Saturday, August 4, 2012

អាជ្ញាធរ​ព្រំដែន​ថៃ​រារាំង​អាជ្ញាធរ​ព្រំដែន​កម្ពុជា​សង់​ប៉ុស្តិ៍​ស្នាក់​ការ​ជាប់​ផ្លូវ​កៅស៊ូ


2012-08-04
អាជ្ញាធរ​ព្រំដែន​ខេត្ត​ស៊ីសាកេត របស់​ថៃ ដែល​ប្រចាំ​ការ​នៅ​ទល់​មុខ​ច្រក​ទ្វារ​ព្រំដែន​ជាំសាង៉ាំ នៃ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ តែង​តែ​រារាំង​អាជ្ញាធរ​ព្រំដែន​កម្ពុជា មិន​ឱ្យ​ធ្វើ​ការ​សាងសង់​ប៉ុស្តិ៍​ស្នាក់​ការ​ព្រំដែន​នៅ​ជាប់​ផ្លូវ​កៅស៊ូ ដែល​ជា​ទីតាំង​ច្រក​ទ្វារ​ថ្មី។
RFA/Keo Nimol
ច្រក​ទ្វា​ព្រំដែន​ឈ្មោះ​ជាំ​ស្រង៉ាំ ស្រុក​អន្លង់​វែង ខេត្ត​ឧត្ដរ​មាន​ជ័យ។ រូបថត​មើល​ពី​ខាង​ប្រទេស​កម្ពុជា ​ថ្ងៃ​ទី ២៥ កុម្ភៈ ២០១២។

ការ​រារាំង​នេះ ដោយ​សារ ​តែ​អាជ្ញាធរ​ថៃ បាន​ចាត់​ទុក​តំបន់​ដែល​អាជ្ញាធរ​ព្រំដែន​កម្ពុជា​បម្រុង​សាង​សង់​ប៉ុស្តិ៍​ ស្នាក់​ការ​នោះ​ថា គឺ​ជា​តំបន់​ព្រំដែន ដែល​មិន​ទាន់​ដាច់ស្រេច​ជា​របស់​ប្រទេស​ណា​មួយ​នៅ​ឡើយ។
មន្ត្រី​កម្ពុជា​បាន​ឱ្យ​ដឹង​ថា អាជ្ញាធរ​ចម្រុះ​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​ជាំសាង៉ាំ ជាច្រើន​អង្គភាព កំពុង​ជួប​ការ​លំបាក ដោយ​សារ​តែ​មិន​មាន​ការិយាល័យ​ធ្វើ​ការងារ​ជាច្រើន​ខែ​មក​ហើយ។
ការ​គ្មាន​ការិយាល័យ​ធ្វើ​ការ​នេះ បន្ទាប់​ពី​មាន​ការ​ផ្លាស់​ប្ដូរ​ទីតាំង​ច្រក​ទ្វារ​ព្រំដែន​ជាំសាង៉ាំ ពី​កន្លែង​ចាស់​ទៅ​នៅ​ម្តុំ​ច្រក​ទ្វារ​ផ្លូវ​កៅស៊ូ ក៏ប៉ុន្តែ កង​កម្លាំង​ការពារ​ព្រំដែន​នៃ​ស្រុក​ភូស៊ីង ខេត្ត​ស៊ីសាកេត របស់​ថៃ បាន​រារាំង​មិន​ឱ្យ​សមត្ថកិច្ច​កម្ពុជា អាច​សាង​សង់​ប៉ុស្តិ៍​ធ្វើ​ការ​នៅ​កន្លែង​ថ្មី​នោះ​បាន។
លោក នេត្រ តារា ជា​ប្រធាន​ច្រក​ទ្វារ​ព្រំដែន​ជាំសាង៉ាំ នៃ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ របស់​កម្ពុជា លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​៤ ខែ​សីហា ថា ភាគី​ថៃ​បាន​អះអាង​ថា កន្លែង​ដែល​កម្ពុជា​គ្រោង​សាង​សង់​ប៉ុស្តិ៍​សម្រាប់​កិច្ចការ​ព្រំដែន​នោះ គឺ​ជា​តំបន់​ស ហើយ​ថៃ​បាន​ហាម​ឃាត់​កម្ពុជា មិន​ឱ្យ​ទាន់​ធ្វើ​ការ​សាង​សង់​អ្វី​ឡើយ។ មន្ត្រី​ដដែល បាន​បញ្ជាក់​ថា ពេល​បច្ចុប្បន្ន​នេះ អាជ្ញាធរ​កម្ពុជា ជាច្រើន​អង្គភាព​មិន​មាន​ការិយាល័យ​ធ្វើ​ការ​ទេ គឺ​មាន​តែ​ខ្ទម​មួយ​ធ្វើ​ការ​រួម​គ្នា​ប៉ុណ្ណោះ។
លោក នេត្រ តារា៖ «គេ​អត់​ឱ្យ​ធ្វើ គេ​ឱ្យ​ធ្វើ​មក​ឆ្ងាយ​ពី​ព្រំដែន​ចម្ងាយ​២១០​ម៉ែត្រ។ យើង​មិន​អាច​ធ្វើ​បាន​ទេ។ យើង​ធ្វើ​បាន​តែ​រោង​មួយ​ធ្វើ​ការ​រួម​គ្នា។ យើង​មាន​ផល​លំបាក​ដែរ ការងារ​ខែ​ភ្លៀង ខែ​អី​ផង យើង​ជួប​ការ​លំបាក​តែ​ម្ដង​កន្លែង​ធ្វើ​ការ​យើង»
តំបន់​ដែល​ថៃ​បាន​រារាំង​មិន​ឱ្យ​អាជ្ញាធរ​កម្ពុជា សាង​សង់​ប៉ុស្តិ៍ ត្រូវ​បាន​គេ​ដឹង​ថា គឺ​ជា​ចំណុច​ព្រំដែន​ចន្លោះ​បង្គោល​ឡាក់​លេខ​១ និង​លេខ​២ ដែល​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ នៅ​មិន​ទាន់​ធ្វើ​ការ​ដោះស្រាយ​នៅ​ឡើយ។
មន្ត្រី​កម្ពុជា បាន​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា កន្លង​ទៅ លោក វ៉ា គឹមហុង ដែល​ជា​ប្រធាន​គណៈកម្មការ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា បាន​អញ្ជើញ​ទៅ​ដល់​តំបន់​ព្រំដែន​ទី​នោះ ដើម្បី​នឹង​ធ្វើ​ការ​ជជែក​ដោះស្រាយ​បញ្ហា​ព្រំដែន​ត្រង់​ចំណុច​បង្គោល​ឡាក់​ លេខ១ លេខ២ និង​លេខ៣។
ភាគី​ថៃ បាន​ប្រាប់​អាជ្ញាធរ​កម្ពុជា​ថា នៅ​ពេល​ណា​ដែល​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ដោះស្រាយ​បញ្ហា​ ព្រំដែន​ទីនោះ​ចប់​សព្វ​គ្រប់ ទើប​គេ​យល់​ព្រម​ឱ្យ​កម្ពុជា​អាច​សាង​សង់​ប៉ុស្តិ៍​ព្រំដែន​នៅ​ទីនោះ​បាន។
ទោះ​យ៉ាង​ណា លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា បាន​ច្រាន​ចោល​មិន​ធ្វើ​ការ​អធិប្បាយ​បញ្ហា​នេះ​យ៉ាង​ណា​ឡើយ៖ «បើ​ថា​ចង់​នេះ សូម​មេត្តា​ផ្ញើ​សំណួរ​មក​ខាង​ខ្ញុំ។ ម៉េចៗ​ចាំ​ខ្ញុំ​ផ្ញើ​ចម្លើយ​តាម អឹម.អេស.អិន (MSN)»
មន្ត្រី​ច្រក​ទ្វារ​ព្រំដែន​ជាំសាង៉ាំ របស់​កម្ពុជា បាន​ឱ្យ​ដឹង​ថា គេ​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ទីតាំង​ច្រក​ទ្វារ​ព្រំដែន​ពី​កន្លែង​ចាស់ ទៅ​កន្លែង​ថ្មី តាំង​តែ​ពី​អំឡុង​ខែ​កុម្ភៈ កន្លង​ទៅ។ រហូត​មក​ដល់​ពេល​នេះ មាន​រយៈពេល​ប្រមាណ​៦ខែ​ហើយ ដែល​អាជ្ញាធរ​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា ពុំ​អាច​សាង​សង់​ប៉ុស្តិ៍​ព្រំដែន និង​គ្មាន​ការិយាល័យ​សម្រាប់​ធ្វើ​ការងារ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons