Tuesday, August 7, 2012

អង្គការ​ខារ៉ាម ជួយ​សង្គ្រោះ​កម្មករ​២៦​នាក់​ពី​ម៉ាឡេស៊ី

ដោយ វិជ័យ អានន្ទ
2012-08-07
​វិទ្យុ​អាស៊ីសេរី

អង្គការ​ជួយ​សង្គ្រោះ​កម្មករ​ចំណាក​ស្រុក​ធ្វើ​ការ​នៅ​បរទេស​មួយ​ ឈ្មោះ ខារ៉ាម (caram) នាំ​កម្មករ​ចំនួន​២៦​នាក់ ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា វិញ​ហើយ នៅ​ថ្ងៃ​ទី​៧ សីហា នេះ បន្ទាប់​ពី​កម្មករ​ទាំង​នោះ​ចាញ់​បោក​មេ​ខ្យល់​នាំ​យក​ទៅ​ធ្វើ​ការ​នៅ​ ប្រទេស​ម៉ាឡេស៊ី និង​ត្រូវ​ថៅកែ​ធ្វើ​ទុក្ខបុកម្នេញ​អស់​ជាច្រើន​ខែ។

កម្មករ​ដែល​អង្គការ​ខារ៉ាម ជួយ​សង្គ្រោះ​ពី​ប្រទេស​ម៉ាឡេស៊ី ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន នៅ​អង្គការ​ខារ៉ាម រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១២។
កម្មករ ​ដែល​អង្គការ​ខារ៉ាម ជួយ​សង្គ្រោះ​ពី​ប្រទេស​ម៉ាឡេស៊ី ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន នៅ​អង្គការ​ខារ៉ាម រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១២។
RFA/Vichey Anandh
ប្រធាន​អង្គការ​ខារ៉ាម លោក យ៉ា ណាវុធ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ សីហា ថា អង្គការ​ខារ៉ាម សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ និង​ស្ថានទូត​ប្រទេស​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ជួយ​សង្គ្រោះ​កម្មករ​ដែល​បាន​ចាញ់​បោក​មេ​ខ្យល់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ ម៉ាឡេស៊ី ចំនួន​២៦​នាក់ ឲ្យ​ធ្វើ​មាតុភូមិនិវត្តន៍​មក​កាន់​ប្រទេស​កំណើត​របស់​ពួក​គេ។
លោក​មាន​ប្រសាសន៍​ថា ភាព​ជោគជ័យ​ក្នុង​ការ​ជួយ​កម្មករ​ទាំង​នោះ​ឲ្យ​ត្រឡប់​មក​ស្រុក​កំណើត​របស់​ ពួក​គេ​វិញ​នោះ ដោយ​សារ​អង្គការ​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ ​ប្រទេស​ម៉ាឡេស៊ី និង​ក្រសួង​មហាផ្ទៃ។
លោក យ៉ា ណាវុធ ថ្លែង​បន្ត​ថា កម្មករ​ទាំង​នោះ​មាន​សេចក្ដី​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ពួក​គេ​ត្រឡប់​ដល់​ស្រុក​កំណើត​របស់​ពួក​គេ។
កម្មករ​ម្នាក់​ឈ្មោះ ទុន យ៉ាន់ណាក់ ដែល​មាន​ស្រុក​កំណើត​នៅ​ភូមិ​អូរ ឃុំ​ព្រៃកប្បាស ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ អះអាង​ថា លោក​មាន​អារម្មណ៍​រំភើប​រីករាយ​ឥត​អ្វី​ប្រៀប​នោះ​ឡើយ ខណៈ​ដែល​លោក​ដឹង​ថា​មាន​អង្គការ​នាំ​យក​រូប​លោក​មក​ប្រទេស​កំណើត​វិញ។ លោក ទុន យ៉ាន់ណាក់ លើក​ឡើង​បន្ត​ថា វា​ជា​រឿង​អស្ចារ្យ​ក្នុង​ឆាក​ជីវិត ព្រោះ​លោក​មិន​ធ្លាប់​គិត​ថា លោក​នឹង​ត្រូវ​គេ​បញ្ជូន​មក​ស្រុក​កំណើត​វិញ​នោះ​ឡើយ។
ស្រប​ពេល​នឹង​ការ​សប្បាយ​ចិត្ត​ក្នុង​ការ​ត្រឡប់​មក​ស្រុក​កំណើត លោក​ក៏​ឲ្យ​ដឹង​ដែរ​អំពី​ទុក្ខ​លំបាក​មួយ​ចំនួន ក្នុង​ដំណើរ​ជីវិត​របស់​លោក ដែល​ត្រូវ​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ​គ្មាន​ពេល​សម្រាក។
លោក ទុន យ៉ាន់ណាក់ និយាយ​ថា ថៅកែ​ទូក​នេសាទ​តែង​បង្ខំ​លោក​ឲ្យ​ធ្វើ​ការ​ដោយ​គ្មាន​ការ​អាណិត​អាសូរ​នោះ​ ឡើយ មិន​តែ​ប៉ុណ្ណោះ ពេល​លោក​អស់​កម្លាំង​ធ្វើ​ការ​លែង​កើត គេ​បង្ខំ​លោក​ឲ្យ​ប្រើ​ថ្នាំ​ញៀន ដើម្បី​មាន​កម្លាំង​ធ្វើ​ការ​បន្ត។
ដោយ​សារ​យល់​ដឹង​ខ្លះៗ ពី​ផល​ប៉ះពាល់​នៃ​ថ្នាំ​ញៀន​នោះ លោក​ប្រកែក​មិន​សេព​គ្រឿង​នោះ តែ​ត្រូវ​ថៅកែ​ប្រើ​កម្មករ​ផ្សេង​ទៀត ដែល​សេព​គ្រឿង​នោះ ឲ្យ​វាយ​រូប​លោក។ លោក​បញ្ជាក់​ថា ដោយ​សារ​លំបាក​ខ្លាំង​ពេក លោក​ព្យាយាម​លួច​រត់​ជាច្រើន​លើក តែ​ត្រូវ​ថៅកែ​ចាប់​បាន និង​វាយ​ធ្វើ​បាប។
ស្រដៀង​គ្នា​នេះ​ដែរ កម្មការិនី​ឈ្មោះ អែម ណេង មាន​ស្រុក​កំណើត​នៅ​ភូមិ​ស្វាយ ឃុំ​ស្វាយពោធិ៍ ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម ដែល​ចាញ់​បោក​គេ​ទៅ​ធ្វើ​អ្នក​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី មាន​ប្រសាសន៍​ទាំង​ទឹក​ភ្នែក​ថា ក្នុង​មួយ​យប់​មួយ​ថ្ងៃ អ្នកស្រី​សម្រាក​បាន ២​ឬ​៣​ម៉ោង។ ក្រៅ​ពី​នោះ អ្នកស្រី​ត្រូវ​គេ​ប្រើ​ឲ្យ​ជូត​ផ្ទះ​ចំនួន​បី ដាច់​ដោយ​ឡែក​ពី​គ្នា និង​ប្រើ​ឲ្យ​បោក​គក់​​គ្មាន​ពេល​ទំនេរ​នោះ​ទេ។
ដោយ​មិន​អាច​ទ្រាំ​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​ម្ចាស់​ផ្ទះ ទី​បំផុត​អ្នកស្រី​សម្រេច​ចិត្ត​រត់​ចេញ​ពី​ផ្ទះ​ថៅកែ​នោះ ហើយ​ត្រូវ​ប៉ូលិស​ចាប់​ដាក់​គុក។ អ្នកស្រី​ឲ្យ​ដឹង​បន្ត​ថា អ្នកស្រី​ធ្លាប់​តែ​លឺ​ថា​ការ​ជាប់​គុក​ត្រូវ​រង​ទុក្ខសោក ផ្ទុយ​ទៅ​វិញ សម្រាប់​អ្នកស្រី​ពេល​ជាប់​គុក​នៅ​ប្រទេស​ម៉ាឡេស៊ី គឺ​ជា​រឿង​សប្បាយ​ចិត្ត​ទៅ​វិញ ព្រោះ​អ្នកស្រី​បាន​ហូប​ចុក​ឆ្អែត មាន​ពេល​សម្រាក ខុស​ស្រឡះ​ពី​កាល​ដែល​អ្នកស្រី​នៅ​ផ្ទះ​ថៅកែ។
កម្មករ​ចំនួន​២៦​នាក់​នោះ អ្នក​ខ្លះ​ត្រូវ​ចាញ់​បោក​ក្រុមហ៊ុន រីឯ​អ្នក​ខ្លះ​ត្រូវ​ចាញ់​បោក​មេ​ខ្យល់។ ក្នុង​ចំណោម​កម្មករ​ទាំង​នោះ មួយ​ចំនួន​ជា​កម្មករ​សំណង់ ខ្លះ​ទៀត​ជា​កម្មករ​បម្រើ​តាម​ផ្ទះ រីឯ​អ្នក​ខ្លះ​ទៀត ជា​កម្មករ​តាម​ទូក​នេសាទ។
អង្គការ​ខារ៉ាម បាន​សង្គ្រោះ​កម្មករ​អន្តោប្រវេសន៍​ទៅ​ធ្វើ​ការ​នៅ​បរទេស​ចំនួន​ប្រមាណ ៤០នាក់ គិត​ចាប់​តាំង​ពី​ដើម​ខែ​មករា មក​ទល់​នឹង​ខែ​សីហា ឆ្នាំ​២០១២ នេះ។ ក្នុង​ពេល​ខាង​មុខ អង្គការ​ខារ៉ាម នឹង​ធានា​ខ្លួន​កម្មករ​មួយ​ចំនួន​ទៀត នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី៕cambodai news

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons