Monday, August 27, 2012

ស្លាប់​២​របួសធ្ងន់​ស្រាល​៤​នាក់​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរ​រថយន្ត​តាក់ស៊ី​បុក​ដើម​គគីរ​​


ដោយ​ ៖ ជា​ ស្រស់ ថ្ងៃទី 27 សីហា
ខេត្តសៀមរាប​ ​៖​ ស្ត្រី​ជា​ម្តាយ​រួម​ជាមួយ​កូន​តូច​ម្នាក់​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ​ ចំណែក​មនុស្ស​ប្រុស​ស្រី​៤​ នាក់​ផ្សេង​ទៀត​ក្នុង​នោះ​មាន​ជនជាតិ​ជប៉ុន​ម្នាក់​បាន​រង​របួសធ្ងន់​ស្រាល​ នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរ​ រថយន្ត​តាក់ស៊ី​បើក​លឿន​ហើយ​រេ​ចង្កូត​បុក​ដើម​គគីរ​។​
​ហេតុការណ៍​បាន​កើតឡើង​កាលពី​វេលា​ ម៉ោង​១១​ ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១២​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ ក្នុងភូមិ​ថ្នល់​ សង្កាត់​ស្រ​ង៉ែ​ ក្រុង​សៀមរាប​ ខាងលិច​ទីស្នាក់ការ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ខេត្តសៀមរាប​ប្រមាណ​ជា​៥០​ ម៉ែត្រ​។​
​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ ហេតុការណ៍​ផ្ទាល់​បាន​និយាយ​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​ រថយន្ត​កាម​រី​មួយ​គ្រឿង​ពណ៌​សម្បក​ឪឡឹក​ បើកបរ​យ៉ាង​លឿន​ពី​ទិស​ខាងលិច​សំដៅ​ចូល​មក​ក្រុង​សៀមរាប​។​  លុះ​មក​ដល់​កន្លែង​កើតហេតុ​មិនដឹង​ជា​មាន​មូលហេតុ​អ្វី​ទេ​ស្រាប់​រថយន្ត​ ខាងលើ​រេ​ចង្កូត​មក​ស្តាំ​ដៃ​ទៅ​ប៉ះ​ដើម​ គគីរ​មួយ​ដើម​បណ្តាល​ឲ្យ​បែក​កង់​ ហើយ​បន្ត​ទៅ​បុក​ដើម​គគីរ​មួយ​ដើម​ទៀត​ទាំង​កំរោល​បណ្តាល​ឲ្យ​រថយន្ត​ខូចខាត ​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​។​
​ប្រភព​ពី​ប្រជាពលរដ្ឋ​បន្ត​ថា​ ក្រោយ​ពេល​កើតហេតុ​ការណ៍​នេះ​ភ្លាមៗ​ ទាំង​អ្នកដំណើរ​ និង​ប្រជាពលរដ្ឋ​ដែល​ នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​នាំ​គ្នា​ទៅ​ជួយ​សង្គ្រោះ​អ្នក​ដែល​នៅ​ក្នុង​ រថយន្ត​ ហើយ​ខ្លះ​ទៀត​រាយការណ៍​ទៅ​អាជ្ញាធរ​ ដើម្បី​ជួយ​អន្តរាគមន៍​សង្គ្រោះ​អ្នក​រង​របួស​ ប៉ុន្តែ​ជា​អកុសល​ក្នុង​ពេល​នោះ​ស្ត្រី​ម្នាក់​ដែល​មាន​បីកូន​នៅ​ដៃ​ហើយ​ អង្គុយ​ នៅ​កៅអី​មុខ​បាន​បាត់បង់​ជីវិត​ទៅ​ហើយ​ ចំណែក​អ្នកបើកបរ​ដែល​រង​របួសស្រាល​ ក្រោយ​ពី​មានការ​ជួយ​ពី​ប្រជាពលរដ្ឋ​បាន​រត់គេច​ខ្លួន​បាត់​។​
​មន្ត្រី​នគរបាល​ចរាចរ​ដែល​ចុះ​ទៅ​ដល់ ​កន្លែង​កើតហេតុ​បាន​និយាយ​ថា​ រថយន្ត​នេះ​ជា​រថយន្ត​តាក់ស៊ី​ដែល​ដឹក​អ្នកដំណើរ​មក​ពី​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ចូល​មក​ក្រុង​សៀមរាប​។​ រថយន្ត​នេះ​ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​ 2A​ 0114​  ។​ មន្ត្រី​ដដែល​និយាយ​ថា​ ការ​ដែល​សមត្ថកិច្ច​ហ៊ាន​សន្និដ្ឋាន​ជា​រថយន្ត​តាក់ស៊ី​នោះ​ ដោយសារ​តែ​សមត្ថកិច្ច​បាន​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​អ្នក​ស្លាប់​តាម​រយៈ​ ទូរស័ព្ទ​ជន​រង​គ្រោះ​នោះ​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​ដែល​ស្លាប់​នោះ​បាន​យក​កូនស្រី​របស់​គាត់​ពី​ប៉ោយ​ប៉ែ​ត​ មក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជ័យ​វរ្ម័ន​ទី​៧​ (​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ខេត្តសៀមរាប​)​ ដោយ​ជិះឡាន​តាក់ស៊ី​នេះឯង​។​
​ប៉ុន្តែ​បើ​ទោះបីជា​មានការ​អះអាង​ថា​ បាន​ទាក់ទង​ទៅ​គ្រួសារ​ជន​រង​គ្រោះ​យ៉ាងនេះ​ក្តី​ក៏​ក្រុម​សមត្ថកិច្ច​និយាយ ​ ថា​នៅ​មិន​ទាន់​ដឹង​អំពី​អត្តសញ្ញាណ​ទាំង​អ្នក​ស្លាប់​និង​អ្នក​របួស​នៅឡើយ​ ដោយសារ​តែ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​គ្រាន់តែ​ឮដំណឹង​ភ្លាម​យំទួញសោក​និយាយ ​ស្តាប់​គ្នា​មិន​បាន​។​
​ទាក់ទិន​នឹង​មូលហេតុ​ដែល​នាំ​ឲ្យ​កើតហេតុ​ការណ៍​ក្រុម​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ ទំនង​មក​ពី​អ្នកបើកបរ​ងងុយ​ដេក​ ៕nokorwat

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons