឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ នា​ឆ្នាំ២០១៣ ខាងមុខនេះ​ផងដែរ​។​
​    ​
​លោក ​គង់ ឡងឌី ប្រធានស្ដីទី​ប៉ុស្ដិ៍​ច្រកទ្វារ​អន្តរជាតិ​ដូង និង​លោក​ប្រធាន​ច្រ​ត​តំបន់​អូរ​អន្លក់ បាន​ឲ្យ​ដឹងថា ពលករ​ខ្មែរ​ទាំង ​៤៤៧​នាក់ ដែល​ថៃ​ចាប់​បញ្ជូនមក​កម្ពុជា​នេះ គឺ​អាជ្ញាធរ​សមត្ថកិច្ច​ បាន​ធ្វើការ​អប់រំ​ហើយ បាន​ឲ្យ​ពួកគាត់​វិលត្រឡប់​ទៅ​មូលដ្ឋាន​ភូមិ​ឃុំ​រៀងៗ​ខ្លួន ហើយ​នា​ថ្ងៃ​ដដែល​នោះ​។​
​    ​
​គួររម្លឹកថា កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១២ អាជ្ញាធរខេត្ត​បាត់ដំបង និង​អាជ្ញាធរ​ខេត្ត​ចាន់​បូរី បានរួម​ប្រជុំ​មួយ​បង្កើន​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​បទល្មើស​ឧក្រិដ្ឋ ​ឆ្លងដែន និង​ទប់ស្កាត់​ការ​ឆ្លងដែន​ខុសច្បាប់ ហើយថៃសន្យាថា ​មិន​ធ្វើបាប​ ឬក៏​បាញ់​សម្លាប់​ពលករ​ខ្មែរ ​ឆ្លងដែន​ខុសច្បាប់ ទៅរក​ការងារ​ធ្វើ​ក្នុងប្រទេសថៃទេ។ ថៃបាន​ព្រម​ព្រៀង​ចាប់បញ្ជូន​ពលករទាំងនោះ ​មក​ទឹកដី​កម្ពុជា​វិញ​៕​ ដោយ: មង្គល (CEN)

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons