Monday, August 27, 2012

អ្នកភូមិ​បឹងកក់​ដែល​មិនទាន់​បាន​ដី ក្រោក​តវ៉ា​ជាថ្មី


អ្នកភូមិ​បឹងកក់ ក្មេង ចាស់ ប្រុស ស្រី ប្រមាណ​៦០នាក់​បាន​នាំគ្នា​តវ៉ា​សារ​ជា​ថ្មី​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី២៧ សីហា​នេះ ដើម្បី​ទាមទារ​អោយ​អាជ្ញាធរ​វាស់វែង​ និង​ចែក​ដី​អោយ​ពួក​គេ។ ការ​តវ៉ា​នៅ​ទល់​មុខ​សាលា​រាជធានី​ភ្នំពេញ និង​នៅ​មុខ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​មិញ​នេះ មិន​មាន​អំពើហឹង្សា​ឡើយ។
ថ្ងៃ ចន្ទ 27 សីហា 2012
ដោយ លាង ដឺលុច
RFI
អ្នកភូមិ​បឹងកក់​ដែល​មិនទាន់​បាន​ដី ក្រោក​តវ៉ា​ជាថ្មី
អ្នកភូមិ​បឹងកក់​ដែល​មិនទាន់​បាន​ដី ក្រោក​តវ៉ា​ជាថ្មី
សេចក្តីរាយការណ៍​របស់ លាង ដឺលុច ពីទីក្រុងភ្នំពេញ
(02:34)
អ្នកភូមិ​បឹងកក់​បាន​ផ្តើម​ការ​តវ៉ា​ជា​ថ្មី​ទៀត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​ ២៧​សីហា​នេះ។ ពួក​គេ​បាន​ជួបជុំ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ និង​ទៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី។ ព្រឹកមិញ​នេះ មាន​ទាំង​អ្នក​ដែល​មាន​ឈ្មោះ​ទទួល​បាន​ប្លង់ដី មាន​ទាំងអ្នក​ដែល​មិន​មាន​ឈ្មោះ​ទទួល​ប្លង់ដី​នៅ​ក្នុង​ចំណោម​ដី១២,៤៤ហិចតា​ ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​សម្រេច​​កាត់​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន ស៊ូកាកូអ៊ីន។ នៅ​មាន​ប្រជាពលរដ្ឋ​ចំនួន​៦៨​គ្រួសារ​ដែល​អាជ្ញាធរ​អះអាង​មិន​មាន​ឈ្មោះ​ ត្រូវ​ទទួល​បាន​ចំណែក​​នៅ​ក្នុងទំហំ​​ដី​ជាង​១២​ហិចតា​ដែល​លោក​ នាយករដ្ឋមន្ត្រី​បាន​សម្រេច​ផ្តល់​អោយ​នោះ​ទេ។ ប៉ុន្តែ​លោកស្រី​ទេព វន្នី​ តំណាង​អ្នក​ភូមិ​បឹង​កក់​បាន​បញ្ជាក់​ថា អ្នក​ភូមិ​ទាំង​នោះ​ត្រូវ​តែ​ទទួល​​បាន​ចំណែក​​ដី​​ដូច​អ្នកភូមិ​ដទៃ​ទៀត​ ដូច​គ្នា​ដែរ។

លោកស្រី​ទេព វន្នី​បាន​រៀបរាប់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រសៀល​ថ្ងៃ​នេះ​ថា ការ​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ មាន​បំណង​ទាមទារ​ទីមួយ អោយ​សាលា​រាជធានី​បោះ​បង្គោល​ព្រំដី​ទំហំ​១២​,៤៤​ហិចតា​អោយ​បាន​ច្បាស់​ដាច់ ​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍ ទី២​បញ្ជូល​អ្នកភូមិ​៦៨​គ្រួសារ​ចូល​ទៅ​ក្នុង​បញ្ជី​អ្នក​ដែល​ត្រូវ​ទទួល​ បាន​សិទ្ធិ​កាន់កាប់​​ដី​ជាមួយ​អ្នកភូមិ​ដទៃ​ទៀត និងទី​៣​គឺ​ការ​ដក​ឈ្មោះ​លោក​ឡៅ ម៉េងឃីន​ ដែល​ជា​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​តំបន់​បឹងកក់​នេះ ចេញ​ពី​ចំណែក​នៃ​ដី​ទំហំជាង​១២​ហិចតា​នេះ​វិញ។

អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ​លោក​ឡុង ឌីម៉ង់​បាន​អះអាង​ថា សាលា​រាជធានី​បាន​ទទួល​លិខិត​របស់​អ្នកភូមិ​បឹង​កក់​ហើយ ហើយ​លិខិត​នេះ​នឹង​ត្រូវ​ដាក់​ទៅ​អភិបាល​រាជធានី​។ បន្ទាប់ពី​សាលា​រាជធានី ក្រុម​អ្នកតវ៉ា ក្មេង​ចាស់ ប្រុសស្រី​បាន​បន្ត​ដំណើរ​ទៅ​មុខ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ដើម្បី​សួរ​ព័ត៌មាន​អំពី​​សំណើ​របស់​ពួក​គេ​ក្នុង​ពេល​កន្លង​មក ដែល​ស្នើ​អោយ​លោក​ហ៊ុន ម៉ានិត​បញ្ជូន​ក្រុម​អ្នកវាស់វែង​ដីធី​មក​តំបន់​បឹង​កក់ ដើម្បី​ដំណើរ​ការ​វាស់វែង​ចែកដី​អោយ​ពួកគាត់។

គួរ​បញ្ជាក់​ថា ដី​បឹងកក់ ទំហំ​ជាង ១៣០ ហិកតា ត្រូវ​បាន​រដ្ឋាភិបាល​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ស៊ូកាគូអ៊ិន ដើម្បី​អភិវឌ្ឍន៍​ជា​ទីក្រុង​រណប​កាល​ពី ឆ្នាំ២០០៦ ។ ប៉ុន្តែ គម្រោង​អភិវឌ្ឍន៍​នោះ នាំ​ឲ្យ​ពលរដ្ឋ​ជាង ៤.០០០ គ្រួសារ ត្រូវ​រុះរើ​លំនៅដ្ឋាន។ ពលរដ្ឋ​មួយ​ភាគ​ធំ​បាន​ទទួល​យក​គោលនយោបាយ​របស់​រដ្ឋាភិបាល ប៉ុន្តែ នៅ​សល់​តែ​ពលរដ្ឋ​ជាង ៧០០ គ្រួសារ​ទៀត មិន​ព្រម​រុះរើ​លំនៅ និង​មិន​ទទួលយក​សំណង ។ ពួកគេ​ទាមទារ​យក​ការអភិវឌ្ឍន៍​នៅ​នឹង​កន្លែង។ ក្រោយ​មក រដ្ឋាភិបាល​បាន​សម្រេច​កាត់​ដី ជាង១២ហិកតា​ពី​ក្រុមហ៊ុន ដើម្បី​ចែក​ឲ្យ​អ្នក​ទាំង​នោះ ប៉ុន្តែ មាន​អ្នកភូមិ​មួយ​ចំនួន​នៅ​តែ​អះអាង​ថា មិនទាន់​ទទួលបាន​ដី៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons