Friday, August 10, 2012

ចាប់ខ្លួនមេខ្លោង តាំងខ្លួនជាឯកឧត្តម ដើរបំផុសប្រជាជនឲ្យចាប់ដី


www.tcnewscambodia.com  Aug-11-2012
បាត់ដំបង​​៖​ ជនសង្ស័យ​ចំនួន ​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ថ្មគោល​ធ្វើការ​ឃាត់ខ្លួន​ បន្ទាប់ពី​ជន​ទាំង ​២​នាក់​នេះ​
យកឈ្មោះ​លោក​ជំទាវ​មក​ធ្វើជា​ខ្នង​បង្អែក ​ដោយ​ដើរ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​បង់​លុយ​ ដើម្បី​ទៅ​ទទួល​យក​ដី​កម្មសិទ្ធិ​
ស្របច្បាប់។

                                     

​​យោង​តាម​របាយការណ៍​របស់​លោក ​សម យោង ​អភិបាលស្រុក​ថ្មគោល​បាន​បញ្ជា​ក់ថា នៅ​វេលា​ម៉ោង​ ៩​ព្រឹកថ្ងៃទី​៨
ខែសីហា ឆ្នាំ​២០១២ លោក​បាន​ទទួល​សេចក្ដីរាយការណ៍​ពី​លោក​ ជុន ឡម​ មេឃុំ​បន្សាយត្រែង​មក​ថា ​
មាន​ជន​ដែល​ក្លែង​ធ្វើជា​ឯកឧត្តម ព្រមទាំង​បានអះអាងថា​ជា​ខ្សែរយៈ​របស់​លោក​ជំទាវ បាន​និងកំពុង​ជួប​ជាមួយ​
ប្រជាពលរដ្ឋ​ក្នុងភូមិព្រៃ​លាវ ឃុំ​បន្សាយ​ត្រែង ដោយ​ឃោសនា​ថា​​នឹង​ចែក​ដី​ជូន​ប្រជាពលរដ្ឋ​ក្នុង ​១​គ្រួសារ ​៥​ហិកតា ​
នៅ​ខេត្តព្រះវិហារ បើ​ប្រជាពលរដ្ឋ​ចង់បានត្រូវ​ប្រគល់​អត្តសញ្ញាណ​ប័ណ្ណ​ឲ្យ​ទៅ​គេ​ និងតម្រូវ​ឲ្យ​បង់ប្រាក់​ជាមុន​
ចំនួន​ ១២០ដុល្លារ ហើយ​ត្រូវ​បង់​ ១០០០​ដុល្លារ​បន្ថែមទៀត ក្រោយពេល​ទទួល​បាន​ចំណែក​ដីធ្លី​ស្របច្បាប់​រួច​
ហើយនោះ​។

លោក​អភិបាលស្រុក​ថ្មគោល​បាន​បន្តថា លោក​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ព្រោះ​ខ្លាច​ប្រជាពលរដ្ឋ​ចាញ់បោក​
ជនខិលខូច និងដើម្បី​ទ​ប់​ស្កាត់​នូវ​ភាព​ចលាចល​របស់​ប្រជាពលរដ្ឋ ដោយសារតែ​ការ​បំផុសបំផុល​ឲ្យ​ទៅ​ចាប់ដី​បែប​
អនាធិបតេយ្យ​ទៅតាម​តំបន់​នានា​ដូចជា​ នៅ​ចំណុច​អណ្ដូង​កន្ទួត​ ជាដើម ​ដែល​អាច​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការវាស់វែង
​ដីជូ​ន​ប្រជាពលរដ្ឋ​របស់​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​ក្នុង​ការ​អនុវត្តន៍ ​បទបញ្ជា​លេខ​០១ ​របស់​រាជរដ្ឋាភិបាល​។

រាល់​ទង្វើ​ដែល​ពួកគេ​បាន​ប្រព្រឹត្តិ​ដោយ​ពុំបាន​ទំនាក់ទំនង​ជាមួយ អាជ្ញាធរ​មូលដ្ឋាន​នេះ ក្នុងនាម​លោក​ជា​អភិបាល​
ស្រុក​បាន​បញ្ជា​ទៅ​មេឃុំ និងលោក​អធិការ​ស្រុក ​ដើម្បី​ចុះ​ស្រាវជ្រាវ និងឃាត់ខ្លួន​ជន​នោះ​យក​មក​សួរ​ដើម្បី​ស្វែងរក​
ព័ត៌មាន​ជាក់លាក់​។

ជន​ទាំង​ ២​នាក់​នោះ​មាន ទី១ឈ្មោះ​ តាំង វ៉ាន់​ជៀង ហៅ រ៉េត ភេទ​ប្រុស អាយុ ៥០​ឆ្នាំ រស់នៅ​ភូមិប៉ា​លេ​ឡៃ
សង្កាត់ប៉ោយប៉ែត ​ក្រុង​ប៉ោយប៉ែត ​ខេត្តបន្ទាយមានជ័យ ជា​មេខ្លោង ទី​២ឈ្មោះ​ គង់ កែវ ភេទ​ប្រុស អាយុ​ ៤០​ឆ្នាំ
រស់នៅ​ភូមិ​ស្ទឹង​បត់ សង្កាត់ផ្សារកណ្ដាល ក្រុងភ្នំពេញ​។ ពួកគេ​បាន​ប្រើប្រាស់​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័រ ​ពណ៌​ប្រផេះ
ពាក់​ស្លាក​លេខ ភ្នំពេញ 2F-5310​

ទោះបីជា​នៅ​ចំពោះមុខ​សមត្ថកិច្ច​ ជន​ទាំង​២​នោះ​ ពុំ​ព្រម​សារភាព​យ៉ាងណាក៏ដោយ ប៉ុន្តែ​យោង​តាម​របាយការណ៍​
របស់​លោក​អភិបាល​ស្រុក​ថ្មគោល​ គឺ​ជន​ទាំង​២ ​ត្រូវ​កសាង​សំណុំរឿង​ ចាត់ការ​តាមផ្លូវ​ច្បាប់​៕
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons