Saturday, August 4, 2012

ទណ្ឌិត​ដែល​រួច​ទោស​ចោទ​មន្ត្រី​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង​ថា​ពុក​រលួយ


2012-08-04
អ្នក​ទោស​បាន​ចេញ​ពី​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា មាន​អំពើ​ពុក​រលួយ​កើត​មាន​យ៉ាង​ខ្លាំង និង​មាន​ការ​រើសអើង​ចំពោះ​អ្នក​ទោស​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​នេះ។
Licadho
បន្ទប់​អ្នក​ទោស​បុរស​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង។

ទណ្ឌិត​រួច​ផុត​ពី​ទោស​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៤ សីហា ថា ក្នុង​ពន្ធនាគារ​មាន​ការ​បែង​ចែក​វណ្ណៈ​អ្នក​ទោស ដូច​ជា​ប្រភេទ​អ្នក​ទោស​ដែល​ជាប់​ពន្ធនាគារ​ដោយ​សារ​រឿង​លួច​ឆក់​ កំប៉ិកកំប៉ុក ពោល​គឺ​អ្នក​ទោស​ក្រីក្រ មាន​ជីវភាព​ត្រដាបត្រដួស បរិភោគ​បាយ​ដែល​ដាំ​ដោយ​អង្ករ​ប្រភេទ​អន់ ដូច​បាយ​ជ្រូក។
ចំណែក​អ្នក​ទោស​ដែល​មាន​លុយ​បង់​ប្រចាំ​ខែ​ឲ្យ​អ្នក​ដឹកនាំ​ពន្ធនាគារ មិន​ត្រឹម​តែ​បរិភោគ​បាយ​អង្ករ​ល្អ ឈ្ងុយ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ តែ​អាច​ប្រើប្រាស់​ទូរស័ព្ទ​ហៅ​ចេញ​ទៅ​ខាង​ក្រៅ​បាន​ដោយ​សេរី និង​មាន​បន្ទប់​ឯកជន​ទៀត​ផង៖ «ទីផ្សារ​សេដ្ឋកិច្ច​របស់​ប្រធាន​ពន្ធនាគារ ​នៅ​ហ្នឹង​តែ​ម្ដង។ សិប្បកម្ម​តុ ទូ ក៏​គេ​ធ្វើ​នៅ​ក្នុង​ហ្នឹង។ ពេល​ឈឺ​អី ថ្នាំ​គឺ​ទិញ​មក​ពី​ក្រៅ​ទាំង​អស់ ឯ​ការ​ដេក​វិញ បើ​មាន​លុយ​បង់​ដូច​ឧកញ៉ា​អី គឺ​បាន​បន្ទប់​មាន​កង្ហារ»។
ប្រភព​បាន​ឲ្យ​ដឹង​បន្ថែម​ថា ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង មាន​ការ​លួច​អនុញ្ញាត​ឲ្យ​នាំ​ស្រី​ពេស្យា​ចូល​បម្រើ​តណ្ហា​ឲ្យ​ទណ្ឌិត ដែល​មាន​ប្រាក់​ច្រើន ដូច​ជា​ទណ្ឌិត​ដែល​មាន​ទោស​ជួញ​ដូរ​គ្រឿងញៀន និង​អ្នក​ទោស​ដែល​មាន​ខ្នង​បង្អែក​ជាដើម។ ប្រភព​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ក្រៅ​ពី​នេះ ក៏​មាន​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​អ្នក​ទោស​ផង​ដែរ៖ «ទូរស័ព្ទ ​វិញ គឺ​ពួក​ឧកញ៉ាៗ ពួក​ប្លន់ ពួក​ជំរិត​អី អាច​ប្រើ​ដោយ​ត្រូវ​បង់​១០០​ដុល្លារ​ក្នុង​មួយ​ខែ។ អ្នក​ចង់​បាន​បន្ទប់​គ្រាន់​បើ មាន​បន្ទប់​ទឹក​ច្រើន គឺ​ត្រូវ​បង់​សេវា​ដែរ។ បន្ទប់​ពេទ្យ​មាន​តែ​មួយ​ទេ គេ​ប្រើ​សម្រាប់​ឲ្យ​អ្នក​ទោស​មាន​លុយ​នាំ​ស្រី ឬ​ប្រពន្ធ​ចូល​មក​វ៉ៃស៊ិច ម្ដង​គេ​យក​ពី​១០ម៉ឺន​ទៅ​២០ម៉ឺន»។
របាយការណ៍​ស្ដីពី​ពន្ធនាគារ​របស់​អង្គការ​លីកាដូ (Licadho) ឆ្នាំ​២០១១ បាន​បង្ហាញ​ថា មាន​ការ​ទិញ​លក់​ទំនិញ និង​ធនធាន ដែល​មាន​ស្ទើរ​តែ​គ្រប់​ពន្ធនាគារ​ទាំង​អស់ ដូច​ជា​ថ្នាំ​សង្កូវ កន្លែង​ទទួល​ទាន​ដំណេក ពេល​វេលា​លំហែ សិទ្ធិ​ទទួល​ការ​សួរ​សុខ​ទុក្ខ។ល។
អ្នក​ទោស​ក្រីក្រ​មាន​បន្ទុក​ធ្ងន់ធ្ងរ​នៅ​ក្នុង​ពន្ធនាគារ ដែល​ត្រូវ​ចំណាយ​ស្ទើរ​គ្រប់​អ្វីៗ​ទាំង​អស់។ អ្នក​ទោស​ដែល​គ្មាន​ថវិកា​គ្រប់គ្រាន់ តែង​រស់​នៅ​ក្នុង​លក្ខខ័ណ្ឌ​មិន​ស្មើភាព​ជាមួយ​អ្នក​ទោស​ឯ​ទៀត ដែល​មាន​លទ្ធភាព​ថវិកា​គ្រប់គ្រាន់​នោះ។ អ្នក​ទោស​ដែល​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ និង​មាន​ខ្នង​បង្អែក អាច​មាន​បន្ទប់​ឯកជន ដែល​មាន​គ្រែ កង្ហារ ទូរ​ទឹក​កក និង​ម្ហូប​អាហារ​បន្ថែម ការ​ថែទាំ​សុខភាព​ជា​ឯកជន និង​ទទួល​ប្ដី ឬ​ប្រពន្ធ ដែល​មក​សួរ​សុខ​ទុក្ខ ព្រម​ទាំង​សេវា​សំខាន់ៗ​ផ្សេង​ទៀត។
យ៉ាង​នេះ​ក្ដី អនុប្រធាន​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង គឺ​លោក ផល្លី បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​នេះ។ លោក​មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​បែប​នេះ គឺ​ជា​ការ​មួលបង្កាច់​របស់​ទណ្ឌិត ដែល​បាន​ចេញ​ពី​ពន្ធនាគារ ព្រោះ​តែ​ពេល​ជាប់​ក្នុង​ពន្ធនាគារ គាត់​មិន​ពេញ​ចិត្ត​នឹង​បែបបទ​អប់រំ​កែប្រែ និង​វិន័យ​របស់​ពន្ធនាគារ។
លោក​ថា ករណី​ទាំង​នេះ​មិន​កើត​មាន​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង នោះ​ទេ៖ «ក្នុង ​ពន្ធនាគារ​នេះ អត់​មាន​ទេ បញ្ហា​នេះ។ ជួន​កាល​មនុស្ស​យើង​វា​ជា​រឿង​ក្អែក​មួយ​ទៅ​ជា​ក្អែក​ដប់។ ជា​ការ​បំផ្លើស​ការ​ពិត ប៉ុន្តែ​ជាក់​ស្ដែង​នៅ​ពន្ធនាគារ​នេះ មិន​មាន​រឿង​ដូច្នេះ​ទេ ព្រោះ​អា​ហ្នឹង​វា​ខុស​ទៅ​នឹង​លក្ខការណ៍​របស់​ក្រសួង»
ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង មាន​ចំណុះ​ផ្ទុក​បាន​១៥០​នាក់ ប៉ុន្តែ​គិត​ត្រឹម​ខែ​ឧសភា ឆ្នាំ​២០១១ ស្ថិតិ​របស់​អង្គការ​លីកាដូ បាន​បង្ហាញ​ថា មាន​អ្នក​ទោស​ចំនួន​៣៣៦​នាក់ កំពុង​មាន​វត្តមាន​ក្នុង​ពន្ធនាគារ​នេះ។ ស្ថិតិ​នេះ បាន​បង្ហាញ​ថា ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង ផ្ទុក​អ្នក​ទោស​លើស​ដល់​ទៅ​២២៤%៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons