Saturday, August 25, 2012

ប៉ូលិសកំពង់ឆ្នាំង ក្របួចបានចោរលួចគោ ប្រលះយកសាច់ មួយសំបុក



កំពង់ឆ្នាំង: ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ប្រាំ​នាក់ ដែលជា​មុខសញ្ញា​លួច​គោ​ប្រ​លះ​យកសា​ច់លក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កម្លាំង ប៉ូលិស​ស្រុក​រលាប្អៀរ កម្លាំង​ប៉ូលិស​ស្រុក​កំពង់ត្រឡាច និង​កម្លាំង​ប៉ូលិស​ក្រុង​កំពង់ឆ្នាំង សហការគ្នា​ព័ទ្ធចាប់​បាន នៅក្នុង​ផ្ទះសំណាក់​មួយកន្លែង ស្ថិតក្នុង​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង កាលពី​ម៉ោង​១​រំលង​អ​ធ្រា​ត​ថ្ងៃទី​២៤​ឈានចូល​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១២ និង​ម្នាក់ទៀត​ចាប់បាន​នៅឯ​ស្រុក​កំពង់ត្រឡាច​។
​ជនសង្ស័យ​ដែល​ ត្រូវ​ប៉ូលិស​ចាប់ខ្លួន​នេះ ១-​ឈ្មោះ ម៉ាត់ រ៉​ហាន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ២- ឈ្មោះ ម៉ាត់ យូ​សុះ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ៣-​ឈ្មោះ សុះ សុទី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ  ជន​ទាំង​៣ នាក់​នេះ​មាន​ទីលំនៅ ក្នុងភូមិ​ព្រៃពីស ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ខេត្ដ​កំពង់ឆ្នាំង​។ ៤-​ឈ្មោះ ពៅ ស្រីមុំ ភេទ​ស្រី អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ស្រះស្រង់ សង្កាត់​ព្រៃ​ញី ក្រុង​សំពៅ​មាស ខេត្ដ​ពោធិ៍សាត់​។ ៥-​ឈ្មោះ ជឿន ស្រី​អន ភេទ​ស្រី អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ខេត្ដ​កំពង់ស្ពឺ​។ ជន​ទាំង​៥​នាក់​នេះ ត្រូវ​សមត្ថកិច្ច​ព័ទ្ធ​ចាប់បាន​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១២ នៅក្នុង​ផ្ទះសំណាក់​មួយ ស្ថិតក្នុង​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​។ ក្រោយពេល​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើនេះ សមត្ថកិច្ច​បាន​ស្រាវជ្រាវ និង​ឈានទៅ​ឃាត់ខ្លួន​បក្ខពួក​របស់គេ​ម្នាក់ទៀត ឈ្មោះ សុះ រី ហៅ​ម៉ិច ភេទ​ប្រុស អាយុ​២៨​ឆ្នាំ និង​មាន​ទីលំនៅ​ក្នុង​ឃុំ​ឈូកស  ស្រុក​កំពង់ត្រឡាច​។

​លោក​ហ៊ុល វាសនា អធិការរង​ក្រុង​កំពង់ឆ្នាំង ដែល​ស្ថិតក្នុង​ប្រតិ​ប​ត្ដិ​ការ​នេះ​បានអោយដឹងថា ជនសង្ស័យ មួយក្រុម​នេះ​បានធ្វើ​សកម្មភាព​ចូល​លួច​គោ របស់​ប្រជាពលរដ្ឋ ឈ្មោះ ប្រាក់ សុគា នៅក្នុង​ភូមិ​ត្រពាំង​ចិ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ ក្រោយពី​សភាពការណ៍​នេះ​កើតឡើង លោក​ឧត្ដមសេនីយត្រី​យ៍​អាត់ ខែម ស្នងការ​នគរបាល​ខេត្ដ​កំពង់ឆ្នាំង បានដាក់​បញ្ជា​អោយកម្លាំង​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ប៉ូលិស​ក្រុង​កំពង់ឆ្នាំង និង​ស្រុក​មួយចំនួនទៀត ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​ពួនស្ទាក់​នៅតាម​ច្រក​ផ្លូវ​សំខាន់ៗ​។ ក្រោយពី​កំណត់​មុខសញ្ញា និង​ទីតាំង ដែល​ពួកគេ​ស្នាក់​នៅបាន​ហើយ ក៏​សុំ​គោលការណ៍​ឃាត់ខ្លួន​តែម្ដង​។

​នៅ​ចំពោះ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ពួកគេ​ទើបតែ​ធ្វើ​សកម្មភាព​លួច​គោ ប្រ​លះ​សាច់​លក់បាន​ចំនួន​១០​ក្បាល​តែប៉ុណ្ណោះ​។ ចំពោះ​វត្ថុតាង​ដែល​រឹបអូស​បាន មាន​ម៉ូតូ​មួយ គ្រឿង ម៉ាក​ហុងដា សូ​និក ពណ៌​ខៀវ អត់​ស្លាក​លេខ រួម​និង​សម្ភារៈ​សម្រាប់ធ្វើ​សកម្មភាព​មួយចំនួនទៀត​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​៦​នាក់ ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ឆ្នាំង ដើម្បី​សាកសួរ​ចម្លើយ​បញ្ជូនទៅ​តុលាការ​៕​ ដោយ: បរិបូរណ៍ (CEN)

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons