Friday, September 14, 2012

ឃាត់​ខ្លួន​ជនសង្ស័យ​​២ នាក់ ពីបទ​ធ្វើ​ចរាចរ​ក្រដាស​ប្រាក់​ក្លែង​ក្លាយ នៅ​ស្រុក​​ម៉ាឡៃ


(ថ្ងៃទី​ 14 ខែកញ្ញា ឆ្នាំ2012, ម៉ោង 03:44 PM ដោយ ៖ ចាន់ សុខលន់
)
បន្ទាយមានជ័យ៖ បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ ដែល​គេ​សង្ស័យ​ថា បាន​ចរាចរ​ប្រាក់​បាត​ក្លែងក្លាយ​ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ម៉ាឡៃ ឃាត់ខ្លួន​បាន​ នៅ​​វេលា​​ម៉ោង​​១២ និង៤៥​នាទី ថ្ងៃទី១៤ កញ្ញា ២០១២ បន្ទាប់​ពី​ជន​សង្ស័យ​ទាំង​ពីរ បានព្យា​យាម​រត់​គេច​ពី​ការ​តាម​ចាប់​ខ្លួន របស់​សមត្ថកិច្ច ហើយ​មក​សម្ងំ​លាក់​ខ្លួន​នៅ​ក្រោយ​វត្ត​ពោធិរតនសាមគ្គី ស្ថិតក្នុង​​ភូមិ​​កោះ​ស្នួល ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។
បើតាមលោកសៅ ប៊ុន អធិការ​ស្រុកម៉ាឡៃ បានឲ្យដឹងថា ការ​តាម​ចាប់ខ្លួននេះ ធ្វើឡើង ក្រោយ​ពី​មានពាក្យបណ្តឹងពីឈ្មោះ កុយ សាមុត ភេទប្រុស អាយុ៣៥ ឆ្នាំ ជា​អាជីវករលក​ចាប់ហួយ ដែលមានទីលំនៅ នៅភូមិភ្នំរូង ឃុំ បឹងបេង ស្រុកម៉ាឡៃ ដែលបានចោទប្រកាន់បុរសម្នាក់ ឈ្មោះ ឆន ទិត្យ អាយុ៤៦ ឆ្នាំ មានទីស្នាក់​នៅ​ផ្ទះ​ជួល នៅប៉ោយប៉ែត និងស្ត្រីម្នាក់ឈ្មោះនួន ស៊ីថា ហៅនួយន មួយ អាយុ៤៣ ឆ្នាំ ស្នាក់នៅភូមិគីឡូម៉ែត្រ លេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ពីបទចាយ​វាយ​ប្រាក់​ក្លែងក្លាយ។

លោកអធិការបានបន្តទៀតថា កុយ សាមុត បានអះអាងថា ជន​សង្ស័យ​ទាំងពីរនេះ តែងតែយកប្រាក់មក​ដូរនៅហាងរបស់គាត់ ម្តង​១.០០០ ​បាត ប៉ុន្តែលើកនេះ គាត់​សង្ស័យ ក៏ពិនិត្យ​ប្រាក់​នេះ ដឹងថា​ជាប្រាក់​ក្លែងក្លាយ​ ក៏​​ប្តឹងសមត្ថកិច្ច​ឲ្យចាប់​ខ្លួន​​តែម្តង។ ក្រោយពីទទួល​បាន​ពាក្យបណ្តឹង លោក​បាន​ដឹកនាំ​កម្លាំង តាម​ចាប់ខ្លួនជនសង្ស័យ ដោយសហការ​ជាមួយប៉ុស្តិ៍​រដ្ឋបាល​ឃុំអូរសំព័រ និងទួលពង្រ រហូតដល់​ប្រទះឃើញជនសង្ស័យ កំពុងជិះម៉ូតូ ដោយឈ្មោះ ឆន ទិត្យ ជាអ្នកបើកម៉ូតូសេ១២៥ ស៊េរី២០០៨ ឡើងស៊េរី២០១១ ពាក់ស្លាកលេខ សៀមរាប 1G 7941។ ពេល​ឃើញ​សមត្ថកិច្ច ជនសង្ស័យ ហាក់​ដូចជាដឹងខ្លួនមុន ក៍បើកម៉ូតូ បំបុកបារ៉ាស ហើយ​ជិះ​រត់គេចខ្លួន មកសម្ងំលាក់ខ្លួន​ក្នុ្ងងព្រៃ នៅក្រោយវត្តពោធិ៍រតនសាមគ្គី ។

ប្រភពដដែលបានបន្តទៀតថា សមត្ថកិច្ចបានតាមរុករកអស់​រយៈពេលជាច្រើនម៉ោង ទើប​ចាប់ខ្លួនជនសង្ស័យបាន នៅ​វេលា​ម៉ោង១២ និង៤៥នាទី។ ក្រោយការ​ចាប់ខ្លួន សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល​មូលដ្ឋាន មិនបានឆែកឆេររកប្រាក់​ក្លែងក្លាយទេ ប៉ុន្តែជនសង្ស័យ​ទាំង​ពីរ បានសារភាពថា ពិតជាបាន​ចាយ​វាយប្រាក់ក្លែង​ក្លាយមែន ហើយ​ប្រាក់​មួយ​ចំនួន ដែលនៅ​សល់ ខ្លួនបានបោះចោល​អស់ហើយ។
ជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាន ស្រុកម៉ាឡៃ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនីតិវិធី។
លោកអធិការបានឲ្យដឹងបន្ថែមទៀតថា មកទល់ពេលនេះ មានអាជីវករ២នាក់ ហើយ ដែលបានមកប្តឹងសមត្ថកិច្ច ដែលក្នុងការចាយវាយម្តងៗ ជាក្រដាសប្រាក់​១.០០០ ​បាត ។ លោករំពឹងថា នឹងមានអាជីវករជាច្រើនទៀត ដែលរងគ្រោះ ដោយការចាយវាយប្រាក់ក្លែងក្លាយ របស់ជនសង្ស័យទាំងពីរ ។ ខណៈដែលពេល​សមត្ថកិច្ចឆែកឆរ នៅអធិការដ្ឋាន គេមិនបានរកឃើញភស្តុតាងអ្វីពីជនសង្ស័យទេ៕Agkor thom

 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons