Wednesday, August 22, 2012

លោក​ ខៀវ​ កាញារីទ្ធ​៖ លោក​សមរង្ស៊ី ចូល​ស្រុក​បាន តែ​ត្រូវ​ជាប់គុក​សិន​


ភ្នំពេញ: ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់​ជាថ្មី​ម្តង​ទៀតថា លោក សម រង្ស៊ី មេគណបក្ស​ប្រឆាំង ដែល​កំពុង​រត់គេចខ្លួន​នៅក្រៅ​ប្រទេស​នោះ មាន​សិទ្ធិ​ចូលមក​ប្រទេស​កម្ពុជា​បាន​ដោយ​សេរី គ្មាន​អ្នកណា​ហាមឃាត់​ទេ តែ​ត្រូវ​ជាប់គុក​នៅ​ព្រៃ​ស​។​
ថ្ងៃទី 22 សីហា 2012
ដោយ: រតនា
CEN
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន នៅ​សណ្ឋាគារ​សាន់វេ កាលពី​ថ្ងៃត្រង់ ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១២ នេះ​ថា លោក សម រង្ស៊ី អាច​ចូលមក​ប្រទេស​កម្ពុជា​បាន ដោយ​គ្មាន​ការហាមឃាត់​ទេ​។​
​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា “​គាត់ (​សម រង្ស៊ី​) អាច​ចូលមក​បាន តែ​គាត់​ត្រូវ​ជាប់គុក​សិន គ្មាន​អ្នកណា​ហាមឃាត់​ទេ ពីព្រោះ​ច្បាប់​យើង​អត់​មាន​ដាក់​និរទេស​ខ្មែរ​ទេ អ៊‌ីចឹង​គាត់​ចូលមក គាត់​ត្រូវអនុវត្ត​ច្បាប់ ការសម្រេច​របស់​តុលាការ​”​។​
​លោក ខៀវ កាញារីទ្ធ បានចាត់ទុក​កំហុស​របស់លោក សម រង្ស៊ី គឺ​ការប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ មិនមែនជា​កំហុស​នយោបាយ​ឡើយ​។
​លោក​បាន​បញ្ជាក់ទៀតថា បើ​លោក សម រង្ស៊ី ចង់​វិល​ចូល​ស្រុក​វិញ មិន​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​នោះ លោក សម រង្ស៊ី ត្រូវ​រក​មេធាវី​តវ៉ា​ជាមួយនឹង​តុលាការ បើ​លោក សម រង្ស៊ី ជាប់ពន្ធនាគា​រហើយ​នោះ គាត់​ត្រូវសុំ​ទៅ​ព្រះមហាក្សត្រ តែ​នៅពេលនេះ លោក សម រង្ស៊ី មិនទាន់​ជាប់ពន្ធនាគារ​ផង​នោះ​។​
​ចំពោះ​ការព្រមាន​របស់​គណបក្ស​ប្រឆាំង “​សង្គ្រោះ​ជាតិ​” ដែល​គំរាម​ធ្វើពហិការ​មិន​ចូលរួម ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​អ្នកតំណាងរាស្ត្រ នៅ​ឆ្នាំ​២០១៣ ខាងមុខ​នោះ គឺ​ត្រូវបាន​លោក ខៀវ កាញារីទ្ធ អះអាងថា បើទោះបីជា​គណបក្សប្រឆាំង​ធ្វើពហិការ មិន​ចូលរួម​ក្នុងការ​បោះឆ្នោត​តំណាងរាស្ត្រ អាណត្តិ​ទី​៥ នៅ​ឆ្នាំ​២០១៣​នោះ “​មិន​ចូល​ក៏​អត់​ទៅ​” ពីព្រោះ​មាន​គណបក្សនយោបាយ​ច្រើនណាស់ ដែល​ចូលរួម​ក្នុងការ​បោះឆ្នោត​។​
​លោក ខៀវ កាញារីទ្ធ ហាក់បីដូចជា​សម្តែង​នូវ​ការស្វាគមន៍ ចំពោះ​ការបង្កើត​គណបក្សប្រឆាំង​ថ្មី គឺ​គណបក្ស “​សង្គ្រោះ​ជាតិ​” ដើម្បី​កុំ​ឲ្យ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ដេកលក់​ពេក ហើយ​លោក​ជូនពរ​ឲ្យ​គណបក្ស​នោះ​រស់រាន​បានយូរ​។
​សូមបញ្ជាក់ថា នៅក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១២ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សមរង្ស៊ី បាន​ស្តីបន្ទោស​ស្ថាប័ន​តុលាការ ថា​មិនមាន​ឯករាជ្យភាព ជា​ឧបករណ៍​បម្រើ​ផលប្រយោជន៍​នយោបាយ ឲ្យ​គណបក្ស​កំពុងកាន់​អំណាច​។ សព្វថ្ងៃនេះ លោក សម រង្ស៊ី ដែល​កំពុងស្ថិត​នៅក្រៅ​ប្រទេស​នោះ បានធ្វើ​សកម្មភាព​ជាច្រើន​ជាមួយ​សហគមន៍​អន្តរជាតិ រួមមាន​ជំនួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​អាមេរិក និង​សហភាព​អឺរ៉ុប​ជាច្រើន​ទៀត ដើម្បី​ឲ្យ​មានការ​អន្តរាគមន៍​ជួយ​លោក សម រង្ស៊ី បាន​ចូលរួម​ក្នុងការ​បោះឆ្នោត នៅ​ឆ្នាំ​២០១៣ ដែលជា​ការប្រកួតប្រជែង​ស្មើភាព តាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស បើ​ពុំ​ដូច្នោះ​ទេ គណបក្សប្រឆាំង​ថ្មី គណបក្ស​សង្គ្រោះ​ជាតិ នឹងមិន​ចូលរួម​បោះឆ្នោត​នៅ​ឆ្នាំ​២០១៣ ឡើយ​៕ K​

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons