Sunday, September 9, 2012

អ្នកបឹងកក់ ហែញត្តិទៅក្រសួងយុត្តិធម៌ តែត្រូវសមត្ថកិច្ចរារាំង


ភ្នំពេញ: ក្រុម​ប្រជាពលរដ្ឋ​អ្នកភូមិ​បឹងកក់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១០ ខែកញ្ញា ឆ្នាំ ​២០១២ បាន​ប្រមូលផ្តុំ ស្រែក​តវ៉ា និង​លើក​បដា នៅ​តំបន់​បឹងកក់ ក្នុង​គោលបំណង​ដើរ​ហែ​ញត្តិ យកទៅដាក់​នៅ​ក្រសួងយុត្តិធម៌ ទាមទារ​ឲ្យ​មានការ​ដោះលែង​ស្ត្រី​អ្នកភូមិ​បឹងកក់ និង​បុរី​កីឡា​ពីរ​នាក់ ដែល​ត្រូវបាន​ឃុំខ្លួន​។​
អ្នកភូមិបឹងកក់ ត្រូវបានរារាំងដោយសមត្ថកិច្ច ពេលដើរហែញត្តិ ទៅដាក់នៅក្រសួងយុត្តិធម៌
អ្នកភូមិបឹងកក់ ត្រូវបានរារាំងដោយសមត្ថកិច្ច ពេលដើរហែញត្តិ ទៅដាក់នៅក្រសួងយុត្តិធម៌
ថ្ងៃទី 10 កញ្ញា 2012


​ក្នុងពេល​ប្រមូលផ្តុំ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ក្រុម​អ្នកភូមិ កាន់​ផ្កាឈូក បដា និងពាក់មុខ រូបអ្នកស្រី យ៉ោម បុប្ផា និងអ្នកស្រី ទឹម សាក់មុន្នី។ ប៉ុន្តែក្រុមអ្នកភូមិ ​ត្រូវបាន​រារាំង​ដោយ​​សមត្ថកិច្ច នៅ​ម្ដុំ​វិហារ​ឥស្លាម ផ្លូវ​ចេញពី​បឹងកក់ ខាងជើង​សាលា​រាជធានី​ភ្នំពេញ​។ ប៉ុន្តែប្រជាពលរដ្ឋ​បឹងកក់ ជា​ស្ត្រី និង​កុមារ ប្រមាណ ១០០ នាក់ បាន​រុញ​ទម្លុះ​របាំង ដែល​​រាំងខ្ទប់​ ដោយ​ប៉ូលិស​បង្ក្រាប​បាតុកម្ម និង​អាជ្ញាធរ​ខណ្ឌដូនពេញ​។​
​នៅក្នុង​ហេតុការណ៍​រុញច្រាន​នោះ ក៏មាន​ស្ដ្រី​បឹងកក់​ម្នាក់ ឈ្មោះ ខែ​ក ចាន់​រស្មី បាន​ដួលសន្លប់ នៅពេលដែល​រុញច្រាន​ជាមួយនឹង​ប៉ូលិស នៅមុខ​សណ្ឋាគារ​ភ្នំពេញ ផ្លូវចេញចូល​បឹងកក់​។​
ដោយមានការរារាំងពីកម្លាំងសមត្ថកិច្ចយ៉ាងតឹងរឹងនោះ ទីបំផុតក្រុមអ្នកភូមិបឹងកក់ បានដកថយទៅវិញ។
​តាម​ផែនការ ក្រុម​ប្រជាពលរដ្ឋ​អ្នកភូមិ​បឹងកក់ និង​សហគមន៍​បុរី​កីឡា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១០ ខែកញ្ញា ឆ្នាំ ​២០១២ ដឹកនាំ​ដោយ​ក្រុម​កុមារ​តូចៗ គ្រោង​នឹង​ប្រមូលផ្តុំ ស្រែក​តវ៉ា និង​លើក​បដា នៅមុខ​ក្រសួងយុត្តិធម៌ និង​រដ្ឋសភា ទាមទារ​ឲ្យ​មានការ​ដោះលែង​ស្ត្រី​អ្នកភូមិ​បឹងកក់ និង​បុរី​កីឡា​ពីរ​នាក់ ដែល​ត្រូវបាន​ឃុំខ្លួន​។​
​ក្នុងពេល​ប្រមូលផ្តុំ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ក្រុម​អ្នកភូមិ​បឹងកក់ ត្រូវដាក់​ញត្តិ​ទៅកាន់​ក្រសួងយុត្តិធម៌ និង​រដ្ឋសភា ដើម្បី​ស្នើសុំ​អន្តរាគមន៍ ឲ្យ​ស្ត្រី​ពីរ​នាក់​នោះ មាន​សេរីភាព​ឡើងវិញ​។​
​សូម​រម្លឹកថា អ្នកភូមិ​បឹងកក់ អ្នកស្រី យ៉ោ​ម បុប្ផា ត្រូវបាន​តុលាការ សម្រេច​ឃុំខ្លួន ពីបទ ប្រើ​អំពើហិង្សា ដោយ​ចេតនា វាយ​លើ​បុរស​ពីរ​នាក់ កាលពី​ថ្ងៃ​៤ ខែកញ្ញា ឆ្នាំ ​២០១២​។ ចំណែក​អ្នក​តវ៉ា​ដីធ្លី​ម្នាក់ទៀត នៅ​បុរី​កីឡា គឺ​អ្នកស្រី ទឹម សាក់​មុន្នី ក៏​ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ សម្រេច​ឃុំខ្លួន កាលពី​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១២ តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន ផាន​អ៊ី​ម៉ិច ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​។​
​កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ ​២០១២ អង្គការ​សង្គម​ស៊ីវិល និង​អង្គការសិទ្ធិមនុស្ស​ជាច្រើន បានចេញ​សេចក្ដីថ្លែងការណ៍​ដាច់ដោយឡែក​ពីគ្នា ជា​បន្តបន្ទាប់ ដោយ​ថ្កោលទោស​នឹង​ការចាប់ខ្លួន​ស្ត្រី​អ្នកភូមិ​បឹងកក់ និង​បុរី​កីឡា​ទាំងពីរ ហើយ​បានទាមទារ​ឲ្យ​ដោះលែង​ស្ត្រី​ទាំងពីរ​នាក់ ជាបន្ទាន់ និង​គ្មាន​លក្ខខណ្ឌ​។​
​កាលពី​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១២ អ្នកភូមិ​បាន​ប្រមូលផ្តុំ​តវ៉ា និង​ដាក់​ញត្តិ​ទៅកាន់​ស្ថានទូត​នានា ព្រមទាំង​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ឲ្យ​អន្តរាគមន៍​ដោះលែង​ស្ត្រី​ទាំងពីរ​នាក់ ចេញពី​ពន្ធនាគារ​ព្រៃ​ស​។ ចំណែក​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​៩​កញ្ញា ឆ្នាំ ​២០១២ ពលរដ្ឋ​បឹងកក់ និង​អ្នក​បុរី​កីឡា ក៏បាន​ជួបជុំ នៅមុខ​ពន្ធនាគារ​ព្រៃ​ស ហើយ​ស្នើសុំ​ឲ្យ​ដោះលែង​ស្ត្រី​ទាំង​ពីររូប​ផងដែរ​។​
​យ៉ាងណាក៏ដោយ ក្នុង​រឿង​ឃុំខ្លួន​ស្ត្រី​អ្នក​តវ៉ា​ដីធ្លី​នៅ​បឹងកក់ និង​នៅ​បុរី​កីឡា​នេះ ត្រូវបាន​មន្ត្រី​តុលាការ​អះអាងថា មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការតវ៉ា​ដីធ្លី​ទេ តែ​ជា​រឿង​ព្រហ្មទណ្ឌ ដែល​ស្ត្រី​ទាំងពីរ​បាន​ប្រព្រឹត្ត​បទល្មើស​ច្បាប់​ប៉ុណ្ណោះ​៕​cen

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons